អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គជប ចុះ​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ខណៈ​លោក សម រង្ស៊ី អំពាវនាវ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត

មន្រ្តី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ចុះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ អំពី​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតីកាល​ទី​៦ ​ឆ្នាំ​២០១៨ ជូន​ដល់​សិស្ស និង​គ្រូ​បង្រៀន​ចំនួន​៨០០​នាក់ នៅ​ខេត្ត​តាកែវ។ យុទ្ធនាការ​របស់​គ.ជ.ប នេះ​ធ្វើ​ឡើង នៅ​ខណៈ​ដែល​លោក សម រង្ស៊ី អំពាវនាវ​ជា​ថ្មី​ទៀត​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត បើ​គេ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម។

រូបភាព​តំណាង៖ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប
រូបភាព​តំណាង៖ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប
ផ្សាយពាណិជ្ជកម្ម

លោក ឌឹម សុវណ្ណរុំ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ គឺ​ធ្វើ​ឡើង​តាម​ប្រតិទិន​របស់​គ.ជ.ប ឲ្យ​ពលរដ្ឋ​យល់​ដឹង​ពី​ច្បាប់ និង​ឲ្យ​ច្បាស់​ថា​គ.ជ.ប ជា​ស្ថាប័ន​អនុវត្ត​ច្បាប់។

លោក កន សាវ៉ាង មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ការ​ឆ្នោត​មួយ​ហៅ​កាត់​ថា ខុមហ្រ្វែល បាន​ទទួល​ស្គាល់​ពី​ភាព​សកម្ម​របស់​គ.ជ.ប​នៅ​ពេល​នេះ​ក្នុង​ការ​បញ្ច្រាប​ព័ត៌មាន​ដល់​អ្នក​បោះ​ឆ្នោត ​តែ​លោក​ថា នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ គឺ​ត្រូវ​បង្កើន​ការ​អប់​រំ​តាម​ប្រព័ន្ធ​ផ្សាយ​ និង​អាជ្ញាធរ​មូលដ្ឋាន​បន្ថែម​ទៀត។

ប៉ុន្តែ ភាព​សកម្ម​របស់​គ.ជ.ប ក្នុង​ការ​ចុះ​បញ្ច្រាប​នៃ​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ព្រមាន​ថា អ្នក​ទៅ​បោះ​ឆ្នោត​អាច​មាន​ចំនួន​តិច។ មាន​ចំនួន​តិច​ដោយ​សារ​តែ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គូរ​ប្រជែង​ដែល​មាន​អ្នក​គាំទ្រ​ប្រកៀក​ប្រកិត​នឹង​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ។ នេះ​ជា​ការ​កត់​សំគាល់​របស់​ លោក កន សាវ៉ាង ។

ត្រង់​ចំណុច​នេះ លោក ឌឹម សុវណ្ណរុំ គូស​បញ្ជាក់​ថា គ.ជ.ប មិន​ស្តាប់​នរណា​បញ្ជា​នោះ​ទេ​ប៉ុន្តែ​គ.ជ.ប អំពាវនាវ​ឲ្យ​មាន​ការ​គោរព​ច្បាប់។​ ច្បាប់​ថ្មី​ដែល​អ្នក​នាំ​ពាក្យ​រូប​នេះ​សំដៅ​ដល់​មាត្រា​១៤២ ដែល​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល ដោយ​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ ដល់​អ្នក​រារាំង​ការ​ទៅ​បោះ​ឆ្នោត។

បើ​តាម គ.ជ.ប គឺ​មាន​គណបក្ស​៣ ដែល​បាន​ចុះ​បញ្ជី​រួច​រាល់​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ២៩ កក្កដា ២០១៨ ខាង​មុខ​នេះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា។ ទន្ទឹម​នឹង​នោះ គឺ​មាន​គណបក្ស​៦​ទៀត​ដែល​បាន​បញ្ជាក់​ពី​ជំហរ​ចុះ​បញ្ជី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នេះ ដោយ​បាន​រៀប​ចំ​ប្រាក់​កក់​១៥​លាន​រៀល នៅ​រតនាគាជាតិ​នៃ​កម្ពុជា។ ហើយ​ថា​សរុប​ទាំង​អស់​មាន​គណបក្ស​នយោបាយ​ចំនួន​២១ កំពុង​បំពេញ​បែប​បទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ