អានតួអត្ថបទ
កម្ពុជា

និយ័តករ​ទូរគមនាគមន៍​កម្ពុជា៖ ក្រុម​ហ៊ុន​ផ្តល់​សេវាទូរស័ព្ទ​គួរ​ពង្រឹង​គុណ​ភាព​សេវា​របស់​ខ្លួន

អ្នក​នាំពាក្យ​នៃ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៧ ខែ​មេសា នេះ បាន​ទទូច​ស្នើសុំ​ដល់​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ពិនិត្យ​ឡើង​វិញ​លើ​ការ​ពង្រឹង​គុណ​ភាព​សេវា​របស់​ខ្លួន​ជូន​អ្នក​ប្រើប្រាស់​។ ជា​ការ​ទទូច ដែល​ធ្វើ​ឡើង​ខណៈ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រកួត​ប្រជែង​គ្នា​លើ​តម្លែ​ក្នុង​បណ្តាញ ឬ​កម្ម​វិធី​ថែម​លុយ​។

តារាងល្បឿនអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៨
តារាងល្បឿនអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៨ RFI
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អ្នក​នាំ​ពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា មក​ទល់​បច្ចុប្បន្ន​នេះ​គុណ​ភាព​សេវា​បណ្តាញ​ទូរស័ព្ទ​ចល័ត​នៅ​តែ​ជា​បញ្ហា​ចោទ និង​មិន​ទាន់​ឃើញ​បណ្ណា​ប្រតិបត្តិករ​បណ្តាញ​ទូរស័ព្ទ​ចល័ត​បាន​ធ្វើ​ការ​កែ​សម្រួល និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ឡើយ ជា​ពិសេស​នៅ​តាម​តំបន់​ឆ្ងាយ​ៗ​ពីទី​ប្រជុំ​ជន ក្រោយ​ពី​និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​ចេញ​សេច​ក្តី​ណែនាំ​មួយ កាល​ពី​ថ្ងៃទី២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ។

កន្លង​មក​ក្រសួង​ប្រៃសណីយ៍​ ក៏ដូច​ជា​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ធ្លាប់​បាន​ណែ​នាំ​ឲ្យ​ក្រុម​ហ៊ុន ផ្តល់​សេវាទូរ​ស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​រៀប​ចំកែ​សម្រួល​ប្រព័ន្ធ និង​បណ្តាញ​ផ្តល់​សេវា​ទូរគមនាគមន៍​របស់​ខ្លួន​ឲ្យ​មាន សមត្ថភាព បញ្ជូន​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ការ​ផ្តល់​តំបន់​គ្រប​ដណ្តប់​សេវា​ឲ្យ​ដល់​គ្រប់ទី កន្លែង​ផ្តល់​សេវា ទាំង ក្នុង​ទី​ប្រជុំ​ជន និង​ទាំង​ទី​ជនបទ​ដាច់​ស្រយាល ស្រប​តាម ស្តង់​ដារ​បច្ចេក​ទេស និង​គុណភាព សេវា​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ។

ក្រៅ​ពី​នេះ និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ក៏​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន​ពាក់​ព័ន្ធ ស្រប​តាម​ច្បាប់​ស្តីពី​បរិស្ថាន​ឲ្យ​បាន ម៉ឺង​ម៉ាត់​បំផុត​ មុន​ពេល​ធ្វើ​ការ​សាង​សង់​បរិក្ខារ​បណ្តាញ​ទូរគមនាគមន៍ នៅ​តាម រាជធានី និង​ទីប្រជុំជន ដើម្បី ចៀស​វាង​ឲ្យ​ផុត​ពី​ការ​ផ្តល់​ហានីភ័យ​បរិស្ថាន គ្រប់ ប្រភេទ ដល់​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ​របស់ ប្រជា​ពលរដ្ឋ និង​សង្គម​ជាតិ​ទាំង​មូល។​

ស្ថិតិ​សេវា​ទូរគមនាគមន៍​ឆ្នាំ២០១៧ បាន​បង្ហាញ​ថា​កម្ពុជា​មាន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត ចំនួន៧ ប្រតិបត្តិករ​អចល័ត​ចំនួន៨ ប្រតិបត្តករ​អ៊ីនធីណិត​ចល័ត៧ និង​ប្រតិបត្តិករ​អ៊ីនធឺណិត​អចល័តចំនួន៣៤។ ចំនួន​ស៊ីមកាត​ទូរស័ព្ទ​ចល័ត ដែល​បាន​ជួល​ជាវ​យក​ទៅ​ប្រើប្រាស់ មាន​ប្រមាណ ១៨លាន​ស៊ីម​កាត ត្រូវ​នឹង ១១៧,១៩ភាគរយ នៃ​ប្រជាជន​សរុប និង​មាន​កំណើន​ថយ​ចុះ​ប្រមាណ៦,៧៤ភាគរយ បើធៀប​ទៅ​នឹង​សិ្ថតិ​ឆ្នាំ២០១៦ ដែល​មាន​រហូត​ដល់​១៩លាន​ស៊ីមកាត​។

តារាង​ស្ថិតិ​ល្បឿន​អ៊ីនធឺណិត​ក្នុង​ពិភព​លោក ដែល​វាស់ស្ទង់​ដោយ​ក្រុមហ៊ុន Ookla របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែកុម្ភៈ បង្ហាញ​ថា​ល្បឿន​អ៊ឺនធឺណិត​នៅ​លើ​ទូរស័ព្ទ​ដៃ​ចល័ត​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទី​៨៦ ក្នុង​ចំណោម​ប្រទេស​១២៣​លើ​ពិភព​លោក ឬ​ល្បឿន​ទាញ​យក​ជា​មធ្យម​ប្រមាណ​១៥,៣៨មេហ្កាប៊ីត/វិនាទី(Mbps) និង​ល្បឿន​បញ្ជូនប្រមាណ​១២,២៣មេហ្កាប៊ីត/វិនាទី(Mbps)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ