អានតួអត្ថបទ
កម្ពុជា

​អាជ្ញាធរជាតិ​អប្សរា កំពុង​រំដោះ​​ជំនន់​ទឹក​ភ្លៀង «តិច​តួច» ចេញ​ពី​តំបន់​បេតិកភណ្ឌ

ទឹក​ភ្លៀង​ដែល​ធ្លាក់​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បានបង្ក​ឲ្យមាន​ទឹក​ដក់​នៅ​​ប្រាសាទ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​។ ជំនន់​​ទឹក​ភ្លៀង​នៅ​តំបន់​ខ្លះ​ក្នុង​បរិវេណ​ប្រាសាទ ត្រូវ​បាន​អាជ្ញាធរ​អប្សរា​គូស​បញ្ជាក់​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់​គ្រង​បាន​។ និង​ថា នាយកដ្ឋាន​គ្រប់​គ្រង​ទឹក​នៃ​​អាជ្ញាធរជាតិ​​អប្សរា កំពុង​តែ​រំដោះ​ជំនន់​ទឹក​ភ្លៀងដ៏​តិច​តួច​នោះ​​ចេញ​ពី​តំបន់​បេតិកភណ្ឌ​ពិភព​លោក​នេះហើយ​។

ស្រះ​ទឹក​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត ពោរ​ពេញ​ដោយ​ទឹក បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​។
ស្រះ​ទឹក​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត ពោរ​ពេញ​ដោយ​ទឹក បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​។ Apsara Authority
ផ្សាយពាណិជ្ជកម្ម

ការ​រំដោះ​ជំនន់​ទឹក​ភ្លៀង​ចេញ​ពី​តំបន់​ខ្លះ​ក្នុង​បរិវេណ​ប្រាសាទ​​នៅ​ក្នុង​ខេត្ត​សៀមរាប ធ្វើ​ឡើង​តាម​រយៈ​ការ​ជីក​ចង្អូរទឹក​ពី​តំបន់​ជន់​លិច ទៅ​កាន់​ស្រះ​ទឹក​ក្នុង​បរិវេណ​ប្រាសាទ ឬ​កសិណ​​ទឹក​ផ្សេង​ៗ​ដែល​អាច​ផ្ទុក​ទឹក​បាន​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក ឡុង កុសល បន្ត​ថា ការ​ជីក​ចង្អូរ​ទឹក​នោះ​ទៀត​សោត នាយកដ្ឋាន​ជំនាញ​នៃ​អាជ្ញាធរ​អប្សរា ប្រើ​ប្រាស់​ឧបករណ៍​ដោយ​ដៃ​សុទ្ធ​សាធ មិន​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ធន់​ធ្ងន់ ដែល​អាច​បង្ក​ការ​រំខាន​ដល់​ប្រាសាទ​បុរាណ​ខ្មែរ​ឡើយ​។

សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត ប្រាសាទ​មួយ​ចំនួន​ទៀត​ដែល​មាន​ទីតាំង​នៅ​តំបន់​ទំនាប ក៏​ត្រូវ​​​​ទឹក​ភ្លៀង​បង្ក​ឲ្យ​មាន​ទឹក​ដក់​ដែរ​​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា អះអាង​ថា កម្រិត​ជំនន់​ទឹក​ភ្លៀង​នេះ មិន​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ឡើយ ហើយ​ក៏​គ្មាន​បង្កផល​ប៉ះពាល់​​ដល់​ប្រាសាទ ឬ​ដល់​អ្នក​ទេសចរ​​ក៏​ទេ​ដែរ​។ មិន​ប៉ះ​ពាល់​ដោយ​សារ​តែវា​គ្រាន់​តែ​ជា​ទឹក​ដក់ ហើយ​មាន​តែ​នៅ​តំបន់​ខ្លះ​ក្នុង​បរិវេណ​ប្រាសាទ មិន​មែន​លិច​ប្រាសាទ​ទាំង​ស្រុង​ឡើយ​។ អាជ្ញាធរ​អប្សរា​រំពឹង​ថា ការ​រំដោះ​ទឹក​ដក់​ដោយ​សារ​​ទឹក​ភ្លៀង​នេះ នឹង​អាច​បញ្ចប់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​មិន​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​ថែម​ទៀត​ទេ​នោះ​។

សូមជម្រាប​ជូន​ថា ក្រៅ​ពី​មាន​ទឹក​ដក់​នៅ​តំបន់​ខ្លះ​ក្នុង​បរិវេណ​ប្រាសាទ​ក្នុង​ខេត្ត​សៀមរាប ភ្លៀង​និង​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃទី​១​និង​ថ្ងៃ​ទី​២​ខែ​តុលា ក៏​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​ជា​ច្រើន​ដើម​ក្នុង​បរិវេណ​រមនីយដ្ឋាន​អង្គរ​ដួល​រលំ​ផង​ដែរ​។ ដើម​ឈើ​ដែល​បាន​រលំ​ដួល​ដោយ​សារ​ភ្លៀង​លាយ​ខ្យល់ មាន​នៅ​ទីតាំង​សំខាន់​ៗ​ដូច​ជា៖ ​នៅ​ប្រាសាទ​តាព្រហ្ម ប្រាសាទ​ព្រះ​ខ័ន ប្រាសាទ​ភិមាន​អាកាស ប្រាសាទ​ភ្នំ​បាខែង ​សួន​គ្រឿង​ទេស រង្វង់​មូល​ចំបក់​កំណប់ កន្លែង​លក់​សំបុត្រ​ចូល​ទស្សនា​រមនីយដ្ឋាន​អង្គរ​ចាស់ ខាង​លិច​ប្រាសាទ​អង្គរ​វត្ត និង​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​។

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​តែ​រៀបចំ​កាត់​សម្អាត​ដើម​ឈើ​ដែល​រលំ​បាក់​ទាំង​នេះ​ចេញ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​ប្រាសាទ​។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​និង​សាធារណជន​ប្រុង​ប្រយ័ត្ន​ក្នុង​ដំណើរ​កម្សាន្ត​របស់​ខ្លួន ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់ខ្លាំង​ម្ដង​ៗ​។ ពេល​ភ្លៀង​ធ្លាក់​ខ្លាំង អាជ្ញាធរ​ជាតិ​អប្សរា​ចង់​ឲ្យ​អ្នក​ទេសចរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ដើម​ឈើ​ធំ​ៗ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណាមួយ​។ ហើយ​ប្រសិន​បើ​ពលរដ្ឋ​ប្រទះ​ឃើញ​ដើម​ឈើ​ណាមួយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់ អាជ្ញាធរ​អប្សរា​អំពាវនាវ​ឲ្យ​ជួយ​ផ្ដល់​ដំណឹង ដើម្បី​ឲ្យខ្លួន​អាច​កាត់​ក្រី​បាន​ទាន់​ពេល​វេលា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ