អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី រង​ពិន័យ​ជា​ប្រាក់​១៦០​លាន​រៀល​លើ​បណ្តឹង​បរិហាកេរ្តិ៍​លោក ហេង សំរិន

តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​កក្កដា​ឆ្នាំ​២០១៦​នេះ បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ដោយ​ពិន័យ​ជា​ប្រាក់​១៦០​លាន​រៀល។ ជា​បណ្តឹង​បរិហា​កេរ្តិ៍​ដែល​ប្តឹង​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា។ ជុំវិញ​សេចក្តី​សម្រេច​នេះ លោក គី តិច មេធាវី​តំណាង​លោក ហេង សំរិន មិន​ទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​នោះ​ទេ ខណៈ​មេធាវី​លោក សម រង្ស៊ី មិន​ចាប់​អារម្មណ៍​ទៅ​លើ​សំណុំ​រឿង​នេះ​ឡើយ។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្អែក​ទៅ​លើ​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ ដែល​បាន​សម្រេច​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា បាន​បរិហាកេរ្តិ៍​លោក ហេង សំរិន​ជា​សាធារណៈ។ ក្នុង​នោះ តុលាការ​ទីក្រុង​ភ្នំពេញ បាន​សម្រេច​ពិន័យ​ប្រាក់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ចំនួន​១៦០​លាន​រៀល ដោយ​បាន​បែង​ចែក ១០​លាន​រៀល​បង់​ចូល​ថវិកា​រដ្ឋ និង​១៥០​លាន​រៀល​ទៀត សម្រាប់​សង​ជម្ងឺ​ចិត្ត​ដល់​ភាគី​ដើម​បណ្តឹង។

នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ រស់​ ពិសិដ្ឋ​ ជា​ចៅក្រម​ជំនុំ​ជម្រះ​ បន្ទាប់​ពី​បាន​បើក​សវនាការ​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​ជា​២​ម៉ោង​ ដោយ​មិន​មាន​ភាគី​មេធាវី​តំណាង លោក សម រង្ស៊ី ចូល​រួម​ឡើយ។

គួរ​រំលឹក​ជូន​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជា​លើក​ទី​២ បាន​រង​បណ្តឹង​បរិហាកេរ្តិ៍​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា បន្ទាប់​ពី​លោក​បាន​បង្ហោះ​វីដេអូ​ខ្លីប​មួយ កាល​ពី​ថ្ងៃ​ទី​១៧​វិច្ឆិកា​ឆ្នាំ​មុន​ ដោយ​បាន​ចោទ​ប្រកាន់​របប​រដ្ឋ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហេង សំរិនថា បាន​កាត់​ទោស​ព្រះ​បរម​រតនកោដ្ឋ សម្តេច​ព្រះ នរោត្តម សីហនុ ថា ​ជា​ជន​ក្បត់​ជាតិ។

ជុំវិញ​សេចក្តី​សម្រេច​នេះ លោក គី តិច មេធាវី​តំណាង​លោក ហេង សំរិន នៅ​មិន​ទាន់​ពេញ​ចិត្ត​នៅ​ឡើយ​ទេ។ លោក គី តិច បាន​អះអាង​ថា ការ​សម្រេច​បង់​ប្រាក់​ពិន័យ​១៥០​លាន​រៀល​ទៅ​ឲ្យ​កូន​ក្តី​របស់​លោក គឺ​មិន​ទាន់​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី បាន​ធ្វើ​មក​លើ​កូន​ក្ដី​របស់​លោក​នោះ​ឡើយ។ លោក​បន្ត​ថា កូន​ក្តី​របស់​លោក​ គឺ​លោក ហេង សំរិន ក្នុង​នាម​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជ​នកម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា​ផង បាន​រង​ប៉ះពាល់​កិត្តិយស​យ៉ាង​ធ្ងន់​ធ្ងរ។ គួរ​ជម្រាប​ជូន​ថា លោក គី តិច មេធាវី​តំណាង​លោក ហេង សំរិន បាន​ប្តឹង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន​៣០០​លាន​រៀល។

សូម​បញ្ជាក់​ដែរ​ថា ក្រៅ​ពី​សំណុំ​រឿង​បរិហាកេរ្តិ៍​លោក ហេង សំរិន នេះ លោក សម រង្ស៊ី កំពុង​ញ៉ាំញី​ដោយ​បណ្តឹង​ចំនួន​៣​ផ្សេង​ទៀត។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ធ្លាប់​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុបារាំង​អន្តរជាតិ RFI ថា កុំ​ថា​ឡើយ​បណ្តឹង៤ ដែល​កំពុង​ប្រឆាំង​នឹង​លោក ទោះ​បណ្តឹង​១០០ ក៏​លោក​មិន​ចាប់​អារម្មណ៍​ឡើយ។ ដោយ​ឡែក ជុំវិញ​អវត្តមាន​មេធាវី​ការពារ​ក្តី​លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ​វិញ ត្រូវ​បាន​លោក ជូង ជូងី មេធាវីប្រចាំ​គណបក្ស​សង្រ្គោះ​ជាតិ​អះអាង​ថា មក​ពី​លោក សម រង្ស៊ី មិន​ឲ្យ​តម្លៃ​ទៅ​លើ​បណ្តឹង​នេះ ហើយ​លោក​ក៏​មិន​បាន​ពឹង​ពាក់​មេធាវី​ឲ្យ​ការពារ​ក្តី​លើ​សំណុំ​រឿង​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ