អានតួអត្ថបទ
កម្ពុជា

សាលា​ដំបូង​ច្រាន​ចោល​ការ​សុំ​លើក​ពេល​សវនាការ​របស់​លោក គឹម សុខ

ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​យល់​ព្រម​តាម​ការ​ស្នើ​សុំ​ពន្យារ​ពេល​សវនាការ​​តាម​សំណើរ​របស់​លោក គឹម​សុខ នោះ​ទេ។ នេះ​គឺ​ជា​ការ​បដិសេធ​ភ្លាមៗ​បន្ទាប់​ពី​លោក គឹម សុខ នៅ​ព្រឹក​ ថ្ងៃ​ទី ១៦ កុម្ភៈ​នេះ​បាន​ស្នើ​សុំ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សំណុំ​រឿង​ប្ដឹង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សវនាការ​នេះ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៧​ខែ​កុម្ភៈ។ ខណៈ​បណ្ដឹង​ទី​មួយ​មិន​ទាន់​បាន​ដំណើរ​ការ​ផង លោក គឹម សុខ បាន​រង​បណ្ដឹង​ថ្មី​មួយ​ករណី​ទៀត​ពី​ដើម​បណ្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គម​។​
លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គម​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

ព្រះ​រាជ​អាជ្ញារង​លោក សៀង សុខ មិន​បាន​បញ្ជាក់​ពី​មូល​នៃ​ការ​បដិសេធ​លើ​សំណើរ​សុំ​លើក​ពេល​សវនាការ​របស់​លោក គឹម សុខ នោះ​ទេ​ដោយ​គ្រាន់​តែ​ចារ​បន្ថែម​លើ​លិខិត​របស់​លោក គឹម សុខ ដែល​មាន​ស្រាប់​ថា«យើង សៀង សុខ មិន​អនុញ្ញាត​លើ​ការ​ស្នើ​សុំ​នេះ​ទេ​ សាមី​ខ្លួន​ត្រូវ​តែ​ចូល​មក​កាន់​អយ្យការ តាម​កាល​កំណត់»។

ថ្លែង​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី ១៦​កុម្ភៈ​នេះ​លោក គឹម សុខ អ្នក​វិភាគ​សង្គម​ និង​នយោបាយ​អះ​អាង​ថា មូល​ហេតុ​នៃ​ការ​ពន្យារ​ពេល ដោយ​សារ​តែ​លោក​រក​មេធាវី​ការពារ​ក្ដី​ដែល​មិន​យក​ថ្លៃ​សេវា​មិន​ទាន់​បាន។ លោក គឹម សុខ បាន​បង្ហើប​ទៀត​ថា មាន​ការ​សុំ​ជួប​ចរចា​ដោយ​សម្ងាត់​រវាង​លោក​ជាមួយ​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​បញ្ហា​នេះ។  

ជា​ថ្មី​ទៀត​លោក គឹម សុខ បាន​បង្ហាញ​ជំហរ​មិន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស និង​នៅ​តតាំង​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ផ្លូវ​តុលាការ។ ហើយ​លោក គឹម សុខ មិន​ដូរ​ដាច់​ខាត​នូវ​ជំហរ​អត្ថាធិប្បាយ រឿង​សង្គម​ និង​នយោបាយ ទោះ​មាន​បណ្ដឹង ១០០​ទៀត ត្រូវ​គេ​ដាក់​ទម្លាក់​សង្កត់​លើ​រូប​លោក​ក៏​ដោយ។

សូម​បញ្ជាក់​ថា មេធាវី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដឹង​លោក​គឹម សុខ ទាម​ទារ​សំណង់​ជំងឺ​ចិត្ត ៥០​ម៉ឺន​ដុល្លារ​ទាក់​ទង​ការ​ធ្វើ​អធិប្បាយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី​ ។ តាម​រយៈ​ដីកា​កោះ​ហៅ​លោក គឹម សុខ ព្រះ​រាជអាជ្ញា​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ច្រក​ព្រំ​ដែន​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស និង ហាម​ឃាត់​ឈ្មោះ គឹម សុខ ជា​ជន​សង្ស័យ​មិន​ឲ្យ​ទៅ​ក្រៅ​ប្រទេស។

ដោយ​ឡែក​ បន្ថែម​ពី​លើ​បណ្ដឹង​ទាម​ទារ​សំណង់​ជំងឺ​ចិត្ត ៥០​ម៉ឺន​ដុល្លារ​នេះ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដឹងលោក គឹម សុខ មួយករណីថ្មីបន្ថែមទៀតពីបទ ចោទរដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រកមុខឃាតកមិនឃើញដោយទាមទារសំណងជំងឺចិត្ត១០លានរៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ