មហោស្រពតន្ត្រី និងចម្រៀងថ្នាក់ជាតិឆ្នាំ២០១៥ ប្រកាសជ័យលាភី
ការប្រលងតន្ត្រី និងចម្រៀងថ្នាក់ជាតិនៅឆ្នាំ២០១៥ ដែលមានរយៈពេល៦សប្តាហ៍ បានបិទបញ្ចប់ដោយផ្តល់កិត្តិយសលេខ១ទៅក្រុមតន្ត្រីមកពីខេត្តប៉ៃលិន លេខ២បានទៅក្រុមតន្ត្រីនៅខេត្តពោធិ៍សាត់ និងលេខ៣បានទៅលើក្រុមតន្ត្រីក្នុងខេត្តព្រៃវែង។ ថ្វីបើគណ:កម្មការរៀបចំមហោស្រពឆ្នាំនេះ មាន«មោទនភាព» ចំពោះបរិមាណក្រុមតន្ត្រី ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងក៏ដោយ ក៏មានការវាយតម្លៃថា «ព្រលឹងរបស់តន្ត្រីសម័យខ្មែរ»នៅមិនទាន់រកឃើញឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៣
មហោស្រពតន្ត្រី និងចម្រៀងថ្នាក់ជាតិឆ្នាំ២០១៥ទទួលបានបទចម្រៀងចំនួន៤៨បទ និងសិល្ប:ករ សិល្បៈការិនីចំនួន១៨៦នាក់ ដែលបានចូលរួមប្រកួតប្រជែងយកតំណែងជើងឯកឆ្នាំ២០១៥។
ក្រោមល័ក្ខខណ្ឌ័ថា ក្រុមតន្ត្រីនីមួយៗមានសមាជិកមិនលើសពី១០នាក់ និពន្ធបទភ្លេង សម្រួលតន្ត្រី និងទំនុកច្រៀងថ្មី សម្រាប់បទចម្រៀងចំនួន០២បទ ក្រុមតន្ត្រីមកពីខេត្តបៃលិនដណ្តើមបានជ័យលាភីលេខ១ ក្រុមតន្ត្រីមកពីខេត្តពោធិ៍សាត់ជាប់ចំណាត់ថ្នាក់ទី២ និងក្រុមតន្ត្រីមកពីខេត្តព្រៃវែងឈរនៅលំដាប់ទី។
«គណ:កម្មការរៀបចំមហោស្រពមានមោទនភាពយ៉ាងក្រៃលែង ចំពោះបរិមាណក្រុមតន្ត្រី»។ នេះជា ការថ្លែងរបស់លោក ជា ច័ន្ទបរិបូរណ៍ ដែលជាអនុប្រធានប្រចាំការនៃមហោស្រពតន្ត្រីចម្រៀងសម័យថ្នាក់ជាតិឆ្នាំ២០១៥ ដែលបានបិទបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០១៥។
ទន្ទឹមនឹងនេះដែរ លោក ជា ច័ន្ទបរិបូរណ៍ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មានផង និងជាអ្នកតំណាងឱ្យគណៈកម្មការផ្តល់ពិន្ទុផង បានឱ្យដឹងថាបន្ថែមទៀតថា៖ «ក្នុងចំណោមបទចម្រៀងទាំង៤៨បទ មានបទចម្រៀងប្រមាណ៨៧ភាគរយ ជាបទចម្រៀងបែបទសវត្សរ៍ឆ្នាំ៦០ ឆ្នាំ៧០ និងប្រមាណ១៣ភាគរយប៉ុណ្ណោះ ជាបទចម្រៀងបែបយុវវ័យ»។
ក្នុងចំណោមចំណុចខ្លាំង និងចំណុចខ្សោយជាច្រើន លោក ជា ច័ន្ទបរិបូរណ៍ ដែលជាបណ្ឌិតផ្នែកតន្ត្រីផង បានថ្លែងនៅក្នុងឱកាសបិទមហោស្រពតន្ត្រី និងចម្រៀងថ្នាក់ជាតិឆ្នាំ២០១៥នោះថា៖ «អ្វីដែលយើងប្រឹងរកតទៅទៀត គឺព្រលឹងរបស់តន្ត្រីសម័យខ្មែរ»។
ព្រឹត្តិការណ៍ឆ្នាំ២០១៥នេះ គឺជាលើកទី៣នៃមហោស្រពតន្ត្រី និងចម្រៀងថ្នាក់ជាតិដែលក្រសួងព័ត៌មានកម្ពុជាបានរៀបចំឡើង ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាស្ថាប័នរដ្ឋមួយចំនួនទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ