អានតួអត្ថបទ
កម្ពុជា-ធម្មជាតិ

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ផ្អាក​ការ​បូម​ខ្សាច់​សមុទ្រ​បណ្ដោះ​អាសន្ន

តំណាង​អង្គការ​សង្គមស៊ីវិល​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្អាក​ការ​បូម​ខ្សាច់​សមុទ្រ​នៅ​ខេត្ត​កោះកុង​បណ្ដោះ​អាសន្ន ខណៈ​ភាព​ចម្រូង​ចម្រាស​តួលេខ​នៃ​ការ​នាំចេញ​ខ្សាច់​ទៅ​សិង្ហបុរី​មិន​ទាន់​ត្រូវ​បាន​បង្ហាញ។ ខ្សាច់​សមុទ្រ​គឺជា​ប្រភេទ​ខ្សាច់​ដែលរ​ដ្ឋាភិបាល​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ។ ហើយ​ខ្សាច់​ទន្លេ​វិញ​គេ​ទុក​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុក។

រូបថត៖តំណាង
រូបថត៖តំណាង ©​ សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​តំណាង​អង្គការ​សង្គម​ស៊ីវិល​១០​ស្ថានប័ន​ក្នុង​ចំណោម​ពួក​គេ​ជិត​៥០​ស្ថាប័ន​ជា​មួយ​តំណាង​ក្រសួង​រ៉ែ​និង​ថាមពល។  ជំនួប​ពេញមួយ​ព្រឹក​ធំ​នេះ ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​រួមគ្នា​ជុំវិញ​តួលេខ​នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅសិង្ហបុរី​នោះ​ទេ។ ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ធ្វើការ​រួមគ្នា​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​តួលេខពិត​ប្រាកដ។ ការងារ​រួម​គ្នា​នោះ​ធ្វើ​ឡើង​តាមរយៈ​ការ​បង្ហាញ​ភ័ស្តុតាង​និង​ភាព​មិនប្រក្រតី​នានា​ជាដើមដែល​សង្គម​រក​ឃើញ​ប្រគល់ជូនរដ្ឋាភិបាល។
 
សូមបញ្ជាក់ថា ភាព​ចម្រូង​ចម្រាស​តួលេខ​នៃ​ការ​នាំ​ខ្សាច់​ចេញ​នោះ គឺ​រដ្ឋាភិបាល​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៧​ដល់​២០១៥ ខ្សាច់​នាំ​ចេញ​ទៅ​សិង្ហបុរី​មាន​ចំនួន២,៨​លាន​តោន។ តែ​សម្រាប់​សង្គម​ស៊ីវិល​ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ​រដ្ឋាភិបាល​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​មាន​រហូត​ដល់ជាង​១៧​លានតោន។ តែ​យ៉ាង​ណា​មិញ លោក សន ជ័យ តំណាងអង្គការ​សង្គម​ស៊ីវិល​និង​ជាប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លើក​ឡើងក្រោយ​ជំនួប​នោះ​ថា រដ្ឋាភិបាល​បន្ត​អះអាង​ថា ខ្សាច់​ជាង​២លានតោន​នាំ​ចេញ​ទៅ​សិង្ហបុរី។ ចំណែក​ខ្សាច់​ជាង​១៧​លានតោន​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​ថា នាំ​ចេញ​ទៅប្រទេស​ណា​ខ្លះ​នោះ​ទេ។

លោក សន ជ័យ បន្ថែមថា រដ្ឋាភិបាល​ក៏​មិន​បាន​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុងដែរ ជុំវិញភាព​ខុស​គ្នា​នៃ​តួលេខ​ក្នុង​ការ​នាំ​ចេញ​នេះ ព្រោះ​ជួន​កាល​របៀប​នៃ​ធ្វើ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​និង​ប្រទេស​សិង្ហបុរី​មាន​លក្ខណៈ​ខុស​គ្នា។ សម្រាប់​សង្គម​ស៊ីវិល​លោក សន ជ័យ អះអាងថា នឹង​ស្រាវជ្រាវ​បន្ថែម​ទៀត​ពី​របៀប​នៃ​ការ​កត់ត្រា​ខ្សាច់​របស់​ប្រទេសសិង្ហបុរី ។ សង្ហបុរី​ដែល លោក សន ជ័យ បង្ហាញ​ជឿ​ជាក់​ថា មាន​តម្លាភាព​និង​គ្មានអំពើ​ពុក​រលួយ​ទាក់​ទង​ការ​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា។

វិទ្យុបារាំង​មិន​អាច​ធ្វើ​ការ​ទាក់ទង​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ដើម្បី​ឆ្លើយតប​នឹង​ការ​ស្នើ​សុំរបស់​សង្គម​ស៊ីវិល​ឲ្យ​ផ្អាក​ការ​បូម​ខ្សាច់​សមុទ្រ​បណ្ដោះ​អាសន្ន​ក្នុង​ខេត្ត​កោះកុង​នោះទេ។ តែ​កន្លង​មក​ក្រសួង​រ៉ែ បាន​អះអាង​ថា​ អាជីវកម្ម​ខ្សាច់​ទាំង​អស់​សុទ្ធ​តែ​មាន​អាជ្ញាបណ្ណ ហើយ​រាល់​ការ​បូម​ខ្សាច់​ទាំង​អស់​ត្រូវ​បាន​វាយ​តម្លៃ​យ៉ាង​ដិត​ដល់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ