ច្បាប់គណបក្សនយោបាយ៖ ព្រឹទ្ធសភាកម្ពុជាបានអនុម័តទាំងស្រុង ដោយមិនមានវត្តមានសមាជិកសភាបក្សប្រឆាំង
ក្រោយពីព្រឹទ្ធសភាកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅថ្ងៃទី១៨ ខែកក្កដានេះ អនុប្រធានបក្សប្រឆាំងបានបញ្ជាក់ថាក្រុមតំណាងរាស្ត្រគណបក្សនេះ នឹងថ្វាយលិខិតទៅព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដាស្អែកនេះ ដើម្បីទូលពិតពីចំណុចខ្វះខាត ដែលមាននៅក្នុងសេចក្តីស្នើច្បាប់នេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៦
ការណ៍ដែលតំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងនឹងទូលពិតព្រះមហាក្សត្រ ដោយសារតែចំណុចមួយចំនួននៃសេចក្តីស្នើច្បាប់នោះ ប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា ដែលការពារសិទ្ធិពលរដ្ឋឲ្យចូលរួមនៅក្នុងវិស័យនយោបាយ។ នេះបើតាមលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ។
លោកចាន់ វិបុល បណ្ឌិតវិទ្យាសាស្ត្រនយោបាយបានហៅការថ្វាយលិខិតទៅព្រះមហាក្សត្ររបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងថា គឺជាយន្តការមួយនៃការតស៊ូមតិ នៅពេលដែលបក្សប្រឆាំងមិនយល់ស្របនឹងច្បាប់នោះ។ លោកចាន់ វិបុលមិនអាចបញ្ជាក់បានទេថាការថ្វាយលិខិតទៅព្រះមហាក្សត្រ នឹងបានលទ្ធផលបែបណានោះ។
គួរជម្រាបជូនថានៅព្រឹកថ្ងៃទី១៨ ខែកក្កដា ព្រឹទ្ធសភាកម្ពុជាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយឥតកែប្រែចំនួន ៤២ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ដោយឡែកសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីមិនបានចូលរួមក្នុងការអនុម័តនេះទេ។
ក្រុមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៨ កក្កដា ចាត់ទុកការផ្តល់មតិយោបល់លើច្បាប់គណបក្សនយោបាយនោះថា មានចរិតនយោបាយ គាបសង្កត់ទៅលើសិទ្ធិបុគ្គល និងគាបសង្កត់មកលើគណបក្សនយោបាយក្នុងន័យកម្ចាត់កម្ចាយខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយតែប៉ុណ្ណោះ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថាសេចក្តីស្នើច្បាប់នេះ មិនស្របតាមគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាលោកម៉ម ប៊ុននាង បានបញ្ជាក់ប្រាប់វិទ្យុបារាំងថារាល់ច្បាប់ ដែលបង្កើតឡើង គឺមិនមែនដើម្បីកម្ចាត់កម្ចាយ ឬបំបែកបំបាក់ជាតិនោះទេ ប៉ុន្តែច្បាប់បង្កើតឡើង គឺដើម្បីពង្រឹងនីតិរដ្ឋ និងកុំឲ្យមានការបែកបាក់ជាតិ។ លោកបន្ថែមថាបើសេចក្តីស្នើច្បាប់នោះ មានចំណុច ដែលមិនត្រឹមត្រូវ គួរតែតំណាងរាស្ត្រគណបក្សប្រឆាំង និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងចូលមកជជែកគ្នា។
សូមបញ្ជាក់ថាសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានរដ្ឋសភាកម្ពុជាអនុម័តទាំងស្រុង នៅថ្ងៃទី១០ កក្កដា។ សេចក្តីស្នើច្បាប់នេះ ត្រូវបានស្នើឡើង បន្ទាប់ពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ មាត្រាថ្មីនៃច្បាប់គណបក្សនយោបាយនេះនឹងមិនអនុញ្ញាតឲ្យបក្សនយោបាយ ឃុបឃិតជាមួយទណ្ឌិតនោះឡើយ សូម្បីតែការប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត ដែលជាប់ទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ