អានតួអត្ថបទ
កម្ពុជា-ព្រៃឈើ

​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម ស្នើ​ឱ្យ​អភិបាល​ខេត្ត​ជាប់​សមុទ្រ ពង្រឹង​ការ​ថែ​រក្សា និង​គ្រប់​គ្រង​ព្រៃ​កោង​កាង​

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​ជម្រុញ​អភិបាលខេត្ត​ជាប់សមុទ្រ ​មាន​វិធានការ​​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ខណៈ​សកម្មភាព​ឈូសឆាយ និង​ចាក់ដី​លុប​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃកោងកាង​ធ្វើ​ជា​កម្មសិទ្ធិ​ បាន​និង​កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​។ នេះបើតាម​លិខិត​ចុះ​ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ផ្ញើ​ទៅ​កាន់​អភិបាល​ខេត្ត​កែប កំពត ព្រះសីហនុ និងកោះកុង។ 

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម @RFI
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម អះអាង​ថា សកម្មភាព​នៃ​ការ​ឈូស​ឆាយ ការ​កាប់​ទន្រ្ទាន ការ​ចាក់​ដី​លុប ការ​រានយក​ដី​ធ្វើ​លំនៅដ្ឋាន ការ​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​កោងកាង​ទុក​ជា​កម្មសិទ្ធ និង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ បាន​និង​កំពុង​កើត​មាន​ឡើង​វិញ​ជា​បន្ទ​បន្ទាប់ នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​កែប កំពត ព្រះសីហនុ និង​កោះកុង​។

ក្នុង​លិខិត​ចុះ​ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្ញើ​ទៅ​កាន់​អភិបាល​ខេត្ត​កែប កំពត ព្រះសីហនុ និងកោះកុង រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ លោក វេ​ង សាខុន បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​ទាំងបួន ឱ្យ​យក​ចិត្តទុក​ដាក់​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​នីមួយៗ ក្នុង​នាម​ជា​អាជ្ញាធរ​គ្រប់គ្រង​ដី​រដ្ឋ​។

បើ​តាម​ខ្លឹមសារ​នៃ​លិខិត ផ្ញើ​ទៅ​កាន់​អភិបាល​ខេត្ត​តំបន់​មាត់​សមុទ្រ​ទាំង៤ ដដែល រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​លើក​ឡើងពី​ភាពមិនប្រក្រតី​មួយចំនួន​ដែល​កើត​ឡើងវិញ​គួរ​ឱ្យ​កត់​សម្គាល់ ក្នុងនោះ​ការចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ព្រៃ​កោងកាង​ក្នុង​កន្លែង​សហគមន៍​នេសាទ​ជាច្រើន​កន្លែង ជាពិសេស​ក្នុងភូមិសាស្រ្ត​ខេត្ត​ព្រះសីហនុ​។​

លោក​រដ្ឋមន្រ្តី បាន​រំលឹក​ប្រាប់​អភិបាលខេត្ត​ទាំង​៤​ថា ដោយ​យោង​តាម​ច្បាប់​ស្ដីពី​ជលផល ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ជលផល ដូចនេះ​ការឈូសឆាយ ការកាប់​ទន្ទ្រាន ការចាក់ដី​លុប ការរាន​យក​ដី​ធ្វើ​លំនៅឋាន ការហ៊ុមព័ទ្ធ​ដី​ព្រៃកោងកាង​ទុក​ជា​កម្មសិទ្ធិ​ នៅក្នុង​ដែន​នេសាទ​ត្រូវ​បាន​ហាមឃាត់​។

សូម​រំឮក​ជូន​ដែរ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន សែន កាលពីឆ្នាំ២០១៦ បាន​ចេញ​បទបញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ពិនិត្យ​ឈាន​ដល់​និរាករណ៍ ឬ​លុប​ប័ណ្ណ​កម្មសិទ្ធិ និង​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ផ្សេង​ទៀត ​ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ចំនួន​៤។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ​លោក​ សុខ សុខុម បាន​លើក​ឡើង​ថា ​ការ​កាប់​ទន្ទ្រាន​ព្រៃ​កោងកាង ​ដែល​ជា​ធនធាន​ធម្មជាតិ​នៅ​តាម​តំបន់​ឆ្នេរសមុទ្រ កំពុង​តែ​កើត​មាន​ឡើង ក្នុង​នោះ ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​នេះ​នៅ​ក្នុង​ខេត្ដ​កោះកុង ​គឺ​ជា​រឿង​ដ៏​ស្មុគស្មាញ ជា​ពិសេស​នៅ​តំបន់​អណ្ដូង​ទឹក និង​តំបន់​ជ្រោយ​ស្វាយ​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ