អានតួអត្ថបទ
កម្ពុជា

សវនាការ​លើ​សំណុំ​រឿង ០០២​វគ្គ​២ ត្រូវ​បាន​ផ្អាក​ជា​ថ្មី​ដោយ​សារ​ខៀវ សំផន ចូល​ពេទ្យ

សវនាការ​នៅ​តុលាការ​ខ្មែរក្រហម លើ​សំណុំរឿង ០០២ វគ្គ២ ត្រូវបាន​ផ្អាក​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ៩មករា​នេះ បន្ទាប់ពី​ជនជាប់ចោទ​ខៀវ សំផន​មាន​បញ្ហា​សុខភាព។ នៅ​ព្រឹក​មិញ​នេះ សវនាការ​បាន​បើក​ធ្វើ​បានតែ ១០ ប៉ុណ្ណោះ​ក៏ត្រូវ​បាន​ចៅក្រម​ប្រកា​សបិទ​នៅ​វិញ​ពីព្រោះ​តែ​លោក ខៀវ សំផន មិនអាច​ចេញពី​មន្ទីរពេទ្យ​បាន។

លោក​ ខៀវ ​សំផន ​ពេល​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី ​០៧ ​សីហា ​ឆ្នាំ ​២០១៤​។​
លោក​ ខៀវ ​សំផន ​ពេល​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី ​០៧ ​សីហា ​ឆ្នាំ ​២០១៤​។​ @ECCC
ផ្សាយពាណិជ្ជកម្ម

សវនាការ​លើ​សំណុំរឿង ០០២ វគ្គ២ ដែលជា​កាត់ទោស​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ចាស់ជរា​ពីររូប គឺ​ខៀវ សំផន និង​នួន ជា ត្រូវបាន​ផ្អាក​ជាថ្មី បន្ទាប់ពី​លោក​ខៀវ សំផន មាន​បញ្ហា​សុខភាព ឡើង​សម្ពាធ​ឈាម​ខ្ពស់។

 

កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​បង្ហាញ​វត្តមាន​នៅក្នុង​សវ​ការ​ពេញ​មួយ​ព្រឹក​រួចមក ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា លោក​ខៀវ សំផន​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ រួច​បាន​បញ្ជូន​ជនជាប់ចោទ​រូបនេះ​ទៅកាន់​មន្ទីរពេទ្យ​មិ​ត្តិ​ភាព​ខ្មែរ​សូ​វៀត​ជាបន្ទាន់។ លោក​ចៅក្រម និល ណុន​ក៏បាន​ប្រកាស​ផ្អាក​សវនាការ​នៅ​ម៉ោង ជិត២រសៀល។ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សវនាការ​ក៏បាន​បន្ត​បើក​ជាថ្មី ដោយ​សង្ឃឹមថា លោក​ខៀវ សំផន អាច​ចេញពី​មន្ទីរពេទ្យ​វិញ ប៉ុន្តែ គ្រូពេទ្យ​មិនទាន់​អនុញ្ញាត​ឲ្យ​ចេញ​នៅឡើយ​ទេ។

ដោយឡែក​ជនជាប់ចោទ​នួន ជា ពុំមាន​បញ្ហា​សុខភាព​នោះទេ ដោយ​លោក​បានបង្ហាញ​វត្តមាន​នៅក្នុង​បន្ទប់​សវនាការ​ទាំង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ។ រហូតមក​ទល់នឹង​ពេលនេះ លោក​ខៀវ សំផន មាន​អាយុ ៨៤ឆ្នាំ​ហើយ ហើយ​លោក​នួន ជា មាន​អាយុ ៨៨ឆ្នាំ។

លោក​នេត្រ ភ័ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ចៅក្រម​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​តែងតាំង​ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​ពីរ​នាក់​ដើម្បី​ពិនិត្យ​សុខភាព បញ្ញា​ស្មារតី និង​កាយ​សម្បទា របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​សារ​ឡើង​វិញ ហើយ​លទ្ធផល​​សម្រេច​នឹង​ចេញ​នៅ​ចុង​ខែ​មករា​នេះ។ ការ​ពិនិត្យ​នេះ គឺ​ដើម្បី​បញ្ជាក់​ថា​តើ ជន​ជាប់​ចោទ​ទាំងពីរ អាច​មាន​សុខភាព​ល្អ​ប្រក្រតី ដើម្បី​បង្ហាញ​វត្តមាន នៅ​ពេល​បើក​សវនាការ​ដែរ​ឬ​ទេ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២​នេះ ខៀវ សំផន និង​នួន ជា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​ចាម និង​វៀតណាម បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ កន្លង​មក​សវនាការ​នេះ ត្រូវ​បាន​ផ្អាក​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៤​មក ដោយ​សារ​តែ​មេធាវី​ការពារ​ក្តី ខៀវ​សំផន មិន​ចូលរួម​សវនាការ ព្រោះ​ជាប់​រវល់​នឹង​សារណា លើ​បណ្តឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ