អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​សង្រ្គោះ​ជាតិ​៖ ការ​លើក​លែង​ទោស​ សួន ​សេរីរដ្ឋា ​ជា​រឿង​ផល​ប្រយោជន៍​នយោបាយ​

លោក អ៊ុំ សំអាន អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ ចាត់​ទុក​ការ​លើក​លែង​ទោស​ លោក សួន សេរីរដ្ឋា តាម​រយៈការ​ស្នើ​ទៅ​កាន់​ព្រះ​មហាក្សត្រ គឺ​ជា​រឿង​ផល​ប្រយោជន៍​នយោបាយ​។ ដោយ​សារ​លោក​ សួន សេរី​រដ្ឋា​មាន​គណបក្ស​នយោបាយ​ថ្មី​មួយ​ ដែល​អាច​បំបែក​សម្លេង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន។ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ក៏​បាន​បញ្ជាក់​ថា ​ការ​​លើក​លែង​ទោស​នេះ ​គឺ​ដើម្បី​ឲ្យ​លោកមាន ​សិទ្ធិ ​បង្កើត​គណបក្ស​នយោបាយ។

លោកសួន​ សេរីរដ្ឋា​(កណ្តាល)​ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។​
លោកសួន​ សេរីរដ្ឋា​(កណ្តាល)​ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។​ @Sourn Serey rotha
ផ្សាយពាណិជ្ជកម្ម

 

ការ​លើក​លែង​ទោស​នេះ​ គឺ​ជា​ការ​រឿង​នយោបាយ ​ដើម្បី​ឲ្យ​លោក សួន សេរីរដ្ឋា ចូល​មក​ប្រទេស​កម្ពុជាបង្កើត​គណបក្ស​នយោបាយ​មួយ​ ក្នុង​គោល​បំណង​ទាញ​យក​សម្លេង​អ្នក​គាំទ្រ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ​លោក ​អ៊ុំ ​សំអាន ​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​សៀមរាប។

លោក​បាន​បន្ថែម​ថា ​ការ​ទាញ​យក​សម្លេង​ពី​គណបក្ស​សង្រ្គោះ​ជាតិ​នេះ​គឺ ដោយ​សារ​តែ ​កាល​ពី​ពេល​កន្លងមក លោក សួន សេរីរដ្ឋា ធ្លាប់​ជា​មនុស្ស​ម្នាក់​ ដែល​បាន​ រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ប៉ុន​ប៉ង​បំបែក​សម្លេង​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ មិន​អាច​ទៅ​រួច​ទេ ​ដោយ​សារ​តែ​ប្រជា​ប្រិយភាពរបស់​លោក​នៅ​ទាប​។ ការ​លើក​លែង​ទោស​នេះ ​ត្រូវ​បាន​លោក​យល់​ថា ​ជា​រឿង​ចម្លែង​មួយ ​ដោយ​សារ​តែលោក​ សួន សេរីរដ្ឋា ទើប​តែ​ត្រូវ​បាន​តុលាការ​ដាក់​ទោស​នា​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​លើក​លែង​ទោស​ភ្លាមៗ។

សូម​បញ្ជាក់​ថា​លោក ​សួន ​សេរីរដ្ឋា ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ រយៈ​ពេល៧​ឆ្នាំ​ និងដាក់​ពិន័យ​ជា​ប្រាក់​ប្រមាណ ​២៥​លាន​រៀល ​តាម​សាល​ដី​កាស្ថាពរ​ កាល​ពី​ថ្ងៃទី២៨​ ខែ​ឧសភា ​ឆ្នាំ​២០១៥។​ តុលាការ​បាន​ចោទ​ប្រកាន់ ​ប្រធាន​គណបក្ស​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​រូប​នេះ ​ថា​ពាក់​ព័ន្ធ​ពី​បទ​រួម​គំនិត​ក្បត់ជាតិ​ រួម​ទាំង​បក្ស​ពួក​របស់​លោក​មួយ​ចំនួន​ផង​ដែរ​។ ​ហើយ​លោក​ត្រូវ​បាន​ ព្រះមហាក្ស​ត្រាស់​បង្គាប់​លើកលែង​ទោស​ កាល​ពី​ថ្ងៃទី១០​ ខែកក្កដា​ ម្សិល​មិញ​។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុតិ្ត​ធម៌​ បាន​បញ្ជាក់​ថា ​ការ​លើក​លែង​ទោស​ លោក​ សួន ​សេរី​រដ្ឋា ជា​ករណី​ពិសេស ​ដើម្បី​ឲ្យ​លោក​អាច​បង្កើត​គណ​បក្ស​នយោបាយ​មួយ​ ក្នុង​គោល​បំណង​ប្រកួត​ប្រជែង​ស្មើមុខ​គ្នា ​ជៀស​វាង​ការ​បង្កើត​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល។ ហើយ​ការ​លើក​លែង​ទោស​នេះ​ ក៏​ដោយ​សារ​តែ​មាន​ការ​ស្នើ​សុំ​ពី​លោក ​​សួន ​សេរីរដ្ឋា ​និង​ការ​សម្រុះ​សម្រួល​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា។​

ចំពោះ​ការ​លើក​លែង​ទោស​ភ្លាម​ៗ ខុស​ពីករណី​ផ្សេង​ទៀត ​ដែល​តម្រូវ​ឲ្យ​អ្នក​ជាប់​ទោស​ត្រូវ​ទទួល​ទោស​២ភាគ​៣នៃ​ទម្ងាន់​ទោស​នោះ ​លោក ​ជិន​ ម៉ាលីន ​បាន​បន្ថែម​ថា ​គឺ​ដោយ​សារ​តែ​ច្បាប់​ពន្ធនាគារ​ ក៏​មាន​សិទ្ធិពិសេស​សម្រាប់​នាយក​រដ្ឋ​មន្ត្រី ​សុំទៅ​កាន់​ព្រះ​មហាក្សត្រ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ចំពោះ​ទណ្ឌិត​ណា​មួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ