អានតួអត្ថបទ
កម្ពុជា

​អ្នក​ឃ្លាំ​មើល​៖ តំណែង​ប្រធាន​បក្ស​ប្រឆាំង​ទំនង​ជា​ធ្លាក់​ទៅ​លើ​លោក កឹម សុខា ​ចៀស​មិន​ផុត

នា​ថ្ងៃ​ទី​២​ខែ​មីនា សប្ដាហ៍​ក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​សមាជ​វិសាមញ្ញ​ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធាន​និង​អនុប្រធាន​គណបក្ស​។ ការ​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​នៃ​បក្ស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី លាលែង​ចេញ​ពី​តំណែង​ប្រធាន​បក្ស កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​កន្លង​ទៅ​។រហូត​មក​ទល់​ពេល​នេះ មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទាន់​ដឹង​ទេ​ថា នរណា​នឹង​ក្លាយ​ទៅ​ជា​ប្រធាន​គណបក្ស ​បន្ទាប់​ពី​លោក សម រង្ស៊ី​។ ប៉ុន្តែ​សម្រាប់​អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ តំណែង​ប្រធាន​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ទំនង​ជាត្រូវ​​ធ្លាក់​ទៅ​លើ​លោក កឹម សុខា ដោយ​ចៀស​មិន​ផុត​។

លោក​ កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ​ក្នុង​ពេល​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុង ​ស្រុក ​នៃ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២២ ​មករា​ ឆ្នាំ​២០១៧​។​
លោក​ កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ​ក្នុង​ពេល​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុង ​ស្រុក ​នៃ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២២ ​មករា​ ឆ្នាំ​២០១៧​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​លោក សម រង្ស៊ី លា​លែង​ពី​តំណែង​ ​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​ដែល​គិតគូរ​ពី​ការ​រៀបចំ​ប្រធាន​ថ្មី​ជំនួស​តំណែង​លោក សម រង្ស៊ី ទេ​ ដោយ​យោង​តាម​លក្ខន្តិកៈ​គណបក្ស​។ ជាលក្ខន្តិកៈ​ដែល​ចែង​ថា បើ​កាល​ណា​ប្រធាន​បក្ស​លាលែង​ក្នុង​រយៈ​ពេល​មួយ​តិច​ជាង​១៨​ខែ គិត​ទៅ​ដល់​ថ្ងៃ​សមាជ​ថ្មី​នៅ​ថ្ងៃ​ទី​៧​មេសា នោះ​អនុប្រធាន​នឹង​ក្លាយ​ជា​ប្រធាន​ស្ដី​ទី​។ ប៉ុន្តែឥឡូវ​នេះ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​សម្រេច​រៀបចំ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើស​តាំង​ប្រធាន​និង​អនុ​ប្រធាន​ថ្មី​ ដោយ​យោង​តាម​កាលៈទេសៈ និង​ស្ថានការណ៍​ចាប់​បង្ខំ​ ខណៈ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ចែង​ថា នៅ​ពេល​ប្រធាន​បក្ស​លា​ឈប់ គណបក្ស​នយោបាយ​ត្រូវ​ចាត់​នីតិវិធី​ដើម្បី​ជំនួស​តំណែង​ប្រធាន​បក្ស​នោះ ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៩០​ថ្ងៃ​។

គួរ​កត់​សម្គាល់​ថា រហូត​មក​ទល់​ពេល​នេះ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទាន់​ដឹង​ទេ​ថា នរណា​នឹង​ក្លាយ​ទៅ​ជា​ប្រធាន​គណបក្ស ​បន្ទាប់​ពី​លោក សម រង្ស៊ី​។ គេ​គ្រាន់​តែ​ដឹង​ថា ដើម្បី​អាច​ក្លាយ​ជា​ប្រធាន​បក្ស​បាន ឥស្សរជន​នយោបាយ​ត្រូវ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​រក​សំឡេង​គាំទ្រ​២​ដំណាក់​កាល​។ ទី​១ ការ​គាំទ្រ​១​ភាគ​៣ ពី​គណកម្មការ​នាយក​គណបក្ស ដើម្បី​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​​។ និង​ទី​២ នៅ​ពេល​ក្លាយ​ជា​បេក្ខជន​ប្រធាន​បក្ស​ហើយ​ ត្រូវ​ទទួល​បាន​ការគាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​ពី​សមាជ​គណបក្ស​។ នេះ​បើ​តាម​លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ និង​ជា​មន្ដ្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង។

ចំពោះ​រចនាសម្ព័ន្ធថ្នាក់​​ដឹក​នាំ​បក្ស ថា​តើ​នឹង​រក្សា​ទម្រង់​ប្រធាន​ម្នាក់ អនុ​ប្រធាន​ម្នាក់ ដូច​ពី​មុន​ឬ​យ៉ាង​ណា លោក អេង ឆៃអ៊ាង មិន​អាច​បំភ្លឺ​បាន​ទេ​។ លោក​ថា ការ​រៀបចំ​​ក្បាល​ម៉ាស៊ីន​ដឹក​នាំ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​សមាជ​វិសាមញ្ញ​តែ​ម្ដង ដោយ​យោង​ទៅ​តាម​​ស្ថានការណ៍​នយោបាយ​។

សូម​ជម្រាប​ថា ការ​រៀបចំ​សមាជ​វិសាមញ្ញ​របស់​បក្ស​ប្រឆាំង​ដើម្បី​ជ្រើស​រើស​ប្រធាន​និង​អនុ​ប្រធាន​បក្ស​ថ្មី​នា​ពេល​នេះ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​លេចឮ​ថា បក្ស​ប្រឆាំង​នឹង​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី ក្រោម​រូបមន្ត​ប្រធាន​១ អនុ​ប្រធាន​៣៖ ក្នុង​នោះ លោក កឹម សុខា ជា​ប្រធាន អម​ដោយ​អនុ​ប្រធាន​ចំនួន​៣​រូប គឺ​លោក​ស្រី ជូឡុង ស៊ូមូរ៉ា លោក យឹម សុវណ្ណ និង​លោក ប៉ុល ហំម​។ នេះ​បើ​តាម​​ព័ត៌មាន​ចចាម​អារាម ដែល​មន្ដ្រី​ជាន់​ខ្ពស់​​​​គណបក្ស​ប្រឆាំង ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។

យ៉ាង​ណា​ក៏​ដោយ ​អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ​ប្រមើល​មើល​ឃើញ​ថា តំណែង​ប្រធាន​បក្សសង្គ្រោះ​ជាតិ​បន្ទាប់​ពី​លោក សម រង្ស៊ី ទំនង​ជាត្រូវ​​ធ្លាក់​ទៅ​លើ​លោក កឹម សុខា ដោយ​ចៀស​មិន​ផុត​។ សម្រាប់​លោក សូរ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក កឹម សុខា គឺ​ជា​តួ​អង្គ​ដ៏​សក្តិសម មានប្រជាប្រិយភាព មាន​​ឥទ្ធិពល និង​ដែល​ត្រូវ​បាន​ផ្ដល់​តម្លៃ ទាំង​នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស និង​ទាំង​សម្រាប់​មជ្ឈដ្ឋាន​ទូទៅ​។ បើ​ទោះ​បី​ជា​ លោក កឹម សុខា កំពុង​រង​បណ្ដឹង​នៅ​តុលាការ​ក៏​ដោយ ប៉ុន្តែ​លោក សូរ ចន្ថា យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​ផ្ដោត​លើ​បញ្ហា​នេះ​ពេក​ទេ​ ហើយ​គួរ​យក​ពេល​វេលា​ពង្រឹង​គោលនយោបាយ​នៅ​តាម​មូលដ្ឋាន​ឲ្យ​ច្រើន ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​មែន​ទែន​ហើយ​៕​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ