អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី​អះអាង​ថា​ដើម្បី​ជួយ​លោក​កឹម សុខា​បាន ទាល់​តែ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះ​ឆ្នោត

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​យប់​មិញ លោក​សម រង្ស៊ី ប្រធាន​ចលនា​សង្រ្គោះ​​ជាតិ​បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត ដែល​ការ​ធ្វើ​បែប​នេះ​លោក​ថា នឹង​ជួយ​ឲ្យ​លោក​កឹម សុខា មាន​សេរីភាព​ឡើង​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​កំពូល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខា​ នៅ​ក្នុង​ពន្ធនាគារ។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ហៅ​ការ​អំពាវនាវ​នេះ​ថា ជា​ការ​បោក​ប្រាស់​ពលរដ្ឋ​ខ្មែរ ព្រោះ​ថា លោក​កឹម សុខា មិន​អាច​មាន​សេរីភាព​ដោយ​សារ​តែ​រឿង​នេះ​បាន​ឡើយ។

លោកសម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​
លោកសម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ @ Sam Rainsy's Facebook page
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​នេះ វា​មិន​មែន​ជា​រឿង​ថ្មី នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ថ្មី និង​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ថា ការ​អំពាវនាវ​លើក​នេះ លោក​សម រង្ស៊ី​បាន​ទាញ​លោក​កឹម សុខា មក​ភ្ជាប់​ជាមួយ។ លោក​កឹម សុខា ដែល​ជា​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​សម្រេច​រក្សា​ការ​ឃុំ​ខ្លួន​បន្ត​ទៀត​នៅ​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​បើក​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ចន្ទ។ ការ​តម្តល់​ការ​បន្ត​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​តាម​ការ​សម្រេច​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ពន្យារ​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា រយៈ​ពេល​៦​ខែ​ទៀត​នៅ​ក្នុង​ពន្ធនាគារ។

សម្រាប់​លោក​សម រង្ស៊ី ការ​មិន​ព្រម​ដោះ​លែង​លោក កឹម សុខា ពី​ពន្ធនាគារ​នា​ពេល​នេះ គឺ​ដោយ​សារ​តែ​លោក​អះអាង​ថា​លោក កឹម សុខា នៅ​តែ​ស្មោះ​ត្រង់​ជាមួយ​ប្រជារាស្ត្រ​ខ្មែរ និង​ថា លោក​កឹម សុខា មិន​ព្រម​បោះ​បង់​ចោល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ​ហើយ បើ​តាម​លោក​សម រង្ស៊ី​ដដែល ដើម្បី​ជួយ​លោក កឹម សុខា ឲ្យ​ទទួល​បាន​សេរីភាព​ឡើង​វិញ​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ទៅ​បោះ​ឆ្នោត​ទេ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក កឹម សុខា និង អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី នេះ ថា​ជា​ការ​បោក​ប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធ​សាធ និង​ថា ជា​ការ​ឆ្លៀត​ឱកាស​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​លោក​កឹម សុខា ​ពី​ពន្ធនាគារ​តែ​ប៉ុណ្ណោះ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ថា ករណី​លោក​កឹម សុខា គឺ​ជា​រឿង​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ។

សូម​កត់​សម្គាល់​ថា ជា​បន្ត​បន្ទាប់ លោក​សម រង្ស៊ី តាម​រយៈ​ទំព័រ​ទំនាក់​ទំនង​បណ្តាញ​សង្គម និង​វេទិកា​នានា​នៅ​ក្រៅ​ប្រទេស​តែង​តែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះ​ឆ្នោត​នា​ខាង​មុខ​នេះ។ តាម​លោក​សម រង្ស៊ី ការ​មិន​បោះ​ឆ្នោត គឺ​ស្មើ​នឹង​បន្ត​គាំទ្រ​អតីត​បក្ស​ប្រឆាំង តែ​បើ​ទៅ​បោះ​ឆ្នោត​វិញ គឺ​ស្មើ​នឹង​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​បន្ត​ទៀត។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ចំអក​ទៅ​វិញ​ថា ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះ​ឆ្នោត​នោះ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​សារ​គ្មាន​អ្នក​ណា​ជឿ​លោក​សម​ រង្ស៊ី​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ