អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ក្រសួងកសិកម្ម៖ ការបង្ក​បង្កើន​ផល​ស្រូវ​រដូវ​វស្សា មាន​ល្បឿន​លឿន ទោះបី​ជួប​បញ្ហា​ប្រឈម

ការ​បង្ក​បង្កើន​ផល​ស្រូវ​រដូវ​វស្សា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា គិត​ត្រឹម​បំណាច់​ខែ​សីហា ឆ្នាំ ២០១៦ មាន​ល្បឿន​លឿន បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៥​។ យ៉ាង​ណា​ក៏ដោយ ខេត្ត​កំពង់ស្ពឺ កំពត កណ្តាល និង​រាជធានី​ភ្នំពេញ ល្បឿន​នៃ​ការងារ​បង្ក​បង្កើន​ផល​ស្រូវ​រដូវ​វស្សា មាន​សន្ទុះ​យឺត​យ៉ាវ​នៅ​ឡើយ ដែល​រហូត មក​ដល់​បំណាច់​ខែសីហា​ ទើប​សម្រេចបានពី ៧០ ទៅ៨០%ប៉ុណ្ណោះ។

ប្រជាជន នៅស្រុក ដងទង់ ខេត្តកំពត កំពុងស្ទូងស្រូវរដូវវស្សា។
ប្រជាជន នៅស្រុក ដងទង់ ខេត្តកំពត កំពុងស្ទូងស្រូវរដូវវស្សា។ @FB/ក្រសួងកសិកម្ម
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​កម្ពុជា បាន​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត នា​ដើម​ឆ្នាំ ២០១៦ យ៉ាង​ណា​ក៏​ដោយ ការ​បង្កបង្កើន​ផល​ដំណាំ​រដូវ​វស្សា ទូ​ទាំង​ប្រទេស មាន​ល្បឿន​លឿន គិត​ត្រឹម​បំណាច់​ខែ​សីហា ឆ្នាំ ២០១៦ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ ២០១៥។

ជាក់​ស្តែង ការ​ងារ​បង្ក​បង្កើន​ផល​ដំណាំ​ស្រូវ​រដូវ​វស្សា​ទូ​ទាំង​ប្រទេស​អនុវត្តន៍​បាន​ចំនួន ២.៤២០.៣១៧ហិកតា ស្មើ​នឹង​៩៧.៧៣% នៃ​ផែនការ​ប្រចាំ​ឆ្នាំ​២.៤៧៦.៤៤៦ ហិកតា លើស​ឆ្នាំ​មុន​ចំនួន ១៩៣ ៥៣១ ហិកតា ស្មើ​នឹង​ ១១%។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​សភាពការណ៍​នៃ​ល្បឿន​ការងារ​បង្ក​បង្កើន​ផល​ដំណាំ​រដូវវស្សា​ឆ្នាំ ២០១៦ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

ក្រៅ​តែ​ពី​ដំណាំស្រូវ ប្រជាកសិក​របាន​ដំា​ដំណាំ​រួមផ្សំ បាន​ចំនួន ៨០៤.២៧៨ហិកតា ស្មើ​នឹង ១៣០.៥៤% នៃ​ផែនការ​ប្រចាំ​ឆ្នាំ​៦១.៦១២៣ហិកតា លើស​ឆ្នាំ​មុន ១០៨.៣៦៤ហិកតា និងដំណាំ​ឧស្សាហ​កម្ម​សម្រេច បាន​ចំនួន ៨០.៣៨៣ហិកតា ស្មើ​នឹង​៥៥,៥៧% នៃ​ផែនការ​ ១៣៧.២៣៨ហិកតា តិច​ជាង​ឆ្នាំ​មុន ២៣.៧៧៤ ហិកតា។

បើ​តាម​របាយការណ៍​ដដែល ខេត្ត​ដែល​អនុវត្តន៍​បាន​លើស​ផែន​ការ រួម​មាន ខេត្ត​បន្ទាយ​មានជ័យ កំពង់ធំ ពោធិ៍សាត់ ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន បាត់ដំបង និង​ខេត្ត​សៀមរាប។ ដោយ​ឡែក​ខេត្ត​កំពង់​ស្ពឺ កំពត កណ្តាល និង​រាជធានីភ្នំពេញ ល្បឿន​នៃ​ការងារ​បង្ក​បង្កើន​ផលស្រូវ​រដូវ​វស្សា​គឺ មាន​សន្ទុះ​យឺត​យ៉ាវ នៅ​ឡើយ​។

សូម​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ការ​បង្ក​បង្កើន​ផល​ស្រូវ​ទទួល​ផល​មាន​ល្បឿន​លឿន បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​យ៉ាងគំហុក​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​មក។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន ២៧ ​លាន​ដុល្លារ​ដើម្បីទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​។

​ការ​ទម្លាក់​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើងមួយ​ថ្ងៃ​បន្ទាប់​ពី ធនាគារ​ស្រូវ​បាន​ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ដែល​ជា​ប្រភេទ​ស្រូវ​សែនក្រអូប ​សើម ក្នុង​តម្លៃ​៨៤០ រៀល​ស្មើ​នឹង​៧​បាត​ប្រាក់​ថៃ​ក្នុង​មួយ​គីឡូ​ក្រាម​ពី​កសិករផ្ទាល់​នៅ​នឹង​ ស្រែ​ក្នុង​ខេត្តបាត់​ដំបង ពោធិ៍សាត់ និង បន្ទាយ​មាន​ជ័យ។  ធនាគារ​ស្រូវ​ទទួល​បាន​ហិរញ្ញ​ប្ប​ទាន​ពី​ធនាគារ​អភិវឌ្ឍន៍​​ជន​បទ​របស់​ រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់បន្ថយ​និង​ទប់​ស្កាត់​ការ​ធ្លាក់​​តម្លៃ​ ស្រូវ​សែន​ក្រអូប​នា​ពេល​បច្ចុប្បន្ន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​ជម្រុញ​ការ​នាំ​ចេញ​អង្ករ​នៅ​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ រដ្ឋាភិបាល ក៏​បាន​ស្នើ​ទៅ​កាន់​ភាគី​ចិន ឲ្យ​បន្ថែ​មការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ឲ្យ​កាន់​តែ​ច្រើន បន្ថែម​ទៀត ពោលគឺ ពី ១០ ម៉ឺនតោន ដល់ ២០ ម៉ឺន តោន ក្នុង​មួយ​ឆ្នាំ ចាប់​ពី​ឆ្នាំ ២០១៧ តទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ