អានតួអត្ថបទ
កម្ពុជា-បោះឆ្នោតឃុំសង្កាត់

បន្ទប់​ស្ថាន​ការណ៍៖ បរិយាកាស​ដំណើរ​ការ​បោះ​ឆ្នោត មាន​កម្រិត​រឹត​ត្បិត​សេរី​ភាព និង​ខ្វះ​យុត្តិ​ធម៌​ពេញ​លេញ​

នៅ​ថ្ងៃទី​២៤ ខែ​មិថុនា​នេះ បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៤​នេះ បាន​វាយ​តម្លៃ​ជា​រួម​ចំពោះបរិយាកាស​ដំណើរ​ការ​បោះ​ឆ្នោត ថា​មាន​កម្រិត​រឹតត្បិត​សេរីភាព និង​ខ្វះ​យុត្តិ​ធម៌​ពេញលេញ ប៉ុន្តែ​ការ​ចាត់​ចែង​ការ​បោះ​ឆ្នោត​ប្រសើរ​ជាង​មុន​។

បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​
បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​ Phearak Soeung
ផ្សាយពាណិជ្ជកម្ម

សកម្មភាព ​និងព្រឹត្តិការណ៍​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​បន្ទប់​ស្ថានការណ៍​វាយ​តម្លៃ​លើក​ចុង​ក្រោយ​ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​បែប​នេះ ​រួម​មាន​សកម្មភាព​នៃ​ការ​ឃោសនា​បោះ​ឆ្នោត ការ​ដោះ​ស្រាយ​បណ្តឹង​មិន​ទាន់​មាន​ភាព​ប្រសើរ ទាមទារ​ឲ្យ​មាន​ការ​កែ​តម្រូវ​។

ក្រៅពី​នេះ បរិយាកាស​មុន​ថ្ងៃ​បោះ​ឆ្នោត​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ ​ហរិញ្ញ​វត្ថុ​ឃោសនា​បោះ​ឆ្នោត​ ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ខ្វះ​សមធម៌ និង​តម្លា​ភាព ការ​ប្រគួត​ប្រជែង​ខ្វះ​សម​ភាព ខ្វះ​ឯក​រាជ្យ​របស់​មន្ត្រី​តុលាការ​ ការ​លំអៀង​នយោបាយ​នៃ​មន្ត្រី​យោធា ដែល​ដាក់​សម្ពាធ​ដល់​សេរីភាព​បញ្ចេញ​មតិ និង​គំរាម​ដល់សកម្មភាព​បក្ស​នយោបាយ សមាគម សហជីព និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

យ៉ាង​ណាក៏​ដោយ​ បន្ទប់​ស្ថានការណ៍ ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​សមាជិក​ជិត​៣០​ស្ថាប័ន​ក៏​បានលើក​ឡើង​ពី​ចំណុច​វិជ្ជមាន​មួយ​ចំនួន​នៅ​ក្នុង​ដំណើរ​ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ការ​ចុះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ ការ​បោះ និង​ការ​រាប់​សន្លឹក​ឆ្នោត ការ​ប្រកាស បិទ និង​ដាក់​ផ្សាយ​លើ​គេហទំព័រ​នូវ​លទ្ធផល​បោះ​ឆ្នោត។ ក៏​មាន​ដែរ​ការ​មើល​ឃើញ​ថា​ បរិយាកាស​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិទី៤​ គ្មាន​អំពើ​ហិង្សាធ្ងន់ធ្ងរ​។

បន្ទប់​ស្ថាន​ការណ៍ក៏​បាន​ដាក់​អនុសាសន៍​របស់​ខ្លួន​ចំនួន​១៥​ចំណុច សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុខ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី និង​យុត្តិធម៌​។ ចំពោះ​ចំណុច​ទាំង​១៥​នោះ ក៏​មាន​ដែរ ការ​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​ឡាយ ទាក់​ទិន​នឹង​នយោបាយ មនសិការ និង​ការ​ពារ​សិទ្ធិ​មនុស្ស។

លោក​ហង្ស ពុទ្ធា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី២៤ មិថុនា ថា គ.ជ.ប បាន​សង្កេត​ឃើញ​ចំណុច​វិជ្ជមាន​ច្រើន​ក្នុង​ការងារ​របស់​ខ្លួន តែចំពោះ​ចំណុច​អវិជ្ជមាន​គឺ​មាន​តិច​តួច​។ លោក​បន្ថែម​ថា គ្មាន​ការ​បោះ​ឆ្នោត​ណា ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ ហើយ​ គ.ជ.ប នឹង​យក​អនុសាសន៍​ទាំង​ឡាយ​មក​ពិនិត្យ​ពិចារណា​៕

គួរជម្រាប​ជូន​ថា ការ​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​វាយ​តម្លៃ​ចុង​ក្រោយ​លើ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ​ ធ្វើ​ឡើងមួយ​ថ្ងៃ​មុន​ការ​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​របស់​គ.ជ.ប ដែល​ធ្វើ​ឡើង​តាម​រយៈ​ទូរទស្សន៍ និង​វិទ្យុ​ជាតិ នៅ​ថ្ងៃទី២៥​ ខែ​មិថុនា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ