អានតួអត្ថបទ
កម្ពុជា

មេដឹកនាំបក្សប្រឆាំង​ វាយ​ប្រហា​រ​លើ​​​បក្ស​​បង្កើត​​ថ្មី​ ហើយ​​អំពាវនាវ​​សកម្មជន ​អ្នក​គាំទ្រ ​កុំ​​ឲ្យ​​បែកបា​ក់​

បន្ទាប់​ពី​​វិល​​ត្រឡប់​​មក​ពី​​អឺរ៉ុប​​វិញ​ លោក​សម រង្ស៊ី​ និង​​លោក​កឹម ​សុខា ​មេ​ដឹកនាំ​​​គណបក្ស​​សង្គ្រោះ​ជាតិ ​បាន​ដាក់​​កាល​វិភាគ ​ចុះ​​មូលដ្ឋាន​​ជួប​​សកម្មជន​ អ្នក​គាំទ្រ ​តាម​​បណ្តា​​ខេត្ត​​ជា​ច្រើន​ កាល​ពី​​ថ្ងៃ​​ពុធ​ នៅ​​ខេត្ត​កំពង់​ស្ពឺ ​បន្ត​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ នៅ​​ខេត្ត​កោះកុង ​ព្រះសីហនុ ​ខេត្ត​ស្វាយរៀង ​និង​​ខេត្ត​កណ្តាល ​រហូត​ដល់​​ថ្ងៃទី​១៧​មករា​។ ​នៅ​តាម​​បណ្តា​​ខេត្ត​​ទាំង​នោះ ​លោក​​សម រង្ស៊ី ​បាន​អំ​ពា​វនា​វ​​ដល់​​សកម្មជន​​ អ្នក​គាំទ្រ​ ឲ្យ​​បន្ត​​រួបរួម​ កុំ​​បែកបាក់​។ ​លោក​​សម រង្ស៊ី ​ក៏​​ចាប់ផ្តើម​​វាយ​ប្រហារ​​មិ​ន​​ចំ​ឈ្មោះ​លើ​​គណបក្ស​​ទើប​​បង្កើត​​ថ្មី​ថា ​​ដើម្បី​​ជួយ​​ដល់​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ប៉ុណ្ណោះ​។​

លោកសម រង្ស៊ី ​​ថ្លែង​ទៅ​កាន់​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ពុធ ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៥​
លោកសម រង្ស៊ី ​​ថ្លែង​ទៅ​កាន់​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ពុធ ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៥​ @Kem Sokha Facebook
ផ្សាយពាណិជ្ជកម្ម

គឺ​កាលពី​ថ្ងៃ​ពុធ ទី១៤មករា នៅ​ខេត្តកំពង់ស្ពឺ លោក​សម រង្ស៊ី បានប្រកាស​ទៅកាន់​សកម្មជន អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គណបក្ស​ថ្មី ដែល​ទើប​បង្កើត និង​គ្រោង​នឹង​បង្កើត​នោះ ដើម្បី​តែ​បំបែក​សំឡេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​គូប្រជែង​តែ១គត់ នឹង​គណបក្ស​ប្រជាជន​កម្ពុជា ទោះជា​គណបក្ស​ទាំងនោះ ដឹងខ្លួន​ហើយ​ថា មិនមែន​ដើម្បី​ឈ្នះ​ខ្លួនឯង​ក៏ដោយ តែ​ធ្វើ ដើម្បី​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។ ដូច្នេះ​តាម​លោក​សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ អ្នកប្រជាធិបតេយ្យ និង​អ្នក​សេ្ន​ហា​ជាតិ ត្រូវតែ​បន្ត​រួបរួមគ្នា។

លោកសម រង្ស៊ី បាន​បញ្ជាក់ថា “ដូច្នេះ​សូម​បងប្អូន​គិតពិចារណា! គណបក្សតូចៗ ដែល​មក​ហ្នឹង​ណា! ដឹងខ្លួន​ហើយ ដឹងខ្លួន​ថា ខ្លួន​មិន​ងាយ​ឈ្នះ​ទេ។ បើ​ខ្លួន​ចេញមក មក​គ្រាន់តែ​រំខាន​យើង មក​បំបែក​សំឡេង​ពី​យើង​បន្តិច នោះ​គណបក្ស​ប្រជាជន ចំណេញ។ គណបក្សតូចៗហ្នឹង អត់​មាន​ឈ្នះ​ខ្លួនឯង​ទេ ដែល​ធ្វើ​ហ្នឹង ធ្វើ​ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​ឈ្នះ។ បងប្អូន​យល់! បងប្អូន​មិនត្រូវ​លេងសើច​ជាមួយ​គណបក្សតូចៗហ្នឹង​ទេ។ ពួក​គណបក្សតូចៗហ្នឹង គឺ​បម្រើ ចង់​មិន​ចង់ ដឹងខ្លួន ឬ​មិនដឹង​ខ្លួន ដឹងខ្លួន​ហើយ ធ្វើ​មិនដឹង​ខ្លួន មក​បន្លំ​ទៀត តែ​គណបក្សតូចៗហ្នឹង គឺ​បម្រើ​ប្រយោជន៍​គណបក្ស​ប្រជាជន​ទេ។ ខ្លួនឯង ដឹងថា អត់​ឈ្នះ។ ធ្វើ​នេះ ដើម្បី​ជួយ​គណបក្ស​ប្រជាជន។ បំបែក​សំឡេង​យើង​តែ​បន្តិច ក៏​អាចជួយ​គណបក្ស​ប្រជាជន​បានដែរ"។

ការលើកឡើង​របស់លោក​សម រង្ស៊ី​ដូច្នេះ ទោះជា​មិន​ចេញ​ឈ្មោះ​ឲ្យ​ចំ តែ​គេ​ដឹងថា សំដៅលើ​ក្រុម​លោកកែម ឡី អ្នកស្រាវជ្រាវ​សង្គម ព្រមទាំង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិលមួយចំនួន ដែលជា​ស្ថាបនិក​បណ្តាញ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​សង្គម ឬ​ខ្មែរ​ដើម្បី​ខ្មែរ។ ក្រុម​បណ្តាញ​ថ្មី​នោះ កំពុង​គៀរគរ​ប្រជាពលរដ្ឋ បង្កើត​គណបក្ស​នៅ​មូលដ្ឋាន ដែល​នឹង​អាច​លេច​ជា​រូបរាង ក្នុង​ខែមីនា។

ដោយ​បដិសេធថា មិនមាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពីក្រោយ លោកកែម ឡី បានចាត់ទុក​ការវិភាគ​របស់លោក​ស​ម រ​ង្ស៊ី ថា​មិនទាន់​គ្រប់​ជ្រុងជ្រោយ ហើយ​ថា ការវាយប្រហារ​នោះ ជាការ​ជួយ​ឃោសនា​ឲ្យ​បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ។ បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ ដែល​តាម​លោកកែម ឡី មានបំណង​តែមួយគត់ ដើម្បី​ឲ្យ​ពលរដ្ឋ មានចំណេះដឹង មានបទពិសោធន៍​នយោបាយ​កាន់តែច្រើន។

លោកកែម ឡី បញ្ជាក់ថា “ជារួម​យើង​បើកចំហ។ យើង​បើកចំហ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​ថវិកា យើង​បើកចំហ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​ព័ត៌មាន។ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ គាត់​សង្ស័យ​អីចឹង គាត់​អាចបង្កើត​ក្រុម​ធំ​មួយ មានការ​ស៊ើបអង្កេត។ យើង​ទទួល ឬមួយ​ក៏​សង្ស័យថា មាន​ហិរញ្ញវត្ថុ​ពី​គណបក្ស​ប្រជាជន​អី ពី​ស្ថាប័ន​ណាក៏ដោយ អាចមាន​ថវិកា​ជួល​ស្ថាប័ន​សវនកម្ម ឲ្យ​មានការ​ស៊ើបអង្កេត អាហ្នឹង យើង​ទទួល ពីព្រោះ យើង​ធ្វើ​នេះ គឺ​តាម​សមត្ថភាព តាម​លទ្ធភាព​យើង។ ចូល​លុយ​គ្នាតិចតួចៗ ដើម្បី​ធ្វើ​ថ្ងៃ​សៅរ៍​ ថ្ងៃអាទិត្យ​អ៊ីចឹង”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ