អានតួអត្ថបទ
កម្ពុជា

កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​វិនិយោគ​លើ​ប្រព័ន្ធ OTT ផ្តោត​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍

​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប OTT ដែល​ជា​សមិទ្ធផល​ថ្មី​ខាង​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ ​ត្រូវ​បាន​រដ្ឋាភិបាល ផ្តល់​សិទ្ធិ​វិនិយោគ​នៅ​កម្ពុជា។ ប្រព័ន្ធ OTT គឺ​ជា​ទូរស្សន៍​អ៊ីនធឺណេត ដែល​ប្រើ​បច្ចេក​វិទ្យា ផ្សព្វផ្សាយ​ចំរុះ មាន​កម្មវិធី​ប្លែក និង​អាច​ប្រើ​បាន​គ្រប់​ទី​កន្លែង​ដែល​មាន​ភ្ជាប់​អ៊ីនធឺណេត។ ការ​បង្ហាញ​ពី ការ​វិនិយោគ​លើ​វិស័យ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​ប្រើប្រាស់​ប្រព័ន្ធ OTT នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០ កក្កដា​នេះ នៅ​ឯ​សណ្ឋាគារ​សុខា​ភ្នំពេញ។

ក្រសួង​​ព័ត៌មាន ​និង​ក្រុមហ៊ុន​supernet ​បាន​​រៀបចំ​​កម្មវិធី​ស្តីពី​ ប្រព័ន្ធ​Over The Top Platform ​(OTT) ដែល​ជា​បច្ចេក​វិជ្ជា​ថ្មី​ទំនើប​ទាក់ទង​នឹង​ប្រព័ន្ធ​សោតទស្សន៍​ និង​វិស័យ​ព័ត៌មាន។​
ក្រសួង​​ព័ត៌មាន ​និង​ក្រុមហ៊ុន​supernet ​បាន​​រៀបចំ​​កម្មវិធី​ស្តីពី​ ប្រព័ន្ធ​Over The Top Platform ​(OTT) ដែល​ជា​បច្ចេក​វិជ្ជា​ថ្មី​ទំនើប​ទាក់ទង​នឹង​ប្រព័ន្ធ​សោតទស្សន៍​ និង​វិស័យ​ព័ត៌មាន។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន SuperNet បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ដើម្បី​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ប្រព័ន្ធ OTT នៅ​កម្ពុជា។ ប្រព័ន្ធ OTT (Over The Top Platform) គឺ​ជា​ទូរទស្សន៍ អ៊ីនធឺណេត ដែល​ប្រើ​បច្ចេក​វិទ្យា​ផ្សព្វផ្សាយ​សំបូរ​បែប។ សម្រាប់​កម្មវិធី​ទូរទស្សន៍​អាច​មើល​ថយ​ក្រោយ បាន​រហូត​ដល់​ទៅ ៧ថ្ងៃ​ ឬ យូរ​ជាង​នេះ​ទៅ​ទៀត​ អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​អាជ្ញាធរ​ស្ថាប័ន​មាន សមត្ថកិច្ច និង​ក្រុមហ៊ុន​ប្រតិបត្តិករ។

លោក​ខៀវ កាញារីទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​សិក្ខាសាលា​នេះ​ថា ឆ្លង​តាម​ការ​ប្រើប្រាស់​សាកល្បង​នេះ ក្រុមហ៊ុន​ក៏​ដូចជា​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ទៀត ដែល​មាន​ដូចជា​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​ និង​ក្រសួង​ធម្មការ និ​ងសាសនា រួមគ្នា​បង្កើត​ប៉ុស្តិ៍​សាសនា ក្នុង​គោល​បំណង លើក​កម្ពស់​ការ​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ សហការ​គ្នា​ជាមួយ​នឹង​ក្រសួង​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បង្កើត​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​បណ្តាញ​អ៊ីនធឺណេត​ ក្នុង​គោល​បំណង​ពង្រីក​ការ​បណ្តុះ​បណ្តាល​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​ឲ្យ​សមស្រប​តាម​ស្ថានភាព​សង្គម ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា នៅ​ពេល​ថ្មី​នេះ​ក៏​មាន​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ថា South East Asia Telecom co, Ltd បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ៤០០លាន​ដុល្លារ​អាមេរិក បើក​បណ្តាញ​អ៊ីនធឺណេត 4G នៅ​កម្ពុជា​ផង​ដែរ។ ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្តើម​សាងសង់​ត​បណ្តាញ​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ ២០១៤មក ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​ បណ្តាញ​អ៊ីនធឺណេត ​4G ​ត្រូវ​បាន​គ្រប​ដណ្តប់​នៅ​តាម​បណ្តារាជធានីខេត្ត និង​តំបន់​ទី​ប្រជុំជន​ចំនួន ១៧ ក្នុ​ងនោះ​រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង​ជាដើម ព្រម​ទាំង​គ្រប​ដណ្តប់​ទាំង​ស្រុង​តាម​ផ្លូវ​ជាតិ​លេខ​ ១ លេខ៣ លេខ៤ លេខ៦ និងផ្លូវជាតិលេខ២ ពី​ភ្នំពេញ​ទៅ​តាកែវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ