អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ចៅ​ក្រម​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​សំណុំ​រឿង លោក កឹម សុខា​

ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា​នេះ បានប្រកាស​បិទ​​បញ្ចប់​​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​លោក កឹម សុខា ហើយចាប់ពីពេលនេះតទៅ។ សូមម្រាប​ជូន​ថា ចៅ​ក្រម​បានបើក​ការ​ស៊ើបសួរក្នុង​សំណុំ​រឿង​លោក កឹម សុខា ​​អស់រយៈ​ជាង​២ឆ្នាំរួច​មក​ហើយ ​ពោល​គឺ​តាំង​ពេល​ចាប់​ខ្លួន​ប្រធានគណបក្សប្រឆាំង​រូបនេះ​ នៅយប់​ថ្ងៃទី៣កញ្ញា​ឆ្នាំ​២០១៧​មក​ម្ល៉េះ។ 

លោក កឹម សុខា កាលពីពេលថ្មីៗនេះ
លោក កឹម សុខា កាលពីពេលថ្មីៗនេះ @REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​តាម​រយៈ​លិខិត​របស់​លោក គី ឬទ្ធី ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ញើ​ទៅ​កាន់​លោក ផែង ហេង ដែល​ជា​សហមេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា​។ ក្រៅ​ពី​បញ្ជាក់​អំពី​ការ​បិទ​បញ្ចប់​ការ​ស៊ើប​សួរ លិខិត​ចុះ​ថ្ងៃ​ទី​១៥​វិច្ឆិកា​របស់​លោកចៅក្រម គី ឬទ្ធី ពុំ​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​កំណត់​បើក​សវនាការ​សម្រាប់​សំណុំ​រឿង​នេះ​ឡើយ​។

តាម​នីតិ​វិធី ​ចៅ​ក្រម​នឹង​ចេញ​ដីកា​សន្និដ្ឋាន​មួយទៀត​ថា​ តើ​នឹងចាត់​បញ្ជូន​សំណុំរឿង​នេះទៅ​ជំនុំជម្រៈ ​ឬ​ក៏ទម្លាក់​ចោល​បទចោទប្រកាន់​។​ នេះ​បើតាមការ​ពន្យល់​របស់​​លោក ផែង ហេង ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​សុក្រ ទី​១៥​វិច្ឆិកា​នេះ​។ លោក ផែង ហេង បញ្ជាក់ថា ជំហរបស់ លោក កឹម សុខា គឺចង់​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងស្រុង ដោយ​សំអាងថា ​លោកជាមនុស្ស​ស្អាតស្អំ ពោលគឺ​​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុប​ឃិតជាមួយបរទេស​ដើម្បី​រំលំ​រដ្ឋាភិបាលកម្ពុជា​ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះឡើយ។

គួរ​កត់​សម្គាល់​ថា សំណុំ​រឿង​លោក កឹម សុខា មាន​ការ​វិវត្ត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​​បានជាប់​គាំង​អស់​ពេល​យ៉ាង​យូរ​។ កាល​ពី​​ប្រាំ​ថ្ងៃ​មុន ពោល​គឺ​នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា ​​​ចៅក្រម​បាន​សម្រេច​​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួននៃ​នីតិវិធី​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​​អនុញ្ញាតឲ្យ​លោក កឹម សុខា អាចធ្វើ​ដំណើរបាននៅទូ​ទាំង​ប្រទេសកម្ពុជា តែ​ហាម​ចេញ​ក្រៅ​ប្រទេស និង​​​មិន​ឲ្យ​ធ្វើ​នយោបាយ​។ ក្រោយពី​មានការ​បន្ថូរ​បន្ថយ​​លក្ខខណ្ឌមួយចំនួននោះ លោក កឹម សុខា មានឱកាសទទួល​ជួប​តំណាង​ស្ថាន​ទូត​បរទេស​ខាង​លោកសេរីជាបន្ត​បន្ទាប់ ក្នុង​រយៈ​ពេលជិត​មួយ​សប្តាហ៍មកនេះ រួមមាន តំណាង​ស្ថានទូត​បារាំង និង​តាម​ពីក្រោយ​ដោយ​តំណាង​ស្ថានទូតអាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលី ជាដើម។ ប៉ុន្តែខ្លឹមសារនៃ​​ជំនួប​ទាំងអស់នោះ ត្រូវ​បាន​មនុស្ស​ជំនិត​របស់​លោក កឹម សុខា បង្ហើប​ប្រាប់​ថា ជា​ការ​សួរ​សុខ​ទុក្ខ​ធម្មតា មិន​មាន​ការ​ជជែក​ពី​រឿង​នយោបាយ​ឡើយ ដោយ​សារតែ​ជាប់​បំរាម​របស់​តុលាការ​។

លោក កឹម សុខា ត្រូវបានចាប់ខ្លួន​នៅពាក់កណ្តាលយប់​ថ្ងៃទី៣​កញ្ញាឆ្នាំ​២០១៧​ហើយ​បញ្ជួនទៅឃុំខ្លួនភ្លាមៗ ​នៅពន្ធនាគារ​ត្រពាំង​ផ្លុង​មួយឆ្នាំ បន្ទាប់មកចៅក្រម​បានប្តូរពីការ​ឃុំខ្លួន​ក្នុងពន្ធនាគារ​ដោយ​ឲ្យមករស់​នៅតែ​ក្នុងផ្ទះ​រយៈពេល​ជាង​មួយ​ឆ្នាំទៀត ទើបតែ​ត្រូវបាន​ចៅក្រម​ដដែល​ បន្ថូរ​បន្ថយ​លក្ខខណ្ឌនៃ​ការ​រស់​នៅ​ក្នុង​ផ្ទះ​ ដោយអនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី១០​ខែ​វិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ