អានតួអត្ថបទ
កម្ពុជា

ទីភ្នាក់ងារ​ទេស​ចរណ៍​កម្ពុជា​៖ ភេរវកម្ម ​វិបត្តិ​សេដ្ឋកិច្ច ​ជា​បញ្ហា​ប្រឈម​របស់​វិស័យ​ទេសចរណ៍​កម្ពុជា​

វិស័យ​​ទេសចរណ៍​​កម្ពុជា​​នៅ​តែ​​ប្រឈម​​នឹង​​បញ្ហា​​មួយ​ចំនួន​​ដូច​ជា​​អំពើ​​ភេរវកម្ម​​របស់​​ពិភព​លោក​ វិបត្តិ​​សេដ្ឋកិច្ច​​របស់​​តំបន់​​មួយ​ចំនួន​​ក្នុង​​ពិភព​លោក ​និង​​កង្វះ​​​ជើង​​ហោះ​​ហើរ​​ត្រង់​​មក​​កម្ពុជា។ នេះ​​បើ​តាម​​សមា​គម​​ទី​ភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា​។ ​កត្តា​​ទាំង​អស់​នេះ​​នឹង​​ប៉ះ​ពាល់​​ដល់​​ចំនួន​​អ្នក​ទេសចរ​​មក​​កម្ពុជា​ ខណៈ​ដែល​​កម្ពុជា​​ត្រូវ​បាន​​គេ​​ចាត់​ទុក​ថា​​ជា​​គោល​ដៅ​​ទេសចរណ៍​​ល្អ​​បំផុត​​ក្នុង​​ឆ្នាំ​២០១៦។​  

ឥណ្ឌា​ចាប់​​សាងសង់​​ប្រាសាទ​​ព្រហ្មសាសនា​​មួយ​​ដែល​​ចម្លង​​រូបរាង​​ពី​ប្រាសាទ​​អង្គរវត្ត​​នៅ​ក្នុង​​ទីក្រុង​​បាហៀរ​
ឥណ្ឌា​ចាប់​​សាងសង់​​ប្រាសាទ​​ព្រហ្មសាសនា​​មួយ​​ដែល​​ចម្លង​​រូបរាង​​ពី​ប្រាសាទ​​អង្គរវត្ត​​នៅ​ក្នុង​​ទីក្រុង​​បាហៀរ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​នៅ​ថ្ងៃទី១៨ ខែមិថុនា នេះ​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា វិស័យ​ទេសចរណ៍​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​បញ្ហា​របស់​ពិភពលោក​មួយចំនួន ដែល​បញ្ហា​ខាងលើនេះ​នឹងធ្វើ​ឲ្យ​កំណើន​ភ្ញៀវទេសចរ​មានការ​ថយចុះ បើ​គ្មាន​យន្តការ​ដោះស្រាយ​ណាមួយ​ពី​ក្រសួង​ពាក់ព័ន្ធ។

លោក​អាង គឹម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​បន្ថែមថា​បញ្ហា​ភេរវកម្ម ដែល​កំពុងតែ​កើតឡើង​លើ​ពិភពលោក​អាច​នឹងធ្វើ​ឲ្យ​មនុស្ស​ពិចារណា​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ ហើយថ្មីៗនេះ​កត្តា​សុវត្ថិភាព​តាមផ្លូវ​អាកាស​ក៏​ជា​បញ្ហា​ប្រឈម​ថ្មី​ផងដែរ ខណៈ​មាន​យន្តហោះ​បាន​ធ្លាក់​បន្ត​ជា​ញឹកញាប់។

វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែមិថុនា​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​ក្រសួងទេសចរណ៍​បានទេ ជុំវិញ​បញ្ហា​ប្រឈមថ្មីៗ របស់​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា។

គួរ​រំលឹក​ជូន​ថា​ក្នុង​សប្តាហ៍​នេះ ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (ECTT) បានដាក់​ប្រទេស​កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​សម្រាប់​ឆ្នាំ២០១៦។ នាយក​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​បញ្ជាក់ថា​កម្ពុជា​ជា​កន្លែង ដែលមាន​សុវត្ថិភាព​បំផុត និង​ជា​គោលដៅ​សម្រាប់​បេះដូង​អ្នកទេសចរ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស​កាល​ពីថ្ងៃ​ទី១៦ មិថុនា។

បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ក្តី តែ​ភ្ញៀវទេសចរ​បរទេស​បាន​កើនឡើង​ប្រមាណ២,៥ភាគ​ក្នុង​រយៈពេល៤ខែ​នៃ​ឆ្នាំ២០១៦ ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវទេសចរ​បាន​កើន​ឡើងដល់​ប្រមាណ១,៧លាន​នាក់ ខណៈ​កាលពី​ឆ្នាំ២០១៥កន្លងទៅ​មាន​ភ្ញៀវទេសចរ​ត្រឹមតែ១,៦លាន​នាក់​តែប៉ុណ្ណោះ ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា។ នេះ​បើតាម​របាយការណ៍ ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី៧ ខែមិថុនា និង​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​បរទេស។

របាយការណ៍​ខាងលើ​បាន​បង្ហាញថា​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​ច្រើនជាង​គេ​នោះ គឺជា​ភ្ញៀវ​ក្នុង​តំបន់​អាស៊ី ដែលមាន​ដូចជា​ជនជាតិ​វៀតណាម ជនជាតិ​ចិន ជនជាតិ​កូរ៉េខាងត្បូង និង​ជនជាតិ​ថៃ។ តែ​យ៉ាងណាមិញ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា​ចំនួន​ជនជាតិ​វៀតណាម​មក​កម្សាន្ត​នៅ​កម្ពុជា​បាន​ថយចុះ៣ភាគរយ ក្នុង​រយៈពេល៤ខែ ពី​ខែមករា ដល់​ខែមេសា ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៥។ ចំណែក​ភ្ញៀវទេសចរ​ជនជាតិ​ចិន ដែល​មកដល់​ប្រទេស​កម្ពុជា គឺមាន​ការកើនឡើង​ប្រមាណ១៣ភាគរយ ក្នុង​រយៈពេល៤ខែ ពី​ខែមករា ដល់​ខែមេសា ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ