អានតួអត្ថបទ
កម្ពុជា

សមាជិក​​ព្រឹទ្ធសភា​​បក្ស​​សម រង្ស៊ី ​ប្រកាស​​មិន​​ចូលរួម​​ត្រួត​ពិនិត្យ​​សេចក្តី​ស្នើ​ច្បាប់​​NGOs​

លោក​គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សមាជិក​ព្រឹទ្ធសភា​ទាំងអស់​របស់​គណបក្ស​សម រង្ស៊ី នឹង មិន​ចូលរួម​ប្រជុំ​ពេញអង្គ​របស់​ព្រឹទ្ធសភា ដើម្បី​ត្រួតពិនិត្យ​សេចក្តីស្នើច្បាប់​ស្តីពី​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​សុក្រ ស្អែក​នេះ​នោះទេ។

សមាជិក​​ព្រឹទ្ធសភា​​បក្ស​​សម រង្ស៊ី ​ប្រកាស​​មិន​​ចូលរួម​​ត្រួត​ពិនិត្យ​​សេចក្តី​ស្នើ​ច្បាប់​​NGOs​
សមាជិក​​ព្រឹទ្ធសភា​​បក្ស​​សម រង្ស៊ី ​ប្រកាស​​មិន​​ចូលរួម​​ត្រួត​ពិនិត្យ​​សេចក្តី​ស្នើ​ច្បាប់​​NGOs​ @Siphan Phay
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី គ្រោង​នឹងធ្វើ​ពហិកា​នេះ គឺ​ដោយសារតែ​ពួកគេ​យល់ថា សេចក្តីស្នើច្បាប់​ស្តីពី​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ម្យ៉ាងទៀត សេចក្តីស្នើច្បាប់​នេះ គឺ​ផ្ទុយ​នឹង​កតិកាសញ្ញា​អន្តរជាតិ និង​សេចក្តីថ្លែងការណ៍​ជា​សាកល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស។ លោក​គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ីបាន​ហៅ​ការប្រជុំ​របស់​ព្រឹទ្ធសភា​នៅ​ថ្ងៃស្អែក​នេះ ថា គ្រាន់តែ​ធ្វើឡើង ដើម្បី​បង្គ្រប់កិច្ច ដោយ​នឹងមិន​មានការ​កែប្រែ​អ្វី​នោះទេ។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា គម្រោង​ធ្វើពហិកា​នេះ មិនមែនជា​រឿង​ប្លែក​នោះទេ សម្រាប់​គណបក្សប្រឆាំង ព្រោះ​កាល​នៅ​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ធ្វើពហិកា​បែបនេះ​ផងដែរ។ លោក​បញ្ជាក់ថា ការធ្វើ​ពហិកា​ជា​សិទ្ធិ​របស់​គណបក្សប្រឆាំង តែ​ដំណើរ​ការបើក​ការប្រជុំ ដើម្បី​ត្រួតពិនិត្យ​សេចក្តីស្នើច្បាប់​នេះ​នៅតែ​ប្រព្រឹត្តទៅ​ជាធម្មតា។ សមាជិកសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ១៣ កក្កដា កន្លងទៅ ធ្លាប់បាន​ធ្វើពហិកា​ម្តង​រួចមកហើយ ដោយ​មិន​ចូលរួម​ប្រជុំ​សភា ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។

ស្រប​ពេលដែល​គណបក្ស​សម រង្ស៊ី បានប្រកាស​ធ្វើពហិកា​នេះ ម​ជ្ឈ​ម​ណ្ឌ​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើសុំ​ព្រឹទ្ធសភា​ពិចារណា​កែប្រែ​ជាបន្ទាន់​ឫ​បដិសេធចោល​សេចក្តីស្នើច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ តាមរយៈ​លិខិត​ចំហ​របស់ខ្លួន​ទៅកាន់​លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា​កាលពី​ថ្ងៃ​ពុធ ម​ជ្ឈ​ម​ណ្ឌ​សិទ្ធិមនុស្ស​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ដោយ​បញ្ជាក់ថា ប្រសិនបើ​ច្បាប់​នេះ ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់​នោះ នឹង​បណ្តាល​ឲ្យ​មានការ​រឹតបន្តឹង​យ៉ាងធ្ងន់ធ្ងរ​លើ​ការ​សិទ្ធិសេរីភាព​ខាង​បង្កើត​សមាគម សេរីភាព​ខាង​បញ្ចេញមតិ​និង​ជួបប្រជុំ​និង​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​សាធារណៈ។

ជាមួយគ្នានេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ខាង​សិទ្ធិសេរីភាព​ក្នុងការ​ជួបប្រជុំ​ដោយ​សន្តិវិធី និង​ស្តីពី​ការបង្កើត​សមាគម​កាលពី​ថ្ងៃទី១៥ កក្កដា ក៏បាន​ជំរុញ​ឲ្យ​ព្រឹទ្ធសភា បដិសេធ​សេចក្តីស្នើច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ផងដែរ។

លោក​គង់ គាំ បាន​លើកឡើងថា ការស្នើ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងនេះ​នឹងមិន​មាន​ប្រសិទ្ធភាព​នោះទេ ព្រោះថា​ព្រឹទ្ធសភា​កម្ពុជា​មិនដែល​ខ្វាយខ្វល់​នឹង​សំណើ​ណាមួយ​ពី​សង្គម​ស៊ីវិល​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ