អានតួអត្ថបទ
កម្ពុជា

អង្គការ​សមាគម​សុំ​ព្រះរាជ​អន្ត​រាគមន៍​ពី​ព្រះ​មហាក្សត្រ​លើ​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជិត​ ៣០ស្ថាបន​ បាន​ដាក់​លិខិត​ចំហ​មួយ​ថ្វាយ​ព្រះ​មហាក្សត្រ​កម្ពុជា ​អន្តរាគមចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​។ ក្រោយ​ពី​ច្បាប់​នេះ ​ត្រូវ​បាន​សភាអនុម័ត​រួច​រាល់​ កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ​។ ការ​ដាក់​លិខិត​ចំហ​នេះ​ គឺ​ដោយ​សារ​តែ​ច្បាប់​នេះ ​មាន​លក្ខណៈគាប​សង្កត់​សេរី​ភាព​មូល​ដ្ឋាន​របស់​អង្គការ​សង្គម​ស៊ីវិល​។

ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី (ស្តាំ) និង​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង (ឆ្វេង)។
ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី (ស្តាំ) និង​លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង (ឆ្វេង)។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ស្តីពី​សមា​គម​ និង​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ដ៏​ចម្រូង​ចម្រាស ​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ចាប់​ផ្តើម​យុទ្ធនាការ​ថ្មី ​គឺ​ការ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ទ្រង់​ព្រះរាជ​តម្រិះ​ទៅ​លើ​ការ​ឡាយ​ព្រះហស្ថ​លេខា ​និង​អន្តរាគមន៍ជា​បន្ទាន់​ចំពោះ​ច្បាប់​នេះ។​ សូម​បញ្ជាក់​ថា ​ច្បាប់​មួយ​នេះ ​ត្រូវ​បាន​រដ្ឋសភា​ជាតិ​ សម្រេច​អនុម័ត ​កាល​ពីថ្ងៃ​ទី១៣​ កក្កដា ​ដោយ​មិន​មាន​សមាស​ភាព​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចូល​រួម​អនុម័ត​ឡើយ​។

យោង​តាម​លិខិត​ចំហ​ចុះ​ថ្ងៃទី៣០​ កក្កដា ​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា​ ច្បាប់​នេះ​ផ្តល់​អំណាច​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ដល់​រាជ​រដ្ឋាភិបាល ដែល​លើស​ពី​កម្រិត​អនុញ្ញាត​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​អាច​ប៉ះ​ពាល់​ដល់​លទ្ធភាព​របស់អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​បំពេញ​បេសកកម្ម​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។​​

លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​របស់​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស ​និងអភិវឌ្ឍន៍​នៅ​កម្ពុជា ( Adhoc) ​បានបញ្ជាក់​ថា ការ​ស្នើ​សុំ​ឲ្យ​មាន​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ គឺដោយ​សារ​មាន​តែ​ព្រះ​មហាក្សត្រ​មួយ​អង្គទេ ​ដែល​អាច​ឡាយ​ព្រះ​ហត្ថ​លេ​ខា ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​មួយ​នេះ​។ ម្យ៉ាងវិញ​ទៀត​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ចង់​ឲ្យ​ព្រះ​មហាក្សត្រទ្រង់​បាន​ជ្រាប​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ច្បាប់​ថ្មី​នេះ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី៣០ ​កក្កដា ​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ១៣រូប ​បាន​ធ្វើ​សំណើ​មួយ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ដោយ​ស្នើ​ឲ្យ​ពិនិត្យ​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​ស្តីពី​សមាគម ​និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែល​រដ្ឋសភា​បាន​អនុ​ម័ត​កាល​ពី​ពេល​កន្លង​មក​។ ​សំណើ​នេះ ​ត្រូវ​បាន​ លោក ​សុន ឆ័យ តំណាងរាស្ត្រ​មួយ​រូប​ក្នុង​ចំណោម​នោះ ​បាន​យក​ទៅ​ដាក់​ផ្ទាល់​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។

បើ​តាម​គេហទំព័រ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ឲ្យ​ដឹង​ថា ​សមាស​ភាព​អ្នក​ដែល​មាន​សិទ្ធិ​ដាក់​សំណើ​ពិនិត្យធម្ម​នុញ្ញ​ភាព​មុន​ពេល​ប្រកាស​ឲ្យ​ប្រើប្រាស់​មាន​ព្រះ​មហាក្សត្រ ​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា ​នា​យក​រដ្ឋមន្ត្រី ​តំណាង​រាស្ត្រ ​ចំនួន​ ១ភាគ១០​ និង​សមាជិក​ព្រឹទ្ធសភា​ចំនួន​ ១ភាគ៤៕​

រហូត​មក​ដល់​ពេល​នេះ ​មិន​មាន​ការ​បញ្ជាក់​ពី​ព្រះបរមរាជវាំង​ ថា​តើ​បាន​ទទួល​ច្បាប់​នេះ ​ឬយ៉ាង​ណា​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ