អានតួអត្ថបទ
កម្ពុជា-ធម្មជាតិ

មាតា​ធម្មជាតិ​កប់​ខ្លួន​ក្នុង​ខ្សាច់ ទាម​ទារ​ឲ្យ​ក្រសួង​រ៉ែ​បង្ហាញ​ពី​តម្លាភាព​ការ​នាំ​ចេញ​ខ្សាច់​ទៅ​សឹង្ហបុរី

សកម្មជន​ចលនា​មាតា​ធម្មជាតិ កាល​ពី​ម្សិល​មិញ បាន​កប់​ខ្លួន​ក្នុង​ខ្សាច់ ជា​ថ្នូរ​នឹង​ការ​ទាម​ទារឲ្យ​ក្រសួង​រ៉ែ បង្ហាញ​ពី​តម្លាភាព​តួលេខ​នាំ​ចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​កាន់​សឹង្ហបុរី។  កាល​ពី​ពេលថ្មីៗ​នេះ ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាតិ បង្ហាញ​ថា រយៈ​ពេល ៨ ឆ្នាំចុង​ក្រោយ​កម្ពុជា​​នាំ​​ចេញ​​ខ្សាច់​​ទៅ​​សឹង្ហបុរី ជិត ៣ លាន​តោន ក៏​ប៉ុន្តែ ទិន្នន័យ​សឹង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​វិញ មាន​រហូត​ទៅ​ដល់ ៧៣ លានតោន ដែល​ធ្វើ​ឲ្យ​អង្គការ​មួយ​នេះ សង្ស័យ​ថា​មាន​ភាពមិន​ប្រក្រតី​ក្នុង​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា។ ជា​ការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ បញ្ជាក់​ថា បញ្ហា​នេះ ក្រសួង​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទេពោល​គឺ​ បើកចំហ​សម្រាប់​អ្នក​ចង់​ដឹង​ឱ្យ​មក​ស្វែង​រក​ទិន្នន័យ​នៅ​ទីស្ដីការ​ក្រសួង។

សកម្មជនចលនាមាតាធម្មជាតិកប់ខ្លួនក្នុងខ្សាច់ ទាមទារឲ្យក្រសួងរ៉ែ បង្ហាញពីតម្លាភាពនៃតួលេខនាំចេញខ្សាច់ទៅសឹង្ហបុរី៕
សកម្មជនចលនាមាតាធម្មជាតិកប់ខ្លួនក្នុងខ្សាច់ ទាមទារឲ្យក្រសួងរ៉ែ បង្ហាញពីតម្លាភាពនៃតួលេខនាំចេញខ្សាច់ទៅសឹង្ហបុរី៕ @FB/motherofnature
ផ្សាយពាណិជ្ជកម្ម

តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក លោក ថុន រដ្ឋា ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃ​ទី ៨ តុលា បាន​បង្ហោះ​វីដេអូ​កប់​ខ្លួន​នៅ​ក្នុង​ខ្សាច់ ទទូច​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ពី​តម្លាភាព​និង គណនេយ្យភាព​នៃ​ទំហំការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហបុរី រូម​ទាំង​ចំណូល​ពន្ធ​ផងដែរ។

នៅ​ក្នុង​វីដេអូ​រយៈពេល ជាង ២ នាទី សកម្មជន​មាតា​ធម្មជាតិ​រូប​នេះ រៀប​រាប់​ថា ការ​នាំ​ចេញខ្សាច់​រាប់​លាន​តោន​ទៅ​បរទេស​របស់ក​ម្ពុជា​ក្នុង​មួយ​ឆ្នាំៗ បាន​បំផ្លាញ​ធន​ធាន​ជម្មជាតិ បង្កហានិភ័យ​ដល់​ព្រៃ​កោងកាង ព្រម​ទាំង​បង្ក​ការ​លំបាក​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន អស់​រយៈ​ពេល​ជិត​ ៨ ឆ្នាំ រួច​មក​ហើយ​។

ក្រៅ​តែ​ពី​ការ​រៀប​រាប់​ពី​ផល​ប៉ះពាល់​នៃ​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា​នេះ លោក ថុន រដ្ឋា ក៏​បានចោទ​ជាសំណួរ​ទៅ​កាន់ ក្រសួង​រ៉ែ​និង​ថាមពល​ដែរ​ថា៖« តើ​ចំនួន​ខ្សាច់​រាប់​លាន​ដុល្លារ​នាំ​ចេញពី​កម្ពុជា​បាត់​ទី​ទៅ​ណា» និង ស្នើ​សុំ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ បក​ស្រាយ​ទៅ​កាន់​សាធារណៈ ជន​ឲ្យ​បាន​ដឹង​ពី​បញ្ហា​នេះ​។

សូម​ជម្រាប​ជូន​ថា កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ​ថ្មី​ៗ​នេះ ទិន្នន័យ​អាជីវកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ជិត ៣​លាន​តោន (២.៧៧៤.៦១៣) គិត​ជា​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក (៥.៥៥៧.៣៦៩) ។​ប៉ុន្តែ​បើ​ពិនិត្យទិន្នន័យ​ដែល​សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​វិញ មាន​រហូត​ដល់​​ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨)។

យ៉ាង​ណា​ក៏​ដោយ លោក ឌិត ទីណា រដ្ឋ​លេខាធិការ និង ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង ថាមពល បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ទៅ​លើ​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​ខាង​លើ​នេះ​ទេ។ ប៉ុន្តែ លោក បាន​បញ្ជាក់​ថា ទិន្នន័យ​ពាណិជ្ជកម្ម​បូម​ខ្សាច់​របស់​អង្គការ​សហប្រជាជាតិ​នេះ​ គឺ​មិន​មែន​ជា​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ក្រសួង​នោះ​ទេ ហើយ​លោក​ក៏​មិន​យល់​ច្បាស់ ពី​ដំណើរ​ការចង​ក្រង​ទិន្នន័យ​នេះ​ដែរ​។

បើតាម លោក ឌិត ទីណា លេខ​សរុប​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​បរទេស នៅ​រយៈពេល ៩ ខែ ដើម​ឆ្នាំ ២០១៦ មិន​ទាន់​បាន​បូក​សរុប​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក ថា បរិមាណ​ខ្សាច់​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង ១០​លាន​ម៉ែត្រ​គូប (១០.៦៦៩.២១២,៩៤) ឬ​ស្មើ​នឹង​ជាង ១៧​លាន​តោន (១៧.០៧០.៧៤១)។ កម្ពុជា​ផ្គត់ផ្គង់​ខ្សាច់​សម្រាប់​តម្រូវការ​ក្នុង​ស្រុក​បាន​ប្រមាណ​ជាង ១៧​លាន​ម៉ែត្រ​គូប (១៧.៥០៩.៤៩៦) ឬ​ស្មើ​នឹង​ជាង ២៨​លាន​តោន (២៨.០១៥.១៩៤) ដោយ​ឡែក​ នៅ​ឆ្នាំ​២០១៥ ក្រសួង​រ៉ែ និង​ថាមពល ប្រមូល​ចំណូល​ពី​សួយ​សារ និង​អត្ថប្រយោជន៍​បន្ថែម​បាន​ជិត ៧​លាន​ដុល្លារ (៦.៧២៥.៥៣៣)។

ទាក់​ទង​នឹង​ការ​បូម​អាជីវកម្ម​បូម​ខ្សាច់​នេះ​ដែរ កាល​ពី​ដើម​ឆ្នាំ ឆ្នាំ​២០១៦ លោក សុន ឆ័យ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ដើម្បី​ស្នើសុំ​បង្ហាញ​ឯកសារ​ផ្លូវ​ការ​ទាក់ទង​នឹង​ចំណូល​សរុប​ដែល​រដ្ឋ​ទទួល​បាន​ពី​អាជីវកម្ម​បូម​ខ្សាច់។

ជា​ការ​ឆ្លើយតប លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​មក​រដ្ឋសភា​វិញ ដោយ​អះអាងថា ឯកសារ និង​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការ​ប្រ​មួល​ចំណូល​ពី​អាជីវកម្ម​បូម​ខ្សាច់​តម្កល់ទុក​នៅ​អង្គភាព និង​ស្ថាប័ន​ជំនាញ ដោយ​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​គណនេយ្យភាព​ក្នុង​ការ​ប្រមូល និង​គ្រប់គ្រង​ចំណូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ