តំណាងរាស្រ្តបក្សប្រឆាំងនឹងកោះហៅរដ្ឋមន្រ្តីក្រសួងការងារសួរនាំអំពីការមិនឲ្យកម្មករឈប់សម្រាកគ្រប់គ្រាន់ទៅបោះឆ្នោត
ក្រុមតំណាងរាស្រ្តបក្សសង្រ្គោះជាតិកំពុងសរសេរលិខិតដាក់ទៅរដ្ឋសភាបន្តទៅរដ្ឋាភិបាល ដើម្បីស្នើកោះអញ្ជើញរដ្ឋមន្រ្តីក្រសួងការងារលោកអ៊ិត សំហេង មកឆ្លើយបំភ្លឺនៅរដ្ឋសភាជុំវិញការមិនឲ្យកម្មករបានឈប់សម្រាកទៅបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ មិថុនាកន្លងទៅ។ លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តបក្សប្រឆាំងបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា បើលិខិតស្នើសុំធ្វើរួចថ្ងៃនេះគឺដាក់ទៅរដ្ឋសភាថ្ងៃហ្នឹងតែម្តង ហើយក្រុមតំណាងរាស្រ្តចង់ឲ្យលោកអ៊ិត សំហេងចូលមករដ្ឋសភានៅសប្តាហ៍ក្រោយនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៧
សំណួរសំខាន់ដែលក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចង់សួរដេញដោលទាមទាររកចម្លើយពីលោករដ្ឋមន្រ្តីអ៊ិត សំហេងនោះ គឺថាហេតុអ្វីបានជាក្រសួងការងារមិនអនុញ្ញាតឲ្យកម្មករនិយោជិតបានឈប់សម្រាកគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតឃុំសង្កាត់ដូចអាណត្តិមុនៗដូច្នេះ។ បើតាមលោកសុន ឆ័យ ក្រុមតំណាងរាស្រ្តបក្សប្រឆាំងចង់បានចម្លើយនេះចេញពីមាត់លោករដ្ឋមន្ត្រីដោយផ្ទាល់តែម្តងនៅវិមានរដ្ឋសភា។ គួរឲ្យដឹងថាការដែលលោកសុន ឆ័យ សម្រេចចិត្តសរសេរស្នើដូចនេះ ដោយសារតែលោកបានបរាជ័យក្នុងការសួរដោយផ្ទាល់និងចំពោះមុខទៅកាន់លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលតំណាងរដ្ឋាភិបាលកម្ពុជាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារ ដោយលោកស ខេងបានឲ្យលោកសរសេរលិខិតស្នើសុំមកកាន់រដ្ឋាភិបាល។
មួយរយៈពេលកន្លងទៅនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមិនបានសួរដេញដោលទៅលើរដ្ឋមន្រ្តីណាមួយដែលខ្លួនចង់បានព័ត៌មាននោះទេ។ នេះ គឺដោយសារតែលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនអនុញ្ញាតឲ្យរដ្ឋមន្រ្តីរបស់ខ្លួនទៅឆ្លើយបំភ្លឺនៅរដ្ឋសភាទៀតទេ ត្បិតអីថាតំណាងរាស្រ្តសង្រ្គោះជាតិបានធ្វើពហិកាមិនចូលរួមប្រជុំសភា។ នេះ គឺជាកង្វល់ដ៏ធំមួយរបស់លោកសុន ឆ័យ ដែលមិនហ៊ានរំពឹងជាមុនថា លោកអ៊ិត សំហេងនឹងចូលតាមការកោះអញ្ជើញឫក៏យ៉ាងណានោះ។ តែទោះជាយ៉ាងណា លោកសុន ឆ័យ អះអាងថា នឹងព្យាយាមតាមដែលអាចធ្វើទៅបាន។
កាលពីបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃទី៤ មិថុនាកន្លងទៅ ថៅកែរោងចក្រមិនអនុញ្ញាតឲ្យកម្មករកម្មការិនីបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតនៅឯស្រុកកំណើតនៅបណ្តាខេត្តនានាឡើយ។ បើតាមលោកសុន ឆ័យ មានការលើកឡើងថា ការដែលក្រសួងការងារមិនអនុញ្ញាតឲ្យមានការឈប់សម្រាកនេះ ក៏ព្រោះតែរឿងនយោបាយព្រោះថា កម្មករកម្មការិនីខ្លះមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានពន្យល់ជុំវិញការដែលមិនមានការអនុញ្ញាតឲ្យកម្មករឈប់សម្រាកនេះថា គឺដោយសារតែច្បាប់បោះឆ្នោតថ្មី។ ច្បាប់បោះឆ្នោតថ្មី ដែលអនុញ្ញាតឲ្យកម្មករចុះឈ្មោះបោះឆ្នោតនៅជិតកន្លែងស្នាក់នៅរបស់ពួកគេ។ ម៉្យាងវិញទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មិនបានប្រាប់ទៅខាងរោងចក្រឲ្យផ្តល់ការឈប់សម្រាកណាមួយដល់កម្មករដែរ។ ជាមួយគ្នានេះ លោកហេង សួរ ក៏បានសម្តែងការសោកស្តាយដែលក្រុមតំណាងរាស្រ្តសង្រ្គោះជាតិមិនបានមើលច្បាប់ឲ្យច្បាស់លាស់ ហើយនឹងបរាជ័យក្នុងការលើកបញ្ហានេះក្នុងអំឡុងពេលចរចានយោបាយ និងអនុម័តច្បាប់ស្តីពីការបោះឆ្នោតថ្មី។ សម្រាប់លោកហេង សួរ ការចង់សួរដេញដោលរដ្ឋមន្រ្តីក្រសួងការងារពីសំណាក់ក្រុមតំណាងរាស្រ្តបក្សប្រឆាំង គឺផ្អែកលើទម្លាប់ចាស់ មិនមែនផ្អែកលើទិដ្ឋភាពច្បាប់ឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ