អានតួអត្ថបទ
កម្ពុជា

កម្ពុជា​កំពុង​រៀប​ចំ​ផែន​ការ​បង្កើត​ព្រលាន​យន្ត​ហោះ​ថ្មី​ជំនួស​ឲ្យ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ

រដ្ឋាភិបាល​កំពុង​រៀប​ចំ​ផែន​ការ​បង្កើត​ព្រលាន​យន្ត​ហោះ​ថ្មី​ជំនួស​ឲ្យ​អាកាស​យាន​ដ្ឋាន​អន្តរជាតិភ្នំពេញ​នៅ​ឆ្នាំ​២០៣៥ គឺ​នៅ​សល់​រយៈ​ពេល​២៤​ឆ្នាំ​ខាង​មុខ​ទៀត។ តាម​គម្រោង​រដ្ឋាភិបាលគ្រោង​សាង​សង​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ​មាន​រយៈ​ចម្ងាយ​៩០​គីឡូ​ម៉ែត្រ​ពី​ក្រុង។​ តែ​អ្នក​ជំនាញ ផ្ដល់​យោលបល់​ថា ចម្ងាយ​៦០​គីឡូ​ម៉ែត្រ​ពី​ក្រុង​គឺ​ជា​ចំនួន​មួយ​សម​ល្មម។ ទន្ទឹមនេះអ្នកជំនាញផ្នែក​អាកាសចរណ៍​ដដែល បាន​ព្យាករណ៍​ទុក​ថា ព្រលាន​យន្ត​ហោះ​ក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្នអាច​ដំណើរ​ការ​បាន​ត្រឹម​តែ​រយៈ​ពេល​២៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

@Vinci Airport
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ពុធ​ទី​២០​មករា លោក ស៊ិន ចាន់​សេរីវុត្ថា អគ្គ​នាយក​រង​បច្ចេក​ទេសនៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​លើក​ឡើង​ថា ផែន​ការ​បង្កើត​ព្រលាន​យន្ត​ហោះ​ថ្មី​គឺស្ថិត​នៅ​ក្នុង​គម្រោង​ត្រៀម​ទុក​ជា​ស្រេច​រួច​ហើយ របស់​រដ្ឋាភិបាល​សម្រាប់​ទស្សនៈ​វិស័យ​អភិវឌ្ឍ​ក្រុង។ លោក​ថា ផែន​ការ​បង្កើត​ព្រលាន​យន្ត​ហោះ​ធ្វើ​ឡើង ខណៈ​ដែល​ព្រលាន​​យន្តហោះ​អន្តរ​ជាតិ​ក្រុង​ភ្នំពេញ​អាច​ដំណើរ​ការ​បាន​ត្រឹម​រយៈ​ពេល​២៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ដោយ​សារមិន​អាច​ឆ្លើយ​តប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​នឹង​មាន​ការ​កើន​ឡើង​៦​លាន​នាក់​នៅ​រយៈពេល​២៤​ឆ្នាំ​ខាង​មុខ។

លោក ស៊ិន ចាន់សេរីវុត្ថា ក៏​នៅ​មិន​ទាន់​ដឹង​ពី​ទី​តាំង​នៃ​ព្រលាន​យន្ត​ហោះ​ថ្មី ​និង​ទំហំ​ទឹក​ប្រាក់​សម្រាប់​ការ​សាង​សង់​ដែរ ព្រោះ​បញ្ហា​ទាំង​អស់​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា។ ប៉ុន្តែ​លោក​បាន​ផ្ដល់​ជា​យោបល់​ថា ព្រលាន​យន្ត​ហោះ​ក្រុង​ភ្នំពេញ​គួរ​តែ​ផ្លាស់​ប្ដូរ​ទី​តាំង​ និង​ពង្រីក​ទំហំបន្ថែម​សម្រាប់​ផែន​ការ​ម្ភៃ​ឆ្នាំ​ខាង​មុខ។ មូល​ហេតុ​ដោយ​សារ​តែ​ព្រលាន​យន្ត​ហោះ​នា​ពេល​បច្ចុប្បន្ន​ផ្ទុក​អ្នក​ដំណើរ​បាន​តែ​ជាង​បី​លាន​នាក់។ បី​លាន​នាក់​ជា​ចំនួន​មួយ​ដែល​លោក​យល់​ថា ស្ទើរ​តែ​ពិបាក​ទ្រាំ​ទ្រ​ណាស់​ទៅ​ហើយ ជា​មួយ​ព្រលាន​យន្ត​ហោះ​ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ​មកនេះ។ ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ក្រុង​ភ្នំពេញ បង្កើត​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០។

ប្រសិន​បើ​គម្រោង​នៃ​ការ​បង្កើត​ព្រលាន​យន្ត​ហោះ​ថ្មី​ទទួល​បាន​ជោគ​ជ័យ​នឹង​លេច​ចេញ​ជា​រូបរាង​មែន​នោះ​ គឺ​ព្រលាន​យន្ត​ហោះ​ក្រុង​ភ្នំពេញ​នឹង​រក្សា​ទុក​ក្នុង​ជម្រើស​ពីរ ទី១-សម្រាប់​ជើង​ហោះហើរ​ក្នុង​ស្រុក​ទី២-រក្សា​ទុក​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ដើម្បី​ទាញ​យក​ថវិកា​មក​សាង​សង​ព្រលាន​យន្ត​ហោះ​ថ្មី។

សូម​បញ្ជាក់​ថា កម្ពុជា​មាន​ព្រលាន​យន្ត​ហោះ​ចំនួន​បី​កន្លែង​សម្រាប់​បំរើ​ផ្លូវ​អាកាស​រួម​មាន​៖ ព្រលាន​យន្ត​ហោះ​ក្រុង​ភ្នំពេញ​ទទួល​អ្នក​ដំណើរ​បាន​ចំនួន​៣​លាន​នាក់, ព្រលាន​យន្ត​ព្រះសីហនុទទួល​បាន​អ្នក​ដំណើរ​៣០​ម៉ឺន​នាក់ និង​ព្រលាន​យន្ត​ហោះ​សៀមរាប​ទទួល​បាន​អ្នក​ដំណើរប្រហាក់​ប្រហែល​ខេត្ត​ព្រះសីហនុ​ដែរ​។

ជា​ការ​រំពឹង​ទុក​របស់ លោក ស៊ិន ចាន់សេរីវុត្ថា ​នា​ពេល​អនាគត​គិត​ត្រឹម​រយៈ​ពេល​២០​ឆ្នាំ​ខាងមុខ​ព្រលាន​យន្ត​ហោះ​ព្រះ​សីហនុ​នឹង​ក្លាយ​ព្រះ​លាន​យន្ត​ហោះ​មួយ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​អ្នក​ដំណើរ​៦​លាន​នាក់ ដោយ​សារ​ថា​​នៅខេត្ត​​ព្រះសីហនុ​មាន​សក្តានុ​ពលពាណិជ្ជកម្ម​និង​ទេសចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ