អានតួអត្ថបទ
កម្ពុជា

សហគមន៍​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លើក​៥ចំណុច​ទៅ​ជជែក​ជាមួយ​វៀតណាម​

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ដឹកនាំ​ដោយ​លោក​ថាច់ សេដ្ឋា ​បាន​អំពាវនាវ​ឲ្យ​ប្រ​មុខ​រដ្ឋាភិបាល​កម្ពុជា​លើក​យក​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ខ្មែរកម្ពុជា​ក្រោម​ទៅ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​វៀតណាម​ លោក​ទ្រឿង ​តាំងសាង ​ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ ២ថ្ងៃ​នៅ​សប្តាហ៍​ក្រោយ​នៅ​កម្ពុជា​។ ​លិខិត​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​​សុក្រ​ សហគមន៍​ខ្មែរកម្ពុជាក្រោម​បាន​លើកឡើង​ពី​ការ​ទទួល​ស្គាល់​បញ្ហា​ប្រវត្តិសាស្ត្រ​កម្ពុជាក្រោម​របស់​ប្រទេស​វៀតណាម​ ការ​សុំ​ឲ្យ​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម​ និង​សុំ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញលេញផ​ងដែរ​។​

លោក​ថាច់​ សេដ្ឋា​​ មេដឹកនាំ​​បាតុកម្ម​​ប្រឆាំង​​ស្ថានទូត​​វៀត​ណា​ម​នា​ពេល​កន្លង​មក​​
លោក​ថាច់​ សេដ្ឋា​​ មេដឹកនាំ​​បាតុកម្ម​​ប្រឆាំង​​ស្ថានទូត​​វៀត​ណា​ម​នា​ពេល​កន្លង​មក​​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​កាលពី​ម្សិលមិញ បានស្នើ​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​លើកយក​បញ្ហា​មួយចំនួន ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​កំពូល​វៀតណាម ខណៈដែល​លោក​ទ្រឿ​ង តឹង​សាង ប្រធានាធិបតី​វៀតណាម​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ខាងមុខ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី២៣ធ្នូ​ឆ្នាំ២០១៤។

នៅក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី១៨ធ្នូ ហើយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ទទូច​សុំ​លោក​ហ៊ុន សែន លើកយក​បញ្ហា​ចំនួន៥មក​និយាយ​ជាមួយប្រធានាធិបតី​​វៀតណាម។

បញ្ហា​ទាំងនោះ​រួមមាន​ការស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវតែ​សុំទោស​ប្រជារាស្ត្រ​ខ្មែរ​ជា​សាធារណៈ​និង​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​លាយលក្ខណ៍អក្សរ។ ទី២គឺ​សុំ​ឲ្យ   វៀតណាម​ដោះលែង​ព្រះសង្ឃ​ពីរ​អង្គ​និង​ពលរដ្ឋ​ខ្មែរក្រោម៦នាក់​ដែល​អាជ្ញាធរ វៀតណាម កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី១០ខែ​ទៅ៦ឆ្នាំ។ ទី៣ ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ ជាពិសេស​សិទ្ធិ​ជនជាតិដើម​ចំពោះ​ខ្មែរក្រោម ក្នុងនោះ​មាន​សិទ្ធិក្នុងការ​សិក្សា​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ សិទ្ធិ​បង្កើត​អង្គការ-សមាគម សិទ្ធិ​នយោបាយ ។ល។  ទី៤ ស្នើ​ឲ្យ​ពុទ្ធ​សាសន​បណ្ឌិត​រង​ដែលមាន​ទីស្នាក់ការ​នៅ​ខេត្ត​ឃ្លាំង​ដំណើរការ​ឡើង​វិញ និង​ទី៥ ស្នើ​ដាក់​ពុទ្ធសាសនា​ខ្មែរ​នៅ«ឯករាជ្យ»ដូច​សម័យកាល​គ្រប់​របប​នយោបាយ​រប​ស់ប្រទេស​​វៀតណាម​មុន។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃទី១៨ធ្នូ​ឆ្នាំ២០១៤ បង្ហាញថា លោក ទ្រឿ​ង តឹង​សាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា សីហមុនី នឹង​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២៣ និង២៤ ធ្នូ។

តាម​គម្រោង​លោក ទ្រឿ​ង តឹង​សាង នឹង​ចូល​បង្គំ​គាល់​ព្រះករុណា សីហមុនី ជួប​ជាមួយ​លោក ហេង សំរិន ប្រធានរដ្ឋសភា ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​លោក សាយ ឈុំ អនុប្រធាន​ទី១ព្រឹទ្ធសភា នឹង​ចុងក្រោយ​ចូល​ថ្វាយបង្គុំ​សម្តេច​សង្ឃ​កម្ពុជា​ទាំងពីរ​គណៈ។

ដោយឡែក​ចំពោះ​ប្រធានបទ​ដែល​នឹងត្រូវ​លើកយក​មក​ពិភាក្សា​នៅក្នុង​ជំនួប​ជា​បន្តបន្ទាប់ ជាពិសេស​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ