អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដោះ​ស្រាយ​​បញ្ហា​​ព្រំដែន​​និង​​អន្តោប្រវេសន៍​​វៀតណាម​ ធ្វើ​​ឲ្យ​​បក្ស​​កាន់​​អំណាច​​ខាត​​ឬ​​ទេ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មី​ៗ​នេះ រដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន បាន​ចាត់​វិធានការ​មួយ​ចំនួន ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​បញ្ហា​ព្រំដែន​នៅ​កម្ពុជា។ ជាក់​ស្ដែង កាល​ពី​ម្សិលមិញ​នេះ ជនជាតិ​ចិន​និង​វៀតណាម​ជាង​២០០​នាក់ ដែល​មក​ធ្វើ​ការ​ខុស​ច្បាប់​នៅ​តំបន់​កោះ​ពេជ្រ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​។ ហើយ​កាល​ពី​សប្ដាហ៍​មុន ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ផ្ញើ​កំណត់​ទូត​ទៅ​តវ៉ា​ចំពោះ​ការ​ឈ្លានពាន​បូរណភាព​ទឹក​ដី​ខ្មែរ ពី​សំណាក់​ប្រទេស​វៀតណាម​ផង​ដែរ​។ តើ​ចំណាត់​ការ​លើ​បញ្ហា​ព្រំដែន​និង​អន្តោប្រវេសន៍​វៀតណាម​យ៉ាង​ដូច្នេះ ចំណេញ​ឬ​ខាត​សម្រាប់​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​?

សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​
សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មួយ​រយៈ​ចុង​ក្រោយ​នេះ បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​និង​រឿង​ព្រំដែន កំពុង​តែ​ពុះ​កញ្ជ្រោល​ឡើង​វិញ​នៅ​កម្ពុជា។ នៅ​ចំពោះ​មុខ​សភាពការណ៍​នេះ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​សាច់​ដុំ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់។ ជាបឋម​និយាយ​ពី​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ឃាត់​ខ្លួន​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​ចូល​មក​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ នៅ​លើ​ទំព័រ​កាសែត​និង​គេហទំព័រ​ព័ត៌មាន​អត្ថបទ ស្ដី​ពី​ការ​រក​ឃើញ​ជនជាតិ​វៀតណាម​ដែល​មក​រក​ស៊ី​ធ្វើ​ការ​ខុស​ច្បាប់​នៅ​កម្ពុជា ត្រូវ​គេ​ចុះ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ។ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ ​ក្រោយ​ពី​ឃាត់​ខ្លួន​ហើយ ក៏​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ជា​ហូរ​ហែរ។

យុទ្ធនាការ​បង្ក្រាប​ជន​បរទេស ជា​ពិសេស​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​តាម​បែប​ផែន​ខុស​ៗ​គ្នា។ ជាក់​ស្ដែង កាល​ពី​ម្សិលមិញ​នេះ សមត្ថកិច្ច​អន្តោប្រវេសន៍​បាន​បើក​យុទ្ធនាការ​ឆែក​ឆេរ ហើយ​បាន​រក​ឃើញ​ជនជាតិ​ចិន​និង​វៀតណាម​ជាង​២០០​នាក់ ដែល​ចូលមក​ធ្វើ​ការ​នៅ​តំបន់​កោះ​ពេជ្រ​ដោយ​ខុស​ច្បាប់។ ជន​បរទេស​ខុស​ច្បាប់​ទាំង​នោះ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ។ ចំណែក​នៅ​ខេត្ត​កណ្ដាល​វិញ អាជ្ញាធរ​បាន​សម្រេច​បណ្ដេញ​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​ខុស​ច្បាប់​នៅ​តំបន់​កំពង់​ចម្លង​អរិយក្សត្រ ឲ្យ​ចាក​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ។

ដោយ​ឡែក ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម។ បញ្ហា​នេះ​នៅ​តែ​ជា​ក្ដី​កង្វល់​នៅ​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។ ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​វិធនាការ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​នៅ​ក្នុង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ។ ក្នុង​នោះ កម្ពុជា​បាន​ធ្វើ​ការ​តវ៉ា​ផ្ទាល់​មាត់ និង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​កាន់​ប្រទេស​វៀតណាម​ ដែល​បាន​រំលោភ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា នៅ​ខេត្ត​រតនគិរី​និង​ខេត្ត​កណ្ដាល។

ចំណាត់ការ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ជន​អន្តោប្រវេសន៍ និង​បញ្ហា​ព្រំដែន ជា​ពិសេស​ជាមួយ​ប្រទេស​វៀតណាម​នា​ពេល​ថ្មី​ៗ​នេះ បើ​ទោះ​បី​ជា​មិន​ទាន់​គ្រប់​គ្រាន់​ក៏​ដោយ ក៏​ការ​អបអរ​សាទរ​នៅ​តែ​មាន​ជា​ហូរ​ហែរ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ នៅ​ចំពោះ​មុខ​បរិបទ​បែប​នេះ មតិ​មួយ​ចំនួន​បែរ​ជា​លើក​ឡើង​ថា បក្ស​កាន់​អំណាច​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ដ៏​ធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ហេតុ​អ្វី​ការ​ដោះ​ស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​និង​បញ្ហា​ព្រំដែន​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ខាត​បង់​?

កន្លង​មក បក្ស​ប្រឆាំង​តែង​តែ​ចោទ​ប្រកាន់​ថា ជន​អន្តោប្រវេសន៍ខុស​ច្បាប់​ជា​ពិសេស​ជន​អន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បើ​តាម​បក្ស​ប្រឆាំង គឺ​ជន​បរទេស​ខុស​ច្បាប់​វៀតណាម​ដែល​មាន​ដល់​ទៅ​ជាង​កន្លះ​លាន​នាក់​នេះ​ហើយ ដែល​ជួយ​ឲ្យ​បក្ស​ប្រជាជន​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។ ប្រសិន​បើ​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ជារឿង​ពិត ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​កំពុង​តែ​បណ្ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​ចេញ​ពី​កម្ពុជា​ជា​បន្ត​បន្ទាប់​នេះ ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ខាត​បង់។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​ជា​រឿង​មិន​ពិត នោះ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ច្រើន​ឬ​តិច គឺ​ច្បាស់​ណាស់​ថា នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ផល​ចំណេញ​ខាង​នយោបាយ។ ចំណេញ​ព្រោះ​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ដ៏​រសើប​ទាំង​ពីរ​នេះ។ ការ​ដោះ​ស្រាយ​ឲ្យ​ចេញ​ជា​លទ្ធផល​ដុំ​កំភួន អាច​នឹង​ជួយ​បង្កើនប្រជាប្រិយភាព​របស់​បក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ផង​ក៏​ថា​បាន។

វា​មិន​មែន​ជា​រឿង​ប្លែក​ទេ ដែល​បក្ស​នយោបាយ​នៅ​កម្ពុជា ឆ្លៀត​ឱកាស​យក​ផល​ចំណេញ​ពី​បញ្ហា​ព្រំដែន​និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម។ ក៏​ប៉ុន្តែ អ្វី​ដែល​សំខាន់​ចំពោះ​មុខ គឺ​ឆន្ទៈ ពិត​ប្រាកដ​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​និង​វិធានការ​ទប់​ស្កាត់​ការ​ហូរ​ចូល​ជន​បរទេស​ខុស​ច្បាប់​មក​ក្នុង​ប្រទេស​កម្ពុជា។ ការ​យក​បញ្ហា​ជាតិ​មក​ដោះ​ដូរ​ជាមួយ​ប្រជាប្រិយភាព ​គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត។

ក្នុង​ន័យ​នេះ បក្ស​នយោបាយ​នៅ​កម្ពុជា ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ត្រូវ​តែ​ត្រួត​ពិនិត្យ​មើល​ខ្លួន​ឯង​ឡើង​វិញ។ ដាច់​ខាត​មិន​ត្រូវ​យក​បញ្ហា​ព្រំដែន និង​បញ្ហា​ជន​បរទេស​ខុស​ច្បាប់ មក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដើម្បី​ប្រជាប្រិយភាព​និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ ទោះ​ចំណេញ​ឬ​ខាត​សម្រាប់​បក្ស​ខ្លួន​ក៏​ដោយ ក៏​បញ្ហា​ដ៏​រសើប​ទាំង​ពីរ​នេះ ចាំ​បាច់​ត្រូវ​តែ​ដោះ​ស្រាយ​ឲ្យ​ដាច់​ស្រលះ ដើម្បីជាតិ​ខ្មែរ​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ