អានតួអត្ថបទ
កម្ពុជា

គណបក្ស​​សង្គ្រោះ​ជាតិ​​កោះ​​ប្រជុំ​​គណៈអចិន្ត្រៃយ៍ ​​២៤​​ម៉ោង​​ក្រោយ​​ការ​​លាលែង​​របស់​​លោក​ សម រង្ស៊ី​​

សមាជិក​​គណៈកម្មាធិកា​រ​​អចិន្ត្រៃយ៍​​គណបក្ស​​សង្គ្រោះ​ជាតិ ​បាន​​កោះ​ប្រជុំ​​បន្ទាន់​​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ ​ពោល​គឺ​​នៅ​២៤​ម៉ោង​​ក្រោយ​ពី​​ការ​ប្រកាស​​លាលែង​​តំណែង​​ជា​​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​របស់​លោក ​សម រង្ស៊ី​។ ​កិច្ចប្រជុំ​​នៅ​ថ្ងៃ​នេះ ​អាច​​លើក​ឡើង​​ពី​​លទ្ធភាព​​នៃ​​បេក្ខភាព​​ថ្មី​​ដែល​​នឹង​​ក្លាយ​ជា​​ប្រធាន​​គណបក្ស​ប្រឆាំង ​បន្ត​​ពី​​លោក ​សម រង្ស៊ី​។

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ​និង​លោក កឹម សុខា ​ជា​អនុប្រធាន​ពិភាក្សា​គ្នា​នៅ​ក្នុង​វេទិការ​នា​ពេល​កន្លង​មក​។​
លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ​និង​លោក កឹម សុខា ​ជា​អនុប្រធាន​ពិភាក្សា​គ្នា​នៅ​ក្នុង​វេទិការ​នា​ពេល​កន្លង​មក​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

 

          កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​នៅឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១២កុម្ភៈ​នេះ ដោយមាន​ការចូលរួម​ពី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។ កិច្ចប្រជុំ​ជាបន្ទាន់​នេះ បានធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ​​ក្រោយ​ពី​ការប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី ដ៏​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល កាលពី​ល្ងាច​ថ្ងៃ​សៅ​រិ៍ ទី១១កុម្ភៈ ឆ្នាំ២០១៧នេះ។

លោក សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា កិច្ចប្រជុំ​នៅថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យមើល​ពី​មូលហេតុ​ពិត​ប្រាកដ​​នៃ​​ការ​លាឈប់​​របស់​លោក សម រង្ស៊ី ​និង​​សម្រេច​​ថា​​តើ ​ត្រូវ​អនុវត្ត​​ទៅ​តាម​​សំណើ​​របស់​​លោក ​សម រង្ស៊ី ​ឬ​​យ៉ាង​ណា​? ​នៅ​​ចំពោះ​មុខ​​នេះ​ លោក ​សុន ឆ័យ ​បាន​ច្រាន​ចោល​​ចំពោះ​​​​ការ​​អះអាង​ថា កិច្ចប្រជុំ​របស់​គណៈអចិន្ត្រៃយ៍​គណបក្ស​នៅថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យ​ជ្រើស​រើស​​​បេក្ខភាព​​ថ្មី ដើម្បី​ជំនួស​​តំណែង​​លោក សម រង្ស៊ី​។ ​បើ​តាម​​ប្រធាន​​ក្រុម​តំណាង​រាស្ត្រ​​បក្ស​​ប្រឆាំង​​រូប​នេះ​​​ថា ​គណបក្ស​​នៅ​មិនទាន់​ពិនិត្យ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​សមាជិកភាព​របស់​គណ​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី១១កុម្ភៈ ដោយ​សា​មូលហេតុ​ផ្ទាល់ខ្លួន។ ប៉ុន្តែ​អ្នកវិភាគ​បាន​លើកឡើងថា គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ហាមឃាត់​អ្នក​ជាប់ទោស​មិន​ឲ្យ​ធ្វើជា​ប្រធាន ឬ អនុប្រធាន​គណបក្ស គឺជា​ដំណើរ​ឆ្ពោះទៅរក​ការរំលាយ​គណបក្សប្រឆាំង​របស់លោក សម រង្ស៊ី ខណៈ​ដែល​ប្រធាន​គណបក្សប្រឆាំង​រូបនេះ កំពុង​រង​បណ្តឹង​ជាច្រើន​ករណី​នៅឯ​តុលាការ។ លោក​សម រង្ស៊ី ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក​អមដោយ​លិខិត​លាលែង​របស់​លោក​​កាលពី​ថ្ងៃទី១១កុម្ភៈ​ថា “គ្រប់​កាលៈទេសៈ លោក​នៅតែ​រក្សា​ឧ​ត្ត​ម​គតិ​សង្គ្រោះ​ជាតិ​ជានិច្ច នៅក្នុង​បេះដូង​របស់លោក។

គួរ​ជំរាបជូន​ដែរ​ថា ភ្លាមៗក្រោយពី​លិខិត​លាលែង​របស់លោក សម រង្ស៊ី ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ ក៏មាន​លេចចេញ​លិខិត​របស់លោក សម រង្ស៊ី មួយទៀត ដែល​បាន​ជំរាប​ជូន​​លោក កឹម សុខា ឲ្យ​តែងតាំង​លោកស្រី ជូ​ឡុង ស៊ូ​ម៉ូ​រ៉ា ភរិយា​របស់លោក ធ្វើជា​ប្រធាន​គណបក្ស​ថ្មី​ជំនួស​លោក សម រង្ស៊ី។ ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ជា​លិខិត​​ក្លែងក្លាយ។

យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ហៅ​ការ​សម្រេច​ចិត្ត​​របស់លោក សម រង្ស៊ី នេះ​ថា គឺជា​ការសម្រេចចិត្ត​ប្រកបដោយ​កិត្តិយស និង​ដោយមាន​ការ​ពិគ្រោះ​​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស ដើម្បី​ផលប្រយោជន៍​ជាតិ និង​គណបក្ស​ជាធំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ