អានតួអត្ថបទ
កម្ពុជា-សង្គម

ពលរដ្ឋ​ខ្មែរ​ជាង​៤.៥​លាន​នាក់ ​ចូល​រួម​ទស្សនា​ពិធី​បុណ្យ​អុំទូក​រយៈ​ពេល​៣​ថ្ងៃ​​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​

ចប់​​ហើយ​​ពិធី​បុណ្យ​​អុំទូក​​រយៈ​ពេល​៣​ថ្ងៃ ​នៅ​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​។​ ទូក​​ដែល​​ទទួល​បាន​​ជ័យ​លាភី​​លេខ​១​ផ្នែក​​បុរស ​គឺ​​ទូក​​មក​ពី​​ខេត្ត​ព្រះ​វិហារ ​ដែល​​ឧបត្ថម្ភ​​ដោយ​​លោក ​ហ៊ីង​ ប៊ុន​ហៀ​ង​ មេបញ្ជា​ការ​កង​​អង្គរក្ស​​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​។ ​ដោយ​ឡែក​​លើ​​ផ្នែក​​សន្តិសុខ​​សណ្តាប់​ធ្នាប់​​សាធារណៈ​វិញ ​របាយ​ការណ៍​​របស់​​គ​ណៈ​កម្ម​ការ​ការ​ពារ​​នៃ​​ក្រសួង​មហាផ្ទៃ​​បាន​​អះ​អាង​​ថា ​ក្នុង​​រយៈ​ពេល​៣​ថ្ងៃ​៣​យប់​​មក​នេះ ​គ្មាន​​ឡើយ​​អសន្តិសុខ ​និង​​អំពើ​ហិង្សា​។​ ​នៅ​ក្នុង​​រយៈ​ពេល​​៣​ថ្ងៃ​​មក​នេះ ​មនុស្ស​​ប្រមាណ​​ជាង​៤.៥​លាន​​នាក់​​បាន​​ចូល​រួម​​ទស្សនា​​ពិធី​​បុណ្យ​​​អុំទូក​​​ឆ្នាំ​នេះ​​។  

ព្រះ​មហាក្ស​ត្រកម្ពុជា យាង​ជា​រាជា​ធិបតី​ភាព​ក្នុង​ពិធី​បុណ្យ​អុំទូក ​នៅ​ទន្លេ​ចតុមុខ ​ក្នុង​ក្រុង​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី ​២១​ដល់​ថ្ងៃទី ​២៣ ​វិច្ឆិកា ​ឆ្នាំ ​២០១៨ ​។ ​
ព្រះ​មហាក្ស​ត្រកម្ពុជា យាង​ជា​រាជា​ធិបតី​ភាព​ក្នុង​ពិធី​បុណ្យ​អុំទូក ​នៅ​ទន្លេ​ចតុមុខ ​ក្នុង​ក្រុង​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី ​២១​ដល់​ថ្ងៃទី ​២៣ ​វិច្ឆិកា ​ឆ្នាំ ​២០១៨ ​។ ​ @facebook
ផ្សាយពាណិជ្ជកម្ម

គ្មាន​ឡើយ​អំពើហិង្សា និង​អសន្តិសុខ​កើតឡើង​នៅក្នុង​រយៈពេល៣ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​បាន​បិទ​បញ្ចប់ទៅ កាលពី​យប់​​ថ្ងៃទី ២៣ វិច្ឆិកា។ នេះ​បើតាម​ការគូសបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ការពារ​នៃ​ក្រសួងមហាផ្ទៃ។ បើតាម​លោក​​ឧ​ត្ត​ម​សេនីយ៍​ឯក មាន​បទល្មើស​តិចតួច​បានកើត​ឡើង ដូចជា​ករណី​ចោរ​លូក​ហោ​ប៉ៅ ករណី​ក្មេង​វង្វេង និង​ករណី​ចោរកម្ម​តិចតួច​បានកើត​ឡើង។ ប៉ុន្តែ​អាជ្ញាធរ​បាន​ចាត់​ទុក​​ថា នេះ​គឺជា​រឿង​ធម្មតា​នៅក្នុង​ពិធីបុណ្យ​ជាតិ​ដែលមាន​មនុស្ស​រាប់លាន​នាក់​ចូលរួម​ទស្សនា។

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ បរិយា​កាស​​កាន់តែ​ល្អប្រសើ បើ​ធៀប​នឹង​ថ្ងៃទី០១ និង​ថ្ងៃទី០២។ ក្នុងនោះ​សភាពការណ៍​បទ​ល្មើស មាន​ករណី​លួច​ម៉ូតូ​បាត់អស់១គ្រឿង​ប៉ុណ្ណោះ។ ចំណែកឯ​សភាពការណ៍​គ្រោះ​ថ្នាក់​ផ្សេងៗវិញ មាន​ករណី​លិច​ទូក២លើក សង្គ្រោះ​កីឡាករ​​អុំទូក​លិច​បាន​ចំនួន​៩១​នាក់ ដោយ​សុវត្ថិភាព។ លើ​លទ្ធផល​អន្តរាគមន៍​និង​សង្គ្រោះ​​វិញ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​​ក្មេង​​វង្វេង​គ្រួសារ​ចំនួន៣៥លើក​ស្មើ៣៦នាក់ ប្រគល់​ជូន​ក្រុមគ្រួសារ​វិញ, ឃាត់​ជន​​ស៊ីវិល​​ពាក់អាវ​មាន​អក្សរ Police និង ARMY ចំនួន៥នាក់ ធ្វើការ​អប់រំ ដកហូត​អាវ និង​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ។

គួរ​ជំរាបជូន​ថា នៅក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល៣ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ អាជ្ញាធរ​កម្ពុជា​បាន​ដាក់​​ពង្រាយ​កងកម្លាំង​ទាំង​ចំហរ និង​សំងាត់ ប្រមាណ​ជា ១ ៣០០០ នាក់ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់។ យ៉ាងណាក៏ដោយ ផ្អែក​តាម​របាយការណ៍​រយៈពេល​៣​ថ្ងៃ​​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ២០១៨នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា៤លាន៥សែន​នាក់ បាន​ចូលរួម​ទស្សនា។ ចំនួន​នេះ គឺ​ហួស​ពី​ការរំពឹងទុក​របស់​អា​ជ្ញា​ធរ​ដែលមាន​ត្រឹម​តែ​៣លាន​នាក់​ប៉ុណ្ណោះ។ ដោយឡែក​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង ១ម៉ឺន២ពាន់​នាក់ ក៏បាន​ចូលរួម​ទស្សនា​ពិធីបុណ្យ​នេះដែរ។ តាមរយៈ​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អរគុណ​ដល់​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ចូលរួម​ការពារ​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ភ្នាក់ងារ​សុខាភិ​បាល ដែល​បាន​ផ្តល់នូវ​ការ​មើលថែ​សុខភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​សប្បាយរីករាយ នៅ​ក្នុងឱកាស​បុណ្យអុំទូក ដែលមាន​រយៈពេល​៣ថ្ងៃ​មកនេះ។

គួរ​ជំរាបជូន​ដែរ​ថា ពិធីបុណ្យ​អុំទូក​ឆ្នាំ២០១៨នេះ មាន​ទូក​សរុប២៩៥ទូក និង​កីឡាករ​ជិត​ពីរ​ម៉ឺន​​នាក់​ចូលរួម។ ក្នុងនោះ ទូក​អុំ​ផ្នែក​បុរស​មកពី​ខេត្តព្រះវិហារ​ឈ្មោះ «កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ» ឧបត្ថម្ភ​ដោយ​លោក ហ៊ីង ប៊ុន​ហៀ​ង មេ​បញ្ជា​ការ​កង​​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ ខណៈ​ទូក​ឈ្មោះ «សារាយ​តេ​ជោ​សែន​ជ័យ» ​មកពី​ខេត្តកណ្ដាល ឧបត្ថម្ភ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន​ចំណាត់​​ថ្កា​ក់​លេ​ខ២ និង ទូក​ឈ្មោះ «សម្ដេច​វិបុល​បញ្ញាបារមី​មាន​ជ័យ» មកពី​ខេត្ត​តាកែវ ឧបត្ថម្ភ​ដោយ​កូនប្រុស​សព​លោក សុខ អាន ទទួលបាន​ចំណាត់​ថ្នាក់​​លេខ៣ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ