អានតួអត្ថបទ
កម្ពុជា

មេធាវី​​​គ្រោង​​​ប្តឹង​​​តុលាការ​​​ឲ្យ​​​ចេញ​​​ការ​​សម្រេច​​​ថា​​​ត្រូវ​​​លើក​លែង​​ការ​ចោទ​ប្រកាន់​​ ឫ​​​ត្រូវ​​​ជំនុំ​​ជម្រះ​​​​​មន្ត្រី​​​អាដហុក​​និង​​​គ.ជ.ប​​

មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក និង​គ.ជ.ប បាន​ថ្លែងប្រាប់​វិទ្យុ​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា នឹងដាក់​ពាក្យ​ប្តឹង​មួយ​ទៅកាន់​តុលាការក្រុង​ភ្នំពេញ​នៅ​អង្គការ​ស្អែក​នេះ ដើម្បី​ទាម​ទារ​​ឲ្យ​ចៅក្រម​ចេញ​ដីកាដំណោះស្រាយ​លើ​សំណុំរឿង​កូនក្តី​របស់ខ្លួន។ ដីកា​ដំណោះ​ស្រាយ​នេះ គឺជា​ការសម្រេច​របស់​ចៅក្រម​ថា​ត្រូវ​លើកលែង​ការ​ចោទ​ឫ​ក៏​ត្រូវយក​សំណុំរឿង​ពួកគេ​ទៅ​ជំនុំជម្រះ។

លោកនី ចរិយា ​អគ្គលេខាធិការ​រង​គ.ជ.ប​ដែល​កំពុង​ជាប់​ពន្ធនាគារ​
លោកនី ចរិយា ​អគ្គលេខាធិការ​រង​គ.ជ.ប​ដែល​កំពុង​ជាប់​ពន្ធនាគារ​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុដែល​តម្រូវ​ឲ្យ​មេធាវី​ត្រូវ​ប្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ក៏​ព្រោះតែ​មកដល់ពេលនេះ​ទៅហើយ ខាង​តុលាការ​មិនទាន់​ចេញ​ដីកា​ដំណោះស្រាយ​លើ​សំណុំរឿង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក៤នាក់ និង​អគ្គលេខាធិការរង​គ.ជ.ប​ម្នាក់ទៀត​នៅឡើយ។ លោក​មេធាវី​សំ សុ​គង់ បាន​ពន្យល់ថា តាម​និ​តី​វិធី​គឺ​ចៅក្រម​មាន​រយៈពេល២០ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការចេញ​ដីកា​ដំណោះស្រាយ​នេះ បន្ទាប់ពី​បិទ​ការ​ស៊ើបសួរ។ ការ​ស៊ើបសួរ​លើ​សំណុំរឿង​មន្ត្រី​សិទ្ធិមនុស្ស ត្រូវបាន​បិទ​កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ដែល​មក​ពេលនេះ គឺ​ជាង​មួយខែ​ទៅហើយ​តែ​ចៅក្រម​នៅតែ​មិនទាន់​ចេញ​ដីកា​ដំណោះស្រាយ​ទៀត។

ដីកា​​ដំណោះស្រាយ​​នេះ បើ​​និយាយ​​ឲ្យ​​ស្រួល​​យល់​​ទៅ ​គឺ​ជា​​សេចក្តី​សម្រេច​​មួយ​​របស់​​តុលាការ​​ថា​តើ​ត្រូវ​លើកយក​សំណុំរឿង​មន្ត្រី​សិទ្ធិ​អាដហុក និង​គ.ជ.ប​ទៅ​ជំនុំជម្រះ ឫ​ក៏ត្រូវ​លើកលែង​ការចោទប្រកាន់។ ទោះ​ក្នុងន័យ​ណាមួយ​ក៏ដោយ សេចក្តីសម្រេច​នេះ​ត្រូវតែ​បង្ហាញ​ពី​ហេតុផល​ឲ្យ​បានច្បាស់លាស់។

សូមបញ្ជាក់ថា មកដល់​ថ្ងៃនេះ មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ទាំង៤នាក់ និង​មន្ត្រី​គ.ជ.ប​ម្នាក់​ទៀត​​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ជាង៨ខែ​មកហើយ។ នៅថ្ងៃនេះ ក្រុម​សកម្មជន​ដីធ្លី​បឹងកក់ បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ឡើងវិញ​ផងដែរ បន្ទាប់ពី​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នេះ​មិនទាន់​ត្រូវបាន​ដោះលែង​ដូច​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សំណាក់​លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​អំឡុង​ខែធ្នូ​កន្លងទៅ។

យ៉ាងណាក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួបចរចា​គ្នា​ឡើងវិញ​នៅក្រោយ​ថ្ងៃទី១១មករា អាច​ប្រហែលជា​នៅក្នុង​សប្តាហ៍​នេះ​ផង​ក៏​មិនដឹង។ ជំនួប​នេះ បើទោះបីជា​មិនទាន់មាន​របៀបវារៈ​ជាក់លាក់​ក៏ពិតមែន ក៏ប៉ុន្តែ​ទំនងជា​មិនមាន​អ្វី​ធំដុំ​ជាង​និយាយ​អំពី​ការដោះលែង​មន្ត្រី​សិទ្ធិ​អាដហុក និង​គ.ជ.ប និង​សកម្មជន​គណ​បក្ស​ប្រឆាំង​នោះឡើយ។ ប៉ុន្តែ​សម្រាប់​លោក​មេធាវី​សំ សុ​គង់ រឿង​ចរចា​នយោបាយ​និង​ផ្លូវច្បាប់ គឺជា​រឿង​ពីរ​ផ្សេងគ្នា មានន័យថា លទ្ធផល​ចរចា​នោះ​បែបណាក៏ដោយ ក៏​មេធាវី​នៅតែ​អនុវត្ត​ទៅតាម​នីតិវីធី​តាមច្បាប់​តម្រូវ​ដដែល ដើម្បី​ការពារ​ដល់​ជនរងគ្រោះ​ដែលជា​កូនក្តី​របស់ខ្លួន។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង៤នាក់​រួមមាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង​ដា និង​លោកស្រី លឹម មុនី ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី។ រីឯ​លោក​នី ចរិយា​ដែលជា​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​វិញ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​នៅក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង​លោក​កឹម សុខា និង​កញ្ញា​ស្រីមុំ។ ពួកគេ​ទាំងនេះ ក៏ត្រូវ​តុលាការ​រាប់​តាំងពី​ថ្នាក់ក្រោម ថ្នាក់កណ្តាល និង​កំពូល​ទាត់ចោល​សំណើសុំ​ក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់​ផងដែរ​នាពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ