អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​តំបន់​កូន​កុក មិន​ព្រម​ចាក​ចេញ​ពី​ដី​ទេទោះបី​ជា​ឲ្យ​លុយ​ក្តី

ប្រជាពលរដ្ឋ​នៅ​តំបន់​កូន​កុក ​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ​Union Development group ដែល​បាន​យក​គ្រឿងចក្រ​កាយ​ប្រឡាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ដំណាំ​របស់​ប្រជាជន។ លោក​អភិបាល​ស្រុក​គិរីសាគរ ឃឹម ចន្ទឌី ប្រាប់វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ថា​ពលរដ្ឋ​មិន​អាច​តាំង​ទី​លំនៅ​នៅ​តំបន់​កូន​កុក​នោះ​ទេ​ ដោយ​ដី​ត្រូវ​អភិវឌ្ឍ​ហើយ​ថា​គួរ​តែ​មាន​ដំណោះ​ស្រាយ​ផ្សេង។ ប៉ុន្តែ​តំណាង​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ជំហរ​ថាពលរដ្ឋ​ទាំង​នោះ​ មិន​ព្រម​ចាក​ចេញ​ពី​ដី​ទេ ទោះ​បី​ជា​ផ្តល់​សំណង​ជា​ប្រាក់​ក្តី។​

ក្រុមប្រជាពលរដ្ឋ នៅតំបន់ កូនកុក ឃុំកោះស្តេច ស្រុក គិរីសាគរ ខេត្តកោះកុង ដែលបានប្រមូលផ្តុំគ្នា បណ្តេញគ្រឿងចក្ររបស់ក្រុមហ៊ុនចិន ពេលចូលទៅកាយប្រឡាយ ក្នុងភូមិរបស់ពួកគេ កំពុងរស់នៅ។
ក្រុមប្រជាពលរដ្ឋ នៅតំបន់ កូនកុក ឃុំកោះស្តេច ស្រុក គិរីសាគរ ខេត្តកោះកុង ដែលបានប្រមូលផ្តុំគ្នា បណ្តេញគ្រឿងចក្ររបស់ក្រុមហ៊ុនចិន ពេលចូលទៅកាយប្រឡាយ ក្នុងភូមិរបស់ពួកគេ កំពុងរស់នៅ។ @Kongchit IN
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រជាជន​នៅ​តំបន់​កូន​កុកស្រុក​គិរីសាគរ ខេត្ត​កោះកុង​ ប្រមាណ​ជា​៥០​នាក់​​ដែល​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Union Development group ​បាន​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​ទំនាស់​ដី​ធ្លី។​

​អភិបាល​ស្រុក​គិរីសាគរ លោក ​ឃឹម ចន្ទ​ឌី បាន​ឲ្យ​ដឹង​ថាបញ្ហា​នេះ​ប៉ះពាល់​ដល់​ប្រជាជន​១៨​គ្រួសារ​ ក្នុង​នោះ​មាន​២គ្រួសារ​ជា​ជន​ចំណូល​ថ្មី​ដែល​ទៅ​រានកាប់​ឆ្ការ​ព្រៃយក​ដី​ស្នាក់​នៅ។ បើ​តាម​លោក​ ចន្ទ​ឌី លំនៅ​ដ្ឋាន​ទាំង​១៨គ្រួសារ​នោះ​ខ្លះ​មាន​តែ​ដំបូល​ខ្លះ​គ្មាន​ជញ្ជាំង​ផង​ហើយ​ទៀត​ខ្លះ​គ្រាន់​តែ​បោះ​សសរ​តែ​ប៉ុណ្ណោះ។ លោកថា​​ដីភូមិ​តំបន់​កូន​កុក​នោះ​មិន​អាច​ឲ្យ​តាំង​ទី​លំនៅ​បាន​ទេព្រោះ​ក្រសួង​បរិស្ថាន​បាន​ធ្វើ​សម្បទាន​ឲ្យ​ក្រុម​ហ៊ុន​ Union Development group ដើម្បី​អភិវឌ្ឍ​គម្រោង​ទឹក​ស្អាតនិង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី។ ទោះ​យ៉ាង​ណា​ក្តី លោក​ ឃឹម ចន្ទឌី បញ្ជាក់​ថា​ នឹង​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត ហើយ​ពេល​នេះ លោក​បាន​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​ថា​ឲ្យ​ក្រុមហ៊ុន​​ចិន​នោះ បញ្ឈប់​សកម្មភាព​របស់​គេ​សិន។​

តំណាង​ប្រជា​​ពលរដ្ឋ​លោក​ ទឹម ទុយ ប្រាប់វិទ្យុ​បារាំងថា​ គម្រោងរបស់​ក្រុម​ហ៊ុនចិន​នៅ​តំបន់​កូនកុក​នេះ​ ប៉ះពាល់​ដល់​ដល់​ប្រជាពលរដ្ឋ​​ជាង​៥០គ្រួសារឯណោះ គឺ​ទាំងអ្នក​នៅ​លើ​​និង​ក្រោម​ប្រឡាយ។ លោក​ ទឹម ទុយ បាន​អះអាង​ថា​ ពួក​គេ​នៅ​ទី​​នោះមិន​ព្រម​ចាក​ចេញនោះ​ទេទោះ​បី​ជា​ផ្តល់​សំណង​លុយ​កាក់​​ក្តី​។​

ជាមួយ​គ្នា​នេះ លោក អ៊ិន គង់​ជិត មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​ ដែល​បាន​តាម​ដាន​ដំណើរ​រឿង​នេះ បាន​ប្រាប់​វិទ្យុបារាំង​បន្ថែមថា ពលរដ្ឋ​ដែល​នៅ​ភូមិ​រង​ការ​ប៉ះពាល់​ទាំង​នោះ បាន​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ចិន អភិវឌ្ឍ​ដោយ​ឃ្វាង​ចេញ​ពីដី​សម្រាប់​កសិកម្ម​និង​លំនៅ​ដ្ឋាន​របស់​ពួក​គេ។ លោក អ៊ិន គង់​ជិត បាន​បញ្ជាក់ថា ពល​រដ្ឋ​​ខ្លះ​ គឺ​អ្នក​ភូមិ​ចាស់និង​ជា​អតី​ត​ខ្មែរក្រហម​ ដែល​បាន​កាន់កាប់​ដី​យូរ​ណាស់​មក​ហើយ​។ គួរ​ជម្រាប​ជូនថា ក្រុម​ហ៊ុន​ Union Development group បាន​អនុវត្ត​គម្រោង​តាំងពី​ឆ្នាំ​២០១០ នៅ​ស្រុក​បទុម​សាគរ​និង​គិរីសាគរ​ ហើយ​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ពលរដ្ឋ​៥ឃុំ មាន​១១៦៣គ្រួសារ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​៣១៨តែប៉ុណ្ណោះ ដែលបន្ត​ក្រាន់​ននៀល​ទ្រាំ​​នៅ​លើ​ដី​នោះ​ដដែល​ តែ​ជាង​៧០០​គ្រួសារ​ផ្សេង​​ទៀត បានត្រូវ​​ជម្លៀស​ចេញ​ទាំងបង្ខំទៅ​ភូមិ​ថ្មី ដែល​នៅ​ខ្វះ​ខាត​​សេវកម្ម​ និង​មិន​អាច​ប្រកប​ជីវភាព​ដូច​មុន​ទៀត​។​

សូម​បញ្ជាក់ថា នៅ​ខេត្ត​កោះ​កុង​ ពេល​កន្លងទៅ​ ក្រុម​ហ៊ុន​ Union Development Group បាន​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ នៅស្រុក​​បទុមសាគរ និង​ស្រុក​គិរីសាគរ ហើយ​បាន​ឈាន​ដល់​ការ​បណ្តេញ​ប្រជាជនចេញពី​លំនៅដ្ឋាន​ ​ឈូសឆាយ​និង​ដុតបំ​ផ្លាញ​ផ្ទះ​របស់​ប្រ​ជា​ពល​រដ្ឋ​អស់​ជា​ច្រើន​​ខ្នងទៀត​ផង​។ នៅ​ថ្ងៃអាទិត្យ​នេះ វិទ្យុបារាំង​​ RFI មិន​បាន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​​ណា​មួយ​ពី​សំណាក់​​ក្រុមហ៊ុន​ចិន​ Union Development group បាន​នៅឡើយ​ទេ​ដោយ​សារ​​ទូរសព្ទ​គ្មាន​អ្នក​ទទួល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ