អានតួអត្ថបទ
កម្ពុជា

ក្រុម​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង ​ស្នើ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ពិនិត្យ​​ធម្មនុញ្ញ​ភាព​​ច្បាប់​​NGO​

ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១៣រូប បានធ្វើ​សំណើ​មួយ​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​ស្នើ​ឲ្យ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់​ស្តីពី​សមាគម និង អង្គការក្រៅរដ្ឋាភិបាល​ដែល​រដ្ឋសភា​បានអនុម័ត​កាលពីពេល​កន្លងមក។ សំណើ​នេះ ត្រូវបាន​លោក​សុន ឆ័យ តំណាងរាស្ត្រ​មួយរូប​ក្នុងចំណោម​នោះ បាន​យកទៅដាក់​ផ្ទាល់​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​សុន ឆ័យ ​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កាសែត​ បន្ទាប់​ពី​ដាក់​សំណើ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​
លោក​សុន ឆ័យ ​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កាសែត​ បន្ទាប់​ពី​ដាក់​សំណើ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក​សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកកាសែត ក្រោយពី​ដាក់សំណើ​នៅ​ក្រុមប្រឹក្សាធម្មនុញ​ថា ប្រសិនបើ​ក្រុមប្រឹក្សាធម្មនុញ​ពិនិត្យឃើញថា សេចក្តីស្នើច្បាប់​នេះ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្អាក​មិន​បញ្ជូន​ទៅកាន់​រដ្ឋសភា​វិញ​នោះ វា​គឺជា​រឿង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល។ រដ្ឋាភិបាល បើតាម​លោក​សុន ឆ័យ ក៏​ចង់​ឲ្យ​មានការ​ចូលរួម​កែលម្អ​សេចក្តីស្នើច្បាប់​នេះ​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ លោក​សុន ឆ័យ បាន​បញ្ជាក់ថា នៅពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​បានរៀបចំ​សេចក្តីព្រាងច្បាប់​មួយ​ហើយ ដើម្បី​ត្រៀម​កែលម្អ​លើ​សេចក្តីស្នើច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត​ទាំង​ចម្រូងចម្រាស​នេះ។

យ៉ាងណាក៏ដោយ នៅ​ព្រឹក​មិញ លោក​សុន ឆ័យ មិនបាន​ជួប​ផ្ទាល់​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះទេ ដោយសារ​ប្រធាន​រូបនោះ​មាន​ធុ​រ​ចុះទៅ​ខេត្ត ដោយ​លេខា​ជា​អ្នកទទួលយក​សំណើ។ ចំពោះ​ការស្នើសុំ​នេះ លោក​សុន ឆ័យ ហាក់​មិនមាន​សង្ឃឹមថា នឹងមាន​ការផ្អាក​ដំណើរការ​សេចក្តីស្នើច្បាប់​នេះ​នោះទេ ប៉ុន្តែ​លោក​គ្រាន់តែ​ជឿជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត មុន​ធ្វើការ​សម្រេច​បែបណា​នោះ។

រដ្ឋសភា​កម្ពុជា បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​កាលពី​ថ្ងៃទី១៣ កក្កដា។ បន្ទាប់មក ព្រឹទ្ធសភា​កម្ពុជា ក៏បាន​សម្រេច​គាំទ្រ​សេចក្តីព្រាងច្បាប់​នេះ ដោយ​គ្មាន​ការចូលរួម​ប្រជុំ​ពី​សំណាក់​ព្រឹទ្ធសមាជិក​ខាង​គណបក្សប្រឆាំង​ដូចគ្នា​ផងដែរ។

នៅក្នុង​សំណើ​កម្រាស់១២ទំព័រ​ដែល​ដាក់ជូន​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កត់សម្គាល់ថា សេចក្តីស្នើច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មានការ​រឹតត្បិត​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​បង្កើត​សមាគម និង​សិទ្ធិ​ពាក់ព័ន្ធសំខាន់ៗមួយចំនួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួលស្គាល់ និង មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ការ​រឹ​ត្បិត​យ៉ាងធ្ងន់ធ្ងរ​នេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​លំបាក​ជាខ្លាំង​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ​របស់​ពួកគេ។

លោក​ឈាន វុន អ្នកនាំពាក្យ​រដ្ឋសភា បាន​បញ្ជាក់ថា រដ្ឋសភា​បាន​បញ្ជូន​សេចក្តីស្នើច្បាប់​នេះ​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព​រួចហើយ មុន​បញ្ជូន​ថ្វាយ​ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​ឡាយ​ព្រ​ហត្ថ ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ។ ដោយឡែក ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ព្រឹក​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ័​នេះ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ដំណើរការ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​សេចក្តីស្នើច្បាប់​នេះ​បាន​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ