អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោក សម រង្ស៊ី នៅ​តែ​បន្ត​លើក​ឡើង​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៩ ខែ​កក្កដា

ជា​ថ្មី​ម្តង​ទៀត លោក សម រង្ស៊ី បាន​អះអាង​តាម​រយៈ​បណ្តាញ​សង្គម​របស់​លោក​ថា ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាង​មុខ​នេះ មិន​មែន​ជា​ថ្ងៃ​បោះ​ឆ្នោត​នោះ​ទេ តែ​ជា​ថ្ងៃ​អាយុ​ជីវិត​របស់​ប្រទេស​កម្ពុជា។ ជា​ការ​លើក​ឡើង​ដដែលៗ​របស់​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ខណៈ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​សល់​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ។

លោកសម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ
លោកសម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ @ Sam Rainsy's Facebook page
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី តាម​រយៈ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​អះអាង​ថា ប្រសិន​បើ​ពលរដ្ឋ​កម្ពុជា​ទៅ​បោះ​ឆ្នោត នោះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ប្រទេស​កម្ពុជា ពី​ព្រោះ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ នឹង​អនុញ្ញាត​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់​អំណាច​ត​ទៅ​ទៀត ហើយ​ការ​កាន់​អំណាច​ត​ទៅ​ទៀត នឹង​ឲ្យ​ធ្វើ​ខូច​ខាត​ដល់​ប្រទេស​កម្ពុជា។

អតីត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស តាម​រយៈ​វីដេអូ​៣​នាទី​នោះ បាន​បន្ត​វាយ​ប្រហារ​ខ្លាំងៗ មក​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ហើយ​បាន​លើក​ឡើង​ពី​ការ​ជំពាក់​បំណុល​ប្រទេស​វៀតណាម និង​ចិន ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បច្ចុប្បន្ន។

អំឡុង​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា លោក សម រង្ស៊ី បាន​ធ្វើ​យុទ្ធនាការ​ផ្សាយ​ខិត្តប័ណ្ណ​អេឡិចត្រូនិច តាម​បណ្តាញ​សង្គម ដើម្បី​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា។ ជា​ការ​បោះ​ឆ្នោត ដែល​អតីត​គណបក្ស​ប្រឆាំង​អះអាង​ថា​ក្លែង​ក្លាយ ព្រោះ​អវត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ។​ ក្រៅ​ពី​ការ​ផ្សាយ​ខិត្តប័ណ្ណ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក មន្ត្រី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ទៀត បាន​ធ្វើ​យុទ្ធនាការ​សិទ្ធិ​ម្រាម​ដៃ​ស្អាត ដើម្បី​បង្ហាញ​ពីការ​មិន​ចូល​រួម​បោះ​ឆ្នោត។

ផ្ទុយ​ទៅ​វិញ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា ការ​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត ម្តង​ហើយ​ម្តង​ទៀត​របស់​លោក សម រង្ស៊ី នេះ គឺ​ជា​ការ​អំពាវនាវ ដែល​គ្មាន​ប្រសិទ្ធភាព។ លោក សុខ ឥសាន បន្ត​ថា យុទ្ធនាការ​កៀង​គរ និង​ភូត​កុហក ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​របស់​អតីត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង មិន​មាន​ក្តី​សង្ឃឹម​ទេ ខណៈ​ដែល​ថ្ងៃ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។

គួរ​ជម្រាប​ជូន​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាង​មុខ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូល​រួម​ប្រកួត​ប្រជែង។ មក​ទល់​ពេល​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) កំពុង​ញាប់​ដៃ​ញាប់​ជើង​បំពេញ​ការងារ​របស់​ខ្លួន ដោយ​សន្លឹក​ឆ្នោត​មួយ​ចំនួន​ត្រូវ​បាន​ដឹក​ទៅ​កាន់​មណ្ឌល​បោះ​ឆ្នោត​នានា​ជា​បន្ត​បន្ទាប់ និង​ប្រកប​ដោយ​សុវត្ថិភាព។ សន្តិសុខ​ត្រូវ​បាន​ត្រៀម អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ក៏​ត្រូវ​បាន​កំណត់​រួច​រាល់​ជា​ស្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ