អានតួអត្ថបទ
កម្ពុជា

ក្រសួង​យុត្តិធម៌​កោះ​ប្រជុំ​មន្រ្តី​តុលាការ​បន្ទាន់ ករណី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​សំណុំ​រឿង​ដីធ្លី​

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា កាល​ពី​ថ្ងៃ​ទី​១៥​មីនា ម្សិលមិញ​នេះ បាន​សរសេរ​លិខិត​កោះ​ប្រជុំ​ជា​បន្ទាន់ ជាមួយ​នឹង​ប្រធាន​តុលាការ​សាលា​ដំបូង​រាជធានី-ខេត្ត និង​ព្រះ​រាជ​អាជ្ញា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ជុំវិញ​គោល​ការណ៍​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​សំណុំ​រឿង​ទំនាស់​ដី​ធ្លី។ កិច្ច​ប្រជុំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ គឺ​នៅ​បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍានា ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍានា ។ @Facebook
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លិខិ​តរបស់​លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា ចុះ​ថ្ងៃ​ទី​១៥​មីនា​ បាន​កោះ​អញ្ជើញ​មន្រ្តី​តុលាការ​ ដែល​ជា​ប្រធាន​សាលា​ដំបូង និង​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី-ខេត្ត​ទាំង​អស់ ចូល​រួម​កិច្ច​ប្រជុំ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៨ ​ខែ​មីនា​ខាង​មុខ។ កិច្ច​ប្រជុំ​ដែល​គ្រោង​ធ្វើ​ឡើង នៅ​ទីស្តីការ​ក្រសួង​យុត្តិធម៌​ក្នុង​ទីក្រុង​ភ្នំពេញ នា​ចុង​សប្តាហ៍​នេះ នឹង​ផ្តោត​ទៅ​លើ​គោលការណ៍ និង​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ក្នុង​សំណុំ​រឿង​ទំនាស់​ដី​ធ្លី។

យោង​តាម​លិខិត​ដដែល​នេះ លោក​រដ្ឋ​មន្រ្តី​ថែម​ទាំង​បាន​បង្គាប់​បញ្ជា​ឲ្យ​លោក-លោក​ស្រី​ដែល​ជា​ប្រធាន​តុលាការ​សាលា​ដំបូង និង​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី-ខេត្តទាំង​អស់ ប្រមូល​ទិន្នន័យ និង​រាយការណ៍ ពី​ទិន្នន័យ ស្តី​ពី ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី​នេះ។

សូម​បញ្ជាក់​ថា ការ​កោះ​ប្រជុំ​បន្ទាន់​នេះ បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ដើម​សប្តាហ៍​នេះ បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​តុលាការ​ខេត្ត​កំពង់​ស្ពឺ ដែល​បាន​ឃុំ​ខ្លួន​តំណាង​ប្រជា​ពលរដ្ឋ​ពីរ​នាក់​នៅ​ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រួច​ខេត្ត​កំពង់​ស្ពឺ។ ក្រៅ​ពី​សំដែង​ការ​ខក​ចិត្ត លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​បញ្ជា​ឲ្យ​កូន​ប្រុស​ពីរ​នាក់​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត និង​លោក ម៉ានី ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កំពង់​ស្ពឺ​ទាំង​យប់ ដើម្បី​ជួយ​ដោះស្រាយ​ករណី​នេះ និង​បាន​បញ្ជា​ទៅ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ឱ្យ​ធ្វើ​ការ​ជាមួយ​តុលាការ​ទាំង​យប់ ដើម្បី​សុំ​ធានា​ឱ្យ​តំណាង​ប្រជាពលរដ្ឋ​ទាំង​២​នាក់ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។ ស្តែង​ចេញ​ពី​ករណី​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​បញ្ជា​ទៅ​កាន់​ក្រសួង​យុត្តធម៌ ឲ្យ​ពិនិត្យ​មើល​ករណី​នេះ​ជា​បន្ទាន់។

គួរ​កត់​សម្គាល់​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​រឿង​ស្មុគ​ស្មាញ​មួយ ហើយ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​លើ​បញ្ហា​ដីធ្លី ធ្លាប់​បាន​ព្រមាន​ពី​បដិវត្តន៍​ដីធ្លី​ថា ​អាច​នឹង​កើត​មាន​ឡើង ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​ប្រញ៉ាប់​ប្រញ៉ាល់​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ។ អ្នក​ឃ្លាំ​មើល​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​ ក្រៅ​តែ​ជា​ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​យក​ដី​ធ្លី​ហើយ ពួក​គាត់​ក៏​ជា​ជន​រង​គ្រោះ​ដោយសារ ប្រព័ន្ធ​តុលាការ​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ