អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​ធ្វើ​សមាជ​រំលាយ​ខ្លួន​ ដើម្បី​បើកផ្លូវ​អោយ​សម្តេច​ក្រុម​ព្រះ​ទៅ​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច

គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​ ដែល​ទើប​តែ​បង្កើត​ឡើង​ដោយ​សម្តេច​ក្រុម​ព្រះនរោត្តម រណឬទ្ធិ​ បាន​ធ្វើ​សមាជ​រំលាយ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ​កាល​ពី​រសៀល​ថ្ងៃ​សៅរិ៍​ម្សិលមិញ​នេះ ​ដើម្បី​បើកផ្លូវ​អោយ​សម្តេច​ក្រុម​ព្រះ នរោត្តម​ រណឬទ្ធិ​ ទៅ​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច។ ​អង្គសមាជ​បាន​ធ្វើ​ឡើង​ ដោយ​គ្មាន​ការ​ព្រាង​ទុក​ជា​មុន​នោះ​ បាន​អនុម័ត​សម្រេច​រំលាយ​ឈ្មោះ​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ ​ដោយ​សម្លេង​គាំទ្រ​ជា​ឯកច្ឆ័ន្ទ។

សម្តេច​ក្រុម​ព្រះ​នរោត្តម ​រណឬទ្ធិ​។
សម្តេច​ក្រុម​ព្រះ​នរោត្តម ​រណឬទ្ធិ​។ សហការី
ផ្សាយពាណិជ្ជកម្ម

អង្គសមាជ​ដែល​រៀបចំ​ធ្វើឡើង​ដោយ​គ្មាន​ការ​ព្រាង​ទុក​ និង​ដោយ​តក់ក្រហល់​នេះ​ បាន​ប្រារព្ធ​ធ្វើឡើង​ កាលពី​រសៀល​ថ្ងៃ​សៅរិ៍​ទី១៧មករា​ នៅឯ​ទីស្នាក់ការ​គណបក្ស​សង្គមរាស្ត្រ​រាជាធិបតេយ្យ​ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ដោយ​មាន​សមាជិក​២៥០នាក់​ចូលរួម។ ​អង្គសមាជ​បាន​ធ្វើ​ឡើង​ ក្រោម​អធិបតីភាព​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ​ ដោយ​បាន​អនុម័ត​សម្រេច​រំលាយ​ឈ្មោះ​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​ជា​ផ្លូវការ​ ដោយ​សម្លេងគាំទ្រ​ជា​ឯកច្ឆ័ន្ទ។

បើតាម​បន្ទូល​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម​ រណឬទ្ធិ​ នៅ​ក្នុង​អង្គសមាជ​កាល​ពី​ថ្ងៃ​សៅរិ៍ ​សម្តេច​ក្រុម​ព្រះ​ ហាក់​មិន​ដាច់​ចិត្ត​រំលាយ​គណបក្ស​របស់​ព្រះអង្គ​ដែល​ទើប​តែ​បង្កើត​ថ្មី​នេះ​ទេ។

សូម​បញ្ជាក់​ជូន​ថា​ អង្គសមាជ​រំលាយ​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​កាល​ពី​ថ្ងៃ​សៅរិ៍​ បាន​ធ្វើ​ឡើង​ មុន​១ថ្ងៃ​ ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ក៏​គ្រោង​នឹង​រៀបចំ​ធ្វើ​សមាជ​ថ្នាក់ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៩មករា​ នៅឯ​មជ្ឈមណ្ឌល​សន្និបាត​កោះពេជ្រ​ ដើម្បី​ជ្រើសតាំង​សម្តេច​ក្រុម​ព្រះ នរោត្តម រណ​ឬទ្ធិ​ ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើង​វិញ។ ​ដូច្នេះ​ មុន​នឹង​សម្តេច​ក្រុម​ព្រះនរោត្តម​ រណឬទ្ធិ វិល​ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​ ព្រះអង្គ​ត្រូវ​តែ​រំលាយ​គណបក្ស​ចាស់​របស់​ព្រះអង្គ​ជាមុន​ស៊ិន។

បើតាម​លោក​ ទុំ សម្បុរ ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ អង្គសមាជ​របស់​គណបក្ស​ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៨និង៣០នាទី​ព្រឹក​តទៅ​ ដោយ​ផ្តើម​ចេញ​ពី​ការ​ឡើង​ថ្លែង​សុន្ទរកថា​របស់​ព្រះអនុជ នរោត្តម​ អរុណរស្មី​ ដើម្បី​ថ្វាយ​ឋានៈ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ​ ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ បន្ទាប់​មក​ក៏មាន​ពិធី​ថ្វាយ​ត្រា​និង​ទង់​គណបក្ស​ មុន​ពេល​ដែល​សម្តេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ​ មាន​បន្ទូល​ទៅ​កាន់​អង្គសមាជ​ ក្នុង​នាម​ព្រះអង្គ​ ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ បើតាម​គម្រោង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្មី​តែ​អ្នកដឹកនាំ​ចាស់​នេះ​ នឹង​មាន​សម្តេច​ក្រុម​ព្រះ​ជា​ព្រះប្រធាន​ សម្តេចព្រះអនុជ​ នរោត្តម អរុណរស្មី ​ជា​អនុប្រធាន​ទី១ និង​លោក ញឹក ប៊ុនឆៃ ជា​អនុប្រធាន​ទី។ ចំណែកឯ​ថ្នាក់ដឹកនាំផ្សេងៗទៀត នឹងមាន​ការសម្រេច​តែងតាំង​នៅពេល​ក្រោយ។  

បើតាម​ការបញ្ជាក់​ពី អ្នក​ម្នាង នរោត្តម ផល្លា​រណឬទ្ធិ​ ប្រធាន​គណៈកម្មាធិការ​សមាជ អង្គសមាជ​នៅ​ថ្ងៃ​ចន្ទ​ទី១៩មករា នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង២០០០នាក់ ដោយ​មិន​គិតពី​ភ្ញៀវ​ជាតិ អន្តរជាតិ និង​អ្នក​សា​ព័​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ