អានតួអត្ថបទ
កម្ពុជា

បក្ស​យុវជន​កម្ពុជា​និង​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ចែក​ផ្លូវ​គ្នា​ដើរ ក្រោយ​ពេល​រួប​រួម​គ្នា​បាន​មិន​ដល់​មួយ​សប្ដាហ៍!

គណបក្ស​យុវជន​កម្ពុជា​និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ បន្ទាប់​ពី​រួប​រួម​គ្នា​បាន​មិន​ដល់​មួយ​សប្ដាហ៍​ផង​។ មូល​ហេតុ​នៃ​ការ​ចែក​ផ្លូវ​គ្នា​ដើរ​នេះ ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​ពន្យល់​ថា គឺ​ដោយ​សារ​តែ​បក្ស​ទាំង​ពីរ មិន​អាច​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ចុះ​ហត្ថលេខា​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​២៧​មករា​បាន​។

បក្ស​យុវជន​កម្ពុជា​ និង​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ ចែក​ផ្លូវ​គ្នា​ដើរ​ ក្រោយ​ពេល​រួប​រួម​គ្នា​បាន​មិន​ដល់​មួយស​ប្ដាហ៍!
បក្ស​យុវជន​កម្ពុជា​ និង​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ ចែក​ផ្លូវ​គ្នា​ដើរ​ ក្រោយ​ពេល​រួប​រួម​គ្នា​បាន​មិន​ដល់​មួយស​ប្ដាហ៍!
ផ្សាយពាណិជ្ជកម្ម

លោក ពេជ្រ ​ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ថ្លែង​​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​រៀង​ៗ​ខ្លួន​ ដោយ​សារ​តែបក្ស​ទាំង​ពីរ​​មិន​ទុក​ចិត្ត​គ្នា មិន​អាច​ធ្វើ​ការ​រួម​គ្នា​បាន។

ប្រធាន​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ លោក ញ៉ែម វណ្ណថន បាន​ទទួល​ស្គាល់​ថា បញ្ហា​មិន​ទុក​ចិត្ត​គ្នា គឺ​ជា​ញញួរ​វាយ​បំបែក​សម្ព័ន្ធ​ភាព​ដែល​បក្ស​ទាំង​ពីរ​ចង​ភ្ជាប់​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧​មករា​។ ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​តែ​មួយ​នោះ​ឡើយ​។ ការ​រៀបចំ​រចនាសម្ព័ន្ធ​នៅ​តាម​មូលដ្ឋាន​ដើម្បី​ឈាន​ទៅ​កាន់​ការ​បោះ​ឆ្នោត​ខាង​មុខ ក៏​ជា​រឿង​ចម្រូង​ចម្រាស់​ដែល​គណបក្ស​ទាំង​ពីរ​និយាយ​មិន​ចុះ​សម្រុង​គ្នា​ដែរ​​។ គណបក្ស​យុវជន​កម្ពុជា​ចង់​ផ្ដោត​តែ​ទៅ​លើ​ខេត្ត​ត្បូង​ឃ្មុំ​ដូច​ផែនការដែល​ដាក់​ចេញ​ពី​ដំបូង ចំណែក​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ​ចង់​ពង្រីក​ទៅ​ដល់​មូលដ្ឋាន​រឹង​មាំ​របស់​ខ្លួន ដែល​មាន​នៅ​ខេត្ត​តាកែវ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល​។ ក្រៅ​ពី​នោះ ទស្សនៈ​នយោបាយ​មិន​ស្រប​គ្នា និង​របៀប​ធ្វើ​ការ​មិន​សូវ​ស៊ី​សង្វាក់​គ្នា​ល្អ​អំពី​រចនា​សម្ព័ន្ធ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​បក្ស​ទាំង​ពីរ​បែក​បាក់​ផង​ដែរ​។ នេះ​បើ​តាម​លោក ញ៉ែម វណ្ណថន​។

លោក​សារភាព​​ថា ការ​បែក​បាក់​គ្នា​លើក​នេះ ផ្ដើម​ចេញ​​ពី​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ​​មិ​នទុក​ចិត្ត​គណបក្ស​យុជន​កម្ពុជា ហើយ​មិន​អាច​ធ្វើ​ការ​រួម​គ្នា​បាន​។ ប្រធាន​បក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ​រូប​នេះ ​សម្ដែង​ការ​សោក​ស្ដាយ​។ សោកស្ដាយ​ព្រោះ​គណបក្ស​លោក​​ផ្ដល់​តម្លៃ​ដល់​កម្លាំង​នៃ​ការ​រួបរួម​គ្នា​។ ប៉ុន្តែ​ប្រសិន​បើ​ការ​រួម​រួម​គ្នា​នោះជួប​បញ្ហា​តាំង​ពី​ដំបូង​ទៅ​ហើយ គេ​គួរ​ចែក​ផ្លូវ​គ្នា​ដើរ​ដោយ​សន្តិវិធី​។

គួរ​ជម្រាប​ជូន​ថា គណបក្ស​យុវជន​កម្ពុជា​និង​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​រួប​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៧​មករា​។ គណបក្ស​ទាំង​ពីរ​ចាត់​ទុក​ការ​រួបរួម​គ្នា​នោះ​​ថា ជា​គំរូនៃ​ការ​ធ្វើ​ការ​រួម​គ្នា​រវាង​អ្នក​នយោបាយ ដើម្បី​ផល​ប្រយោជន៍​ជាតិ​។ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​បាន​មើល​ឃើញ​តាំង​ពី​ដំបូង​រួច​ហើយ​ថា ការ​រួបរួមនេះ ទំនង​ជា​ឈរ​លើ​ផល​ប្រយោជន៍​បក្ស ច្រើន​ជាង​ប្រយោជន៍​ជាតិ ហើយ​មិន​អាច​គង់វង្ស​​ស្ថិតស្ថេរ​​យូរ​អង្វែង​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ