អានតួអត្ថបទ
កម្ពុជា

សម្តេច​ក្រុម​ព្រះ​គាំទ្រ​ការ​រួបរួម​គ្នា​តែ​ហៅ ម៉ម សូណង់ដូ ​ថា​ជា​បក្ស​ប្រឆំាង​ថ្មី

បន្ទាប់​ពី​ជំនួប​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ ចិន​នៅ​ទីក្រុង​ប៉េកាំង ​សម្តេច​ក្រុម​ព្រះ​បាន​ សម្តែង​ព្រះទ័យ​គាំ​ទ្រ​ដល់​សិទ្ធិ​របស់​លោក​ម៉ម សូណង់ដូ ​ក្នុង​ការ​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​ឡើងវិញ។ ​លើស​ពី​នេះ​មេបក្ស​ហ្វុនស៊ីនប៉ិច​ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​២២​មេសា​ម្សិលមិញ ​បាន​ហៅ​គណបក្ស​របស់​លោក​ ម៉ម សូណង់ដូ​ ថា​ជា​គណបក្ស​ប្រឆាំង​ថ្មី​មួយ​ជំនួស​គណបក្ស​ប្រឆាំង​សព្វថ្ងៃ​ដែល​ដឹកនាំ​ដោយ​លោក សម រង្សី ​និង​ លោកកឹម សុខា។​មិនមាន​ការ​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ​ទាក់​ទង​ទៅ​នឹង​បន្ទូល​របស់​សម្តេច​ក្រុម​ព្រះបែប​នេះ​ ពី​សំណាក់​គណបក្ស​សង្គ្រោះជាតិ។

សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ ​
សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ ​ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មាន​បន្ទូល​លើក​ឡើង​ពី​ព្រះរាជ​សុខភាព​ព្រះមហាក្សត្រ​ និង​សម្តេច​ម៉ែ ​ដែល​បាន​គង់​​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​មួយ​រយៈ ដើម្បី​ឲ្យ​គ្រូពេទ្យ​ចិន​ ពិនិត្យ​ព្រះរាជ​សុខភាព​ សម្តេច​ ក្រុម​ព្រះនរោត្តម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ្វុនស៊ីនប៉ិច​ បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ព្រលាន​យន្តហោះ​ អន្តរជាតិ​ ភ្នំពេញ​កាល​ពី​ល្ងាចម្សិលមិញ​ទាក់ទង​ទៅ​នឹង​ការ​បង្កើត​គណបក្ស​​ឡើងវិញ​របស់​ លោក ម៉ម សូណង់​ដូថា​ វាជា​សិទ្ធិ​របស់​ខ្មែរ​ម្នាក់ៗ។

សម្តេច​ក្រុម​ព្រះ​ដែល​ចំណាយ​ពេល​វេលា​ពីរថ្ងៃ​គឺ​ថ្ងៃ​ពី​ថ្ងៃ​ទី​២១​ដល់​២២ ​មេសា ​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​ហ្វុនស៊ីនប៉ិច​ ទៅ​ទស្សនកិច្ច​ និង​ជួប​មេដឹកនាំ​បក្សកុម្មុយនិស្ត​ ចិន​ មាន​បន្ទូល​បញ្ជាក់​ថា​លោក​ម៉ម សូណង់ដូ ​ប្រធាន​វិទ្យុ​សំបុកឃ្មុំ ​មើល​ឃើញ​ថា​ លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ ទំនង​លែង​ប្រឆាំង​ហើយ​តាម​រយៈភាព​ល្អូកល្អើន​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​កន្លង​មក។

ក៏​ប៉ុន្តែ​មេបក្ស​រាជានិយម​រូបនេះ ​បាន​បន្ត​លើក​ឡើង​ពី​បន្ទូល​របស់​សម្តេចឪ​កាល​ពី​ឆ្នាំ​២០០៣​ថា ​លោក​ចង់​ឲ្យ​ខ្មែរ​ទាំងអស់​គ្នា​រួមគ្នា ​ដោយ​ពេល​នេះ​សម្តេច​ក្រុម​ព្រះ​សម្តែង​នូវ​ការ​សប្បាយ​ព្រះទ័យ​ប្រសិន​បើ​គណបក្ស​ទាំងអស់​ធ្វើ​រដ្ឋាភិបាល​រួមគ្នា។

ដោយ​មិនមាន​ជំនឿ​ថា​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សូណង់​ដូច​ដែល​អវត្តមាន​ពី​សង្វៀន​ប្រកួត​ជា​ច្រើន​អាណត្តិ​ទៅ​ហើយ​នោះ​ រួម​ជាមួយ​នឹង​ហ្វុនស៊ីនប៉ិច​ សម្តេច​ក្រុម​ព្រះ​បាន​ហៅ​គណបក្ស​លោកម៉ម សូណង់ដូ​ ថា​ជា​គណបក្ស​ប្រឆាំង​មួយ​ថ្មី​ ហើយ​ដែល​លោក​ស្វាគមន៍​ក្នុង​ការ​ជួប​ជជែក​ជាមួយ​លោក ​សូណង់ដូ។

គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃ​នេះ​ទាក់ទង​ទៅ​នឹង​បន្ទូល​របស់​សម្តេច​ក្រុម​ព្រះ។​ជា​ការ​កត់​សម្គាល់​ ការ​បង្ហើ​បន្ទូល​របស់​មេបក្ស​ហ្វុនស៊ីនប៉ិច​នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លើក​តម្កើន​វប្បធម៌​សន្ទនា​ រវាង​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​និង​លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ