អានតួអត្ថបទ
កម្ពុជា-នយោបាយ

ឆ្លើយ​តប​នឹង​គ.ជ.ប៖ លោក​សម រង្ស៊ី​ថា ពលរដ្ឋ​មាន​សិទ្ធិ​មាន​យោបល់​ជុំវិញ​ការ​ទៅ​ឬ​មិន​ទៅ​បោះ​ឆ្នោត

លោក​សម​ រង្ស៊ី អតីត​ប្រធាន​បក្ស​ប្រឆាំង កាល​ពី​ល្ងាច​ម្សិល​មិញ​បាន​ចេញ​មុខ​មក​ពន្យល់​ពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទៅ​ឬ​មិន​ទៅ​បោះ​ឆ្នោត។ ការ​ចេញ​មុខ​របស់​លោក​សម រង្ស៊ី​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) បាន​ជំរុញ​ជា​ថ្មី​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធានការ​ទៅ​លើ​អ្នក​ដែល​ធ្វើ​សកម្មភាព​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។ ប៉ុន្តែ​សម្រាប់​លោក​សម រង្ស៊ី ការ​មាន​មតិ​ជុំវិញ​ការ​ទៅ​ឬ​មិន​ទៅ​បោះ​ឆ្នោត​របស់​ពលរដ្ឋ ​គឺ​គ្មាន​ច្បាប់​ណា​ផ្តន្ទា​ទោស​ឡើយ។

លោកសម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ
លោកសម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ @ Sam Rainsy's Facebook page
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក លោក​សម រង្ស៊ី បាន​អះអាង​ថា ការ​ទៅ​បោះ​ឆ្នោត​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ ហើយ​ការ​មិន​ទៅ​បោះ​ឆ្នោត​វិញ​ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ​ដែរ។ លោក​សម រង្ស៊ី បាន​កត់​សម្គាល់​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុនៗ​មាន​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត​ក្នុង​មូល​ហេតុ​ណា​មួយ ហើយ​ក៏​គ្មាន​នរណា​បាន​ចាប់​ថ្នាក់ ឬ​ផ្តន្ទា​ទោស​ពលរដ្ឋ​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត​ទាំង​នោះ​ឡើយ។ បន្ថែម​លើ​នេះ លោក​សម រង្ស៊ី ក៏​បាន​គូស​បញ្ជាក់​ថា​ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​មាន​យោបល់​និង​មាន​សិទ្ធិ​សម្តែង​មតិ​របស់​ខ្លួន។

ការ​អះអាង​របស់​អតីត​ប្រមុខ​គណបក្ស​ប្រឆាំង​នា​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក ដែល​បាន​ស្នើ​ជា​ថ្មី​ម្តង​ទៀត​ដល់​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​ឲ្យ​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​ដែល​ធ្វើ​សកម្មភាព​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។ ជា​ការ​ឆ្លើយ​តប​វិញ លោក​ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ​អចិន្រៃ្តយ៍​សម្រាប់​ការ​បោះ​ឆ្នោត​បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ទាំង​អស់​ឲ្យចាត់​វិធានការ​ផ្លូវច្បាប់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​រារាំង និង​ចង់​បំផ្លិច​បំផ្លាញ​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨។

ក៏​ប៉ុន្តែ​សម្រាប់​លោក​សម រង្ស៊ី នៅ​ពេល​នេះ ពលរដ្ឋ​ម្នាក់ៗ មាន​សិទ្ធិ​មាន​យោបល់​ថា ការ​បោះ​ឆ្នោត​ថ្ងៃ​ ២៩ កក្កដា ខាង​មុខ​ដែល​លោក​ចាត់​ទុក​ថា មិន​មែន​ជា​ការ​បោះ​ឆ្នោត​មែន​ទែន​ទេ តែ​គឺ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ពី​ព្រោះ​ពលរដ្ឋ​យ៉ាង​តិច​ពាក់​កណ្តាល​នគរ​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ឆ្នាំ​២០១៣​មក ​មិន​អាច​ជ្រើស​រើស​គណបក្ស​នេះ​បាន ដោយ​សារ​តែ​មិន​មាន​ឈ្មោះ​អតីត​បក្ស​នេះ​លើ​សន្លឹក​ឆ្នោត​ឡើយ។ លោក​សម រង្ស៊ី ក៏​បាន​ចោទ​សួរ​ថា ​បើ​គ្រាន់​តែ​សម្តែង​មតិ​បែប​នេះ តើ​មាន​ទោស​អ្វី​ដែរ? លោក​សម រង្ស៊ី ឆ្លើយ​ដោយ​ខ្លួន​ឯង​ថា ​គឺ​គ្មាន​ទោស​អ្វី​ទេ បើ​គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ។

ប៉ុន្តែ​សម្រាប់​លោក​ស ខេង ការ​ធ្វើ​សកម្មភាព​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត វា​គឺ​ជា​អំពើ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​បោះ​ឆ្នោត​ដោយ​ខុស​ទៅ​នឹង​ច្បាប់​​ស្តី​ពី​ការ​បោះ​ឆ្នោត​ដែល​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​នេះ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ