អានតួអត្ថបទ
កម្ពុជា

ទេសចរ​​រា​ប់​សែន​​នាក់​​ចូល​រួម​​ឆ្លង​​ឆ្នាំ​​សាកល​​កាល​ពី​​យប់​៣១​ធ្នូ​

ពិធី​​ឆ្លង​​ឆ្នាំ​​សាកល​​បាន​​ប្រព្រឹត្ត​ទៅ​​កាល​ពី​​ពាក់​​កណ្តាល​អធ្រាត្រ​​ថ្ងៃ​ទី ​៣១ ​ធ្នូ​​ដោយ​មាន​​ភាព​​អធិកអធម​​ទាំង​​នៅ​​ទី​ក្រុង​​ភ្នំពេញ​​និង​​បណ្តា​​ខេត្ត​​ទេសចរណ៍​ធំ​ៗ។ ​នៅ​​ភ្នំពេញ​​មាន​​មនុស្ស​​ច្រើន​​ម៉ឺន​នាក់​ នៅ​​សៀមរាប​​មាន​១០​ម៉ឺន​​នាក់ ​និង​​ក្រុង​ព្រះ​សីហនុ​​ជាង ​១១ ​ម៉ឺន​​នាក់​។ ​ដោយ​ឡែក​​ពលរដ្ឋ​​ខ្មែរ​​ដែល​​ចាក​ចេញ​ទៅ​​បរទេស​​ក៏​កើនឡើ​ង​​ដែរ​។​​ ឆ្នាំនេះ ​ជា​​លើកដំបូង​​ដែល​​កម្ពុជា​​រៀបចំ​​ឆ្លង​​ឆ្នាំ​​សាកល​​ថ្នាក់​ជាតិ​​នៅ​​ទូទាំង​ប្រទេស​។​

ប្រជាពលរដ្ឋ​ចូលរួម​អបអរ​សាទរ​ពិធី​ឆ្លង​​ឆ្នាំ​​សាកល​​នៅ​​កោះ​ពេជ្រ​​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ ឆ្នាំ២០១៤​
ប្រជាពលរដ្ឋ​ចូលរួម​អបអរ​សាទរ​ពិធី​ឆ្លង​​ឆ្នាំ​​សាកល​​នៅ​​កោះ​ពេជ្រ​​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ ឆ្នាំ២០១៤​ @រាជធានីភ្នំពេញ Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ភ្នំពេញ មនុស្សម្នា​ក្មេង​ចាស់ ប្រុស​ស្រី​ច្រើន​ម៉ឺន​នាក់​បាន​ជួបជុំគ្នា​ដើម្បី​ឆ្លង​ឆ្នាំ​សាកល​នៅ​កោះ​ពេជ្រ​និង​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​មាន​សភាព​ចង្អៀត​យ៉ាងខ្លាំង​កាលពី​ល្ងាច​ថ្ងៃទី៣១ធ្នូ។ យ៉ាងណាក៏ដោយ សាលា​រាជធានី​ភ្នំពេញ​មិនបាន​បង្ហាញ​តួលេខ​ច្បាស់លាស់​ស្តីពី​ចំនួន​អ្នកចូលរួម​ឆ្លង​ឆ្នាំ​សាកល​នេះ​ទេ។ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី១ហើយ​ដែលមាន​ការរៀបចំ​ឆ្លង​ឆ្នាំ​សាកល​ថ្នាក់ជាតិ​នៅ​កម្ពុជា។ សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​ឲ្យ​មានការ​ប្រគុំ​តន្ត្រី ការសម្តែង​សិ​ល្បះ មាន​បាញ់​កាំជ្រួច​ផងដែរ។

នៅឯ​ខេត្តសៀមរាប អ្នកទេសចរ​ប្រមាណ​ជា ១០ ម៉ឺន​នាក់​ក៏បាន​ទៅ​ចូលរួម​អបអរ​ពិធី​ឆ្លង​ឆ្នាំ​សាកល​ក្នុង​រយៈពេល៣ថ្ងៃនេះ​ដែរ​ដោយ​រាប់​ចាប់ពី​ថ្ងៃទី២៩ដល់៣១ធ្នូ ក្នុងនោះ​ទេសចរ​បរទេស​មាន​ប្រហែល​ជិត ៣ម៉ឺន​នាក់។ នេះ​បើ​យោងតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​លោក ង៉ូ​វ សេង​កាក់ ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី១មករា​នេះ។ លោក​បញ្ជាក់ថា ខេត្តសៀមរាប​មាន​បន្ទប់​ផ្ទះសំណាក់​និង​សណ្ឋាគារ​គ្រប់គ្រាន់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ។

ដោយឡែក ទីក្រុង​មាត់សមុទ្រ ក្រុងព្រះសីហនុ​ឯណោះ​វិញ ក៏មាន​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង ១១ម៉ឺន​នាក់​ទៅ​ឆ្លង​ឆ្នាំ​សាកល​នៅ​ទីនោះ​ក្នុងនោះ​មាន​ភ្ញៀវ​បរទេស​ជាង ១ម៉ឺន៣ពាន់​នាក់ ។ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ប​នា​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​ក្នុងអំឡុងពេល​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំនេះ​មាន​ប្រហាក់ប្រហែល​កាលពី​ឆ្នាំទៅ​ដែរ។ លោក​ទទួលស្គាល់ថា ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួន​បាន​បំពាន​សេចក្តីណែនាំ​របស់​មន្ទីរ​ទេសចរណ៍​ដោយ​ដំឡើងថ្លៃ​បន្ទប់​ស្នាក់នៅ​ខ្ពស់​ខុសពី​ធម្មតា។

ក្រៅពី​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​ក្នុងស្រុក ក៏មានដែរ​ភ្ញៀវទេសចរ​ខ្មែរ​ដែល​ចាក​ចេញទៅ​ក្រៅប្រទេស​ក្នុងអំឡុង​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​នេះ។ លោក អាង គឹម​អ៊ាង ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា​ឲ្យ​ដឹងថា មាន​ប្រទេស៤ដែលមាន​អ្នក​ចេញទៅ​ច្រើនជាងគេ​គឺ សិង្ហបូរី ម៉ាឡេស៊ី ថៃ និង ចិន។ ប្រទេស​ទាំង៤នេះ​បាន​ស្រូប​ទាញ​ទេសចរ​ខ្មែរ​លើស​ឆ្នាំមុន​ពី១៥ទៅ២០ភាគរយ។ លោក អាង គឹម​អ៊ាង កត់សម្គាល់​ទៀតថា ឆ្នាំនេះ ក៏មាន​អ្នកទេសចរ​ខ្មែរ​ចាកចេញ​ទៅកាន់​គោលដៅ​ថ្មី​ចំនួន​បី​ដែរ​គឺ អឺរ៉ុប អូស្ត្រាលី និង​ម​ជ្ឈឹ​ម​បូព៌ា។ យ៉ាងណាក៏ដោយ លោក​មិនអាច​បញ្ជាក់​តួលេខ​ច្បាស់លាស់​អំពី​ភ្ញៀវទេសចរ​ខ្មែរ​ដែល​ចេញទៅ​ក្រៅប្រទេស​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ