អានតួអត្ថបទ
កម្ពុជា

កម្ពុជា​និង​វៀតណាម​ប្រជុំ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ដើម​សប្តាហ៍ក្រោយ

ក្រោយ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម និង​ការ​មិន​ឯកភាព​គ្នា​លើ​តំបន់​ព្រំដែន​មួយ​ចំនួន ភាគី​កម្ពុជា​និង​វៀតណាម​បាន​សម្រេច​ជួប​ប្រជុំ​គ្នា​នៅ​ដើម​សប្តាហ៍ ​នៅ​ខេត្ត​សៀមរាប។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​វៀណាម​រិះគន់​យ៉ាង​ខ្លាំង​លើ​អំពើហិង្សា​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ព្រំដែន។

លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស​និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា។​
លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស​និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា។​ សហការីបន្ត
ផ្សាយពាណិជ្ជកម្ម

អំពើ​ហិង្សា​នៅ​ព្រំដែន​ពេល​ថ្មី​ៗ និង​ការ​មិន​ចុះ​សម្រុង​គ្នា​នៅ​ព្រំដែន​ដែល​នៅ​សេសសល់​ជាមួយ​វៀតណាម គឺ​ជា​របៀប​វារៈ​សំខាន់​ពីរ​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​កម្ពុជា និង​វៀតណាម​ជា​លើក​ដំបូង​ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា។ កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ចន្ទ ទី៦ កក្កដា គឺជា​កិច្ច​ប្រជុំ​បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ បាន​កើន​ឡើង​កំដៅ​ខ្លាំង​ដែល​មិន​ធ្លាប់​មាន។ កំដៅ​ក៏​ព្រោះ​តែ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ បាន​ផ្ទុះ​អំពើហិង្សា​នៅ​ព្រំដែន​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា និង​ការ​តវ៉ា​តាម​កំណត់​ទូត​ប្រឆាំង​នឹង​សកម្មភាព​របស់​វៀតណាម។

លោក​ស្រី កុយ ពិសី អនុប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​ថា​ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា​រំពឹង​ថា​ខ្លួន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នៅ​ក្បែរ​ខាង​នេះ​បាន។ សូម​រម្លឹក​ថា អំពើ​ហិង្សា​រវាង​កម្ពុជា និង​វៀតណាម​បាន​ផ្ទុះ​ឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​តាម​ព្រំដែន​ខេត្ត​ស្វាយ​រៀង ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ទាំង​សង​ខាង​របួស​ ជិត​២០​នាក់ នៅ​ក្នុង​នោះ​ក៏​មាន​ដែរ​ព្រះសង្ឃ និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។

ក្រសួង​ការ​បរទេស​វៀតណាម​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​អំពើ​ហិង្សា​នៅ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ។ វៀតណាម​បាន​ស្នើ​មក​ដល់​ភាគី​កម្ពុជា​ឱ្យ​ចាត់​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដែល​បាន​កើត​ឡើង និង​ការពារ​កុំ​ឱ្យ​មាន​សកម្មភាព​ដដែល​នេះ​កើតឡើង​ជា​ថ្មី​ម្តង​ទៀត ក្នុង​ន័យ​ដើម្បី​ធានា​ឱ្យ​បាន​ការ​អនុវត្ត​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដោយ​ឈរ​លើ​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ លោក Le Hai Binh អ្នក​នាំពាក្យ​ក្រសួង​ការ​បទេស​វៀតណាម​ដែល​បាន​ឆ្លើយ​សំនួរ​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។

សូម​បញ្ជាក់​ថា បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​តាំង​ពី​ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនៈគីរី ខេត្ត​កំពត និង​ខេត្ត​កណ្តាល​ជា​ដើម។ ហើយ​ចុង​ក្រោយ​នេះ បាន​ឈាន​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​សភា​ជាតិ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ដោះស្រាយ​ព្រំដែន ដើម្បី​ពិនិត្យ​មើល​ការ​បោះ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ ​និង​ស្នើ​ឱ្យ​ប្តឹង​អន្តរជាតិ។

លោក សុខ ទូច​ អ្នក​វិភាគ​ស្ថានការណ៍​​នយោបាយ​នៅ​កម្ពុជា បាន​មើល​ឃើញ​ថា កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ទី​៦ កក្កដា​សប្តាហ៍​ក្រោយ​ ជា​បង្ហាញ​ថា​កម្ពុជា ​និង​វៀតណាម​ជា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ាន។ យ៉ាង​ណា​ក៏​ដោយ​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​គឺ​ត្រូវ​ការ​ពេល​វេលា ​និង​បាន​ស្នើ​ភាគី​វៀតណាម​គោរព​សន្ធិសញ្ញា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​ចុះ​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ