សហភាពសហជីពកម្ពុជា៖ ច្បាប់ថ្មីស្តីពីការងារបើកឱកាសឲ្យថៅកែរួចផុតពីកាតព្វកិច្ច
សហភាពសហជីពកម្ពុជា របស់ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍មួយម្សិលមិញ ដោយសម្តែងពីកង្វល់ចំពោះវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ។ វិសោធនកម្មច្បាប់ស្តីពីការងារត្រូវបានរដ្ឋសភាអនុម័តកាលពីដើមខែមិថុនានេះ ដែលសហជីពអះអាងថាបានបើកឱកាសឲ្យនិយោជកឬថៅកែ រួចផុតពីកាតព្វកិច្ច ទទួលខុសត្រូវចំពោះកម្មករ និយោជិត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃ១២មិថុនា សហភាពសហជីពកម្ពុជា យល់ឃើញថា តាមន័យមាត្រា៨៧ថ្មី វាក្យខ័ណ្ឌទី៤ ច្បាប់វិសោធនកម្មនេះ បានបើកឱកាសឲ្យនិយោជក ឬថៅកែ រួចផុតពីកាតព្វកិច្ច ទទួលខុសត្រូវចំពោះកម្មករ និយោជិត ក្នុងករណីសហគ្រាសបិទទ្វារ។ ចំណែកមាត្រា៨៩ថ្មី វាក្យខ័ណ្ឌទី១ ដែលកំណត់រៀងរាល់៦ខែ និយោជកត្រូវទូទាត់ជូនកម្មករ នូវប្រាក់បំណាច់អតីតភាពការងារនោះ សហជីពនេះ យល់ថា ស្មើនឹងបញ្ចប់កិច្ចសន្យាការងាររបស់កម្មករ និយោជិតតែម្តង។
លើសពីនេះទៀត សហភាពរបស់លោក រ៉ុង ឈុន យល់ថា ក្រោយពីច្បាប់នេះចាប់អនុវត្ត កម្មករ និយោជិត ក្នុងវិស័យកាត់ដេរនឹងត្រូវប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លី។ កិច្ចសន្យាខ្លីដែលជាការបើកផ្លូវឲ្យថៅកែងាយបញ្ឈប់កម្មករ និយោជិត នៅពេលមានផ្ទៃពោះ និងបញ្ឈប់ថ្នាក់ដឹកនាំសហជីពនៅពេលថៅកែមិនពេញចិត្ត។
ត្រង់ចំណុចនេះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា ក្រសួងការងារនឹងមានអនុក្រឹត្យមួយដោយឡែកទៀត កំណត់មិនឲ្យថៅកែប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លីនោះទេ។ លោកថា ការបារម្ភរបស់លោក រ៉ុង ឈុន កើតឡើងដោយសារតែគាត់មិនបានចូលប្រជុំជាមួយក្រុមការងារតាក់តែងសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ទើបចេះតែលើកឡើងពីចំណុចទាំងនោះ។
យ៉ាងណាក៏ដោយ សហជីពរបស់លោក រ៉ុងឈុន បានស្នើឲ្យរក្សាទុកមាត្រា៨៧ចាស់ និងប្រាក់បំណាច់បណ្តេញចេញ ហើយការបើកប្រាក់អតីតភាពការងារត្រូវធ្វើរៀងរាល់៣ឆ្នាំម្តង ដោយនិយោជកត្រូវតម្កល់ប្រាក់ក្នុងរតនាគារជាតិទុកបើកជូនកម្មករ ករណីរោងចក្របិទទ្វារ។
សូមបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីការងារនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤មិថុនា ប៉ុន្តែសហភាពសហជីពកម្ពុជា បានស្នើឲ្យសមាជិកព្រឹទ្ធសភា កុំឲ្យអនុម័តច្បាប់នេះបន្តទៀត ដោយថាច្បាប់នេះធ្វើឲ្យប៉ះពាល់ផលប្រយោជន៍កម្មករ និងសិទ្ធិសេរីភាពសហជីព។ តែបើតាមអ្នកនាំពាក្យព្រឹទ្ធសភា សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ នឹងដាក់ចូលក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅពេលឆាប់ៗខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ