អានតួអត្ថបទ
កម្ពុជា

៣​ខែ​ដើម​ឆ្នាំ​២០១៥ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជិត​១៥​ម៉ឺន​តោន

កម្ពុជា​នាំ​ចេញ​អង្ករ​បានចំនួន​១៤​ម៉ឺន ៩​ពាន់៤៦៤​​តោន គិត​ត្រឹម​ត្រី​មាស​ទី​១ ឆ្នាំ​២០១៥​នេះ​។ របាយការណ៍​ចេញ​ផ្សាយ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ថា នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៥​នេះ អង្ករ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង​៧​ម៉ឺន​៥​ពាន់​តោន កើន​ឡើង​ជាង​ការ​នាំ​ចេញ​ក្នុង​ខែ​កុម្ភៈ និង​ខែ​មករា​ដើម​ឆ្នាំ​នេះ​។

ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

៣​ខែ​ដើម​ឆ្នាំ​២០១៥​នេះ អង្ករ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​បរទេស​មាន​ចំនួន​ជិត​១៥​ម៉ឺន​តោន​។ ក្នុង​នោះ​ខែ​មីនា នាំ​ចេញ​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​ទៅ​ជាង​៧​ម៉ឺន​៥​ពាន់​តោន​។ ចំនួន​នេះ កើន​ឡើង​ប្រមាណ​១១២,១៧​ភាគ​រយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​តែជាង​​៣ម៉ឺន​៥​ពាន់​តោន​តែ​ប៉ុណ្ណោះ​។

​បើ​តាម​របាយការណ៍​ប្រចាំ​ខែ​មីនា របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​ប្រភេទ​អង្ករ​ចំនួន​៤ ដែល​កម្ពុជា​នាំ​ចេញ​។ ក្នុង​នោះ នៅ​ក្នុង​ខែ មីនា​ឆ្នាំ​២០១៥​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ផ្កា​ម្លិះ​ចំនួន​២ម៉ឺន​៥​ពាន់​៣២០​តោន ស្មើ​នឹង​៣៤​ភាគ​រយ​។ អង្ករ​ក្រអូប ចំនួន​៦​ពាន់​៣៤៧​តោន ស្មើ​នឹង​៨​ភាគ​រយ​។ អង្ករ ស ចំនួន ៤​ម៉ឺន​១​៧៨​តោន ស្មើ​នឹង​៥៣​ភាគ​រយ និង​អង្ករ​ចំហុយ​៤​ពាន់​២២​តោន ស្មើ​នឹង​៥​ភាគ​រយ​។

នៅ​ក្នុង​ការ​នាំ​ចេញ​ប្រចាំ​ខែ​មីនា​នេះ ក្រុមហ៊ុន Golden Rice Cambodia នាំ​មុខ​គេនៅ​ក្នុង​ចំនោម​ក្រុមហ៊ុន​ទាំង​៦១ ដែល​បាន​នាំ​ចេញ​អង្ករ​ខ្មែរ​ទៅ​បរទេស​។ Golden Rice Cambodia នាំ​អង្ករ​ចេញ​បាន ១​ម៉ឺន​១​ពាន់​៧៩៧​តោន​។ តាម​ពី​ក្រោយ​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ​គឺ​ក្រុមហ៊ុន Khmer Food Group នាំ​ចេញ​បាន​៨​ពាន់​៧៦៩​តោន​។ និង​ចំណាត់​ថ្នាក់​លេខ​បី គឺ​ក្រុមហ៊ុន AMRU Rice Cambodia នាំ​ចេញ​អង្ករ​បាន ៧​ពាន់​៨៦៨​តោន​។

របាយការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចិន​គឺ​ជា​ប្រទេស​ដែល​នាំ​ចូល​អង្ករ​កម្ពុជា​ច្រើន​ជាង​គេ ប្រចាំ​ខែ​មីនា ឆ្នាំ​២០១៥​នេះ​។ ប្រទេស​ម៉ាឡេស៊ី គឺ​ជា​ប្រទេស​នាំ​ចូល​អង្ករ​កម្ពុជា​ច្រើន​ទី​២ និង​ទី​៣​ធ្លាក់​ទៅ​លើ​ប្រទេស​បារាំង។ គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ប្រមាណ​៣៨​ម៉ឺន​៧​ពាន់​តោន កើន​ឡើង​បន្តិច​បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​៣៧​ម៉ឺន​៨​ពាន់​តោន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ