អានតួអត្ថបទ
កម្ពុជា

លោក ​សម រង្ស៊ី ៖ «ទង្វើ​ទាំង​អស់​ពី​សំណាក់​គណបក្ស​ប្រជាជន​គឺ​ជា​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ»​

លោកសម រង្ស៊ី ដែល​កំពុងស្ថិត​នៅ​ក្រៅ​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​បញ្ចេញ​សារ​ខ្លាំង​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​របស់​លោកថាគណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ។​លោកស​ម រង្ស៊ី​ បាន​លើក​ហេតុផល​នានា​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នយោបាយ​ថ្មី​​ៗ​មួយ​ចំនួន​ដែល​ទី​បញ្ចប់​ឈាន​ទៅ​ចេញ​ដីការ​ចាប់​ខ្លួ​នលោក។​ក៏​ប៉ុន្តែអ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ហៅកា​រ​លើក​ឡើង​របស់​លោក​សម រង្ស៊ី ថាជា​ការ​បញ្ចេញម​តិ ​ដែល​មិន​បាន​ការ។​

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​
លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

នៅក្នុ​ងសំណេរ​ប្រមាណ​ជា​១​ទំព័រ​ ជា​ភាសាខ្មែរ​និង​អង់គ្លេស​នៅ​ថ្ងៃ​ពុធ​ទី​១៨​វិច្ឆិកា​នេះ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក សម រង្ស៊ី បាន​សរសេរ​ថា ​ទង្វើ​ទាំង​អស់​ដែល​កើត​មាន​ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជាគឺ​ជា​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ​ ដែល​នាំ​មក​នូវ​ផល​ប៉ះពាល់​ផ្លូវ​ច្បាប់ ​និង​ផ្លូវ​នយោបាយ ​ដូច​រដ្ឋ​ប្រហារ​យោធា ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ថ្ងៃ​ ៥-៦​កក្កដា​ ឆ្នាំ​១៩៩៧ អញ្ចឹងដែរ​ ដែល​ផល​ប៉ះពាល់​ចម្បង​ គឺ​បំផ្លាញ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ដែល​មាន​ធានា​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​

លោក​សម រង្ស៊ី រៀបរាប់​ថា​បន្ទាប់​ពី​ទង្វើ​យ៉ាង​យ៉ង់​ឃ្នង​​មួយ​ចំនួន​ថ្មី​ៗ​នេះ ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ​មក​លើ​គណបក្សស​ង្គ្រោះ​ជាតិ ​ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ ដាក់​ពន្ធនាគារ​ ការ​វាយ​ដំយ៉ាង​សាហាវ​មក​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​២​រូប​គឺ​លោក​ ញ៉យ ចំរើន និង​លោក គង់ សភា ការ​ដក​លោក ​កឹម សុខា ចេញ​ពីតំណែង​អនុប្រធាន​ទី​១ ​រដ្ឋសភា ​និង​ទង្វើ​បន្ថែម​ទៀត​ជាចុ​ងក្រោយ ​គឺ​ការ​ចេញ​ដីកា​ឲ្យ​ចាប់​រូប​លោក ​ក្នុង​ឋានៈ ​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ទោះ​ជា​លោក​មាន​អភ័យ​ឯកសិទ្ធិ​សភា​យ៉ា​ងណា​ក៏​ដោយ។​

មេបក្ស​ប្រឆាំង​ បញ្ចប់​សំណេរ​របស់​លោក​ថា​ ទង្វើ​ទាំង​អស់​នេះ ​ឈាន​ទៅ​ដល់​ការ​បញ្ចប់​តួនាទី​របស់​គណបក្ស​ប្រឆាំង​តែ​មួយ​គត់ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ហើយ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​វិល​​ត្រឡប់​ទៅ​រក​ប្រព័ន្ធ​បក្ស​តែ​មួយ ​ដូច​មុន​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១។

ពាក់ព័ន្ធនឹង​សារ​នយោបាយ​របស់​លោក​សម រង្ស៊ី នេះដែរ​ លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា​ ការលើក​ឡើង​របស់​មេបក្ស​ប្រឆាំង
​គឺ​ជា​ទំលាប់​របស់គាត់ ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ​ហើយ​ក៏​មិន​ប៉ះពាល់គណបក្ស​ប្រជាជន​ ដែរ។​

សូម​បញ្ជាក់​ថា​ លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋសភា​ចេញ​សេចក្តី​សម្រេច​ ដក​ហូត​សិទ្ធិ​ បុព្វសិទ្ធ​និង​សមាជិកភាព​ជា​អ្នក​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ទី១​៦វិច្ឆិកា​ ដោយ​យោង​ទៅ​លើរ​ដ្ឋធម្មនុញ្ញ​ បទ​បញ្ជា​ផ្ទៃក្នុង​ និង​លក្ខន្តិកៈ​អ្ន​កតំណាង​រាស្ត្រ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​អនុវត្តសាល​ដី​កា​ចាប់​ខ្លួន​លោក ​លើក​រណីប​ណ្តឹង​បរិហារកេរ្តិ៍លោក​ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ