អានតួអត្ថបទ
កម្ពុជា

ក្រុម​មេធាវី​នឹងដាក់​សំណើ​​​សុំ​ឲ្យ​លោក កឹម សុខា បាន​ចូល​រួម​សវនាការនៅ​សាលា​ឧទ្ធរណ៍

នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង នឹង​ដាក់​សំណើ​ទៅ​កាន់​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​លោក កឹម សុខា ដែល​ជាជន​ត្រូវ​ចោទ បាន​ចូល​រួម​នៅ​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​២៦​កញ្ញា​ខាង​មុខ​។ សវនាការ​នៅ​ថ្ងៃ​ទី​២៦​កញ្ញា​នេះ ផ្ដោត​សំខាន់​លើ​បណ្ដឹង​ជំទាស់​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​លោក កឹម សុខា របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​។
ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​។ RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​មេធាវី​ការពារ​ក្ដី ចង់​ឲ្យ​សាលាឧទ្ធរណ៍​និង​កង​កម្លាំង​មាន​សមត្ថកិច្ច ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​​ធ្វើ​យ៉ាង​ណា​​ឲ្យ​លោក កឹម សុខា បាន​ចូល​រួម​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​ទី​២៦​កញ្ញា​។ លោក សំ សុគង់ មេធាវី​ម្នាក់​របស់​លោក កឹម សុខា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ វត្តមាន​របស់​លោក កឹម សុខា ​ដែល​ជា​ជន​ត្រូវ​ចោទ​នៅ​ក្នុង​សវនាការ គឺ​ជា​ការ​ចាំ​បាច់​​ខ្លាំង​ណាស់​។ ចាំ​បាច់​ ដើម្បី​​ធានា​ថា ​ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​និង​ត្រឹមត្រូវ ស្រប​តាម​គោលការណ៍​អន្ដរជាតិ​។

មួយ​វិញ​ទៀត បើតាម​លោក​មេធាវី សំ សុគង់ ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​ការពារ​ខ្លួន​។ ដូច្នេះ ទាមទារ​ឲ្យមាន​វត្តមាន​​ជន​ត្រូវ​ចោទ​​នៅ​ក្នុង​សវនាការ ​ដើម្បី​ឆ្លើយ​ដោះ​បន្ទុក​ឬ​បង្ហាញ​ភស្តុតាង បង្ហាញ​ពី​ភាព​គ្មាន​កំហុស​របស់​ខ្លួន ទៅ​កាន់​តុលាការ​។ លោក​មេធាវី​ដដែល បន្ថែមទៀត​ថា លោក កឹម សុខា មាន​ឆន្ទៈ​ចូល​រួម​នៅ​ក្នុង​សវនាការ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ដើម្បី​មាន​ឱកាស​រៀបរាប់​ពី​រឿង​ហេតុ​ជូន​ដល់អង្គ​សវនាការ​ដោយ​ផ្ទាល់​។

សូម​ជម្រាប​ជូន​ថា សំណើ​របស់​ក្រុម​មេធាវី​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់ពី​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ បង្ហាញ​ភាព​រួញរា​ក្នុង​ការ​បញ្ជូន​ខ្លួន​លោក កឹម សុខា មក​ចូល​រួម​សវនាការ​ តាម​សំណើ​សាលា​ឧទ្ធរណ៍​។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៨​កញ្ញា អគ្គនាយក​ពន្ធនាគារ​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភពី​បញ្ហា​សន្តិសុខ សុវត្ថិភាព ​ក្នុង​ពេល​​​បញ្ជូន​ខ្លួន​លោក​កឹម សុខា មក​ភ្នំពេញ​ និង​ទាំង​ក្នុង​ពេល​លោក កឹម សុខា ចូល​រួម​​​សវនាការនៅ​សាលា​ឧទ្ធរណ៍​។

រហូត​មក​ទល់​ពេល​នេះ សាលា​ឧទ្ធរណ៍នៅ​មិន​ទាន់​បង្ហាញ​ជំហរ​ជាក់​ច្បាស់​ណា​មួយ​អំពី​វត្តមាន​លោក កឹម សុខា នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​អង្គារ​ទី​២៦​កញ្ញា​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ លោក ទូច ថារិទ្ធិ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អវត្តមាន​ជន​ត្រូវ​ចោទ មិន​ប៉ះពាល់​ដល់​នីតិវិធី​ឡើយ ព្រោះ​សវនាការ​ផ្ដោត​លើ​បណ្ដឹង​ជំទាស់​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​លោក កឹម សុខា តែ​ប៉ុណ្ណោះ​។

យ៉ាង​ណា​ក៏​ដោយ លោក​មេធាវី​សំ សុគង់ អះអាង​ថា ​ក្រុម​មេធាវី​ការពារ​ក្ដីនៅ​តែ​ទាមទារ​ឲ្យ​មាន​វត្តមាន​លោក កឹម សុខា នៅ​ក្នុង​សវនាការ​ជា​ដាច់​ខាត​។ ហើយ​ប្រសិន​បើ​សាលា​ឧទ្ធរណ៍​សម្រេច​បើក​សវនាការដោយ​គ្មាន​វត្តមាន​ជន​ត្រូវ​ចោទ នោះ​ក្រុម​មេធាវី​នឹង​ពិចារណា​ថា​តើ​នឹង​ត្រូវ​ចូល​រួម​សវនាការ​ដែរ​ឬ​ក៏​អត់​។ លើស​ពី​នេះ ក្រុម​មេធាវី​នឹង​បន្ត​ប្ដឹង​សារទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​ទៀត ក្នុង​ករណី​សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា​ដោយ​គ្មាន​វត្តមាន​លោក កឹម សុខា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ