អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ក្រសួង​ការពារ​ជាតិ៖ សេចក្តី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះ​ឆ្នោត គឺ​ប្រមាថ​ដល់​កងទ័ព

ក្រសួង​ការពារ​ជាតិ​តាម​រយៈ​អ្នក​នាំ​ពាក្យ​នៅថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ច្រាន​ចោល និង​បាន​ថ្កោល​ទោស​លើ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះ​ឆ្នោត ថា​មាន​ចេតនា​ញុះ​ញង់​និង​លាប​ពណ៌​មក​លើ​កងទ័ព និង​ជា​ការ​ប្រមាថ​មាក់​ងាយ​ដល់​កិត្តិយស តួ​នាទី និង​ភារកិច្ច​របស់​កងទ័ព។ ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ស្នើ​ឲ្យ​កងទ័ព​ត្រូវ​ប្រកាន់​អព្យាក្រឹត្យ ដើម្បី​ធានា​ដល់​ការ​បោះ​ឆ្នោត។

ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។
ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៧​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​ឧសភា។ សេចក្តី​ថ្លែងការណ៍​នេះ បាន​ស្នើ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ត្រូវ​គោរព​តាម​គោលការណ៍​អព្យាក្រឹត្យ ឥត​លម្អៀង និង​ផ្តល់​កិច្ច​សហការ​ជាមួយ​គ.ជ.ប ដើម្បី​សុវត្ថិភាព​បេក្ខជន​បោះឆ្នោត និង​ធានា​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៨ បាន​លើក​ករណី​មក​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​កម្រាស់​ពីរ​ទំព័រ​របស់​ខ្លួន​ថា ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត មាន​មន្ត្រី​ជាន់​ខ្ពស់​កងទ័ព​បាន​សេចក្តី​ថ្លែងការណ៍​ឫ​និយាយ​ថា ឲ្យ​កងទ័ព​ត្រូវ​ប្រឆាំង​នឹង​ក្រុម​ឫ​កំចាត់​ចោល​មនុស្ស និង​គណបក្ស​នយោបាយ​ណា​មួយ​ឫ​ក៏​និយាយ​ថា នឹង​កើត​មាន​សង្គ្រាម​ដោយ​សារ​តែ​លទ្ធផល​បោះឆ្នោត​ជា​ដើម។ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​សម្តែង​ការ​ព្រួយ​បារម្ភ និង​បាន​ស្នើ​ឲ្យ​គ.ជ.ប និង​គណៈបញ្ជាការ​សន្តិ​សុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​ចេញ​សេចក្តី​រំឮក​ឫ​ព្រមាន ដើម្បី​បង្ក​បរិយាកាស​អំណោយ​ផល និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ដល់​ពលរ​ដ្ឋ​បាន​ចូល​រួម​ឃោសនាបោះឆ្នោត និង​ចូល​រួម​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

លោក​ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​បាន​ចាត់​ទុក​ការ​លើក​ឡើង​ទាំង​អស់​នេះ​ថា ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​ក​ទង​ទ័ព ហើយ​ថា​សេចក្តី​ថ្លែងការណ៍​នេះ ហាក់​ដូច​ជា​មាន​ចេតនា​អ្វី​មួយ​ទៅ​ថ្ងៃ​អនាគត។ សម្រាប់​លោក​ឈុំ សុជាតិ កងទ័ព​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​ណែ​នាំ ឫ​បង្គាប់​បញ្ជា​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឡើយ គឺ​ថា គេ​បាន​យល់​ច្បាស់​ពី​ច្បាប់​បោះ​ឆ្នោត និង​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នា​ពេល​ខាង​មុខ។ ត្រង់​ចំណុច​នេះ លោក​ឈុំ សុជាតិ បាន​គូស​បញ្ជាក់​ថា សកម្មភាព និង​អនុសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់​កង​យោធ​ពល​ខេមរភូមិន្ទ​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​បោះ​ឆ្នោត​ទេ វា​គឺ​ជា​ការជំរុញ​ដល់​ការ​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទៅវិញ​ទេ។

ជុំ​វិញ​បញ្ហា​នេះដែរ លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) បាន​លើក​ឡើង​ថា គ.ជ.ប​មិន​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ទេ ព្រោះ​ថា​គ.ជ.ប​មិន​មែន​ជា​តុលាការ​សម្រាប់​ការ​ដោះ​ស្រាយ​លើ​ការ​បញ្ចេញ​មតិ​ដោយ​ឡែកៗ​ពី​គ្នា​របស់​ក្រុម​ណាមួយ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ អះអាង​ថា គ.ជ.ប ដោះ​ស្រាយ​តែ​ពេល​មាន​បណ្តឹង​មក​គ.ជ.ប​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ