អានតួអត្ថបទ
កម្ពជា

គោ ក្របី ងាប់ ជា​បន្ត​បន្ទាប់ ក្រសួង​កសិកម្ម​អំពាវ​ទៅ​ពលរដ្ឋ​កុំ​បរិភោគ​សាច់​សត្វ​ទាំងនោះ

សត្វ​គ្រប់​ប្រភេទ​មាន​ទាំង គោ ក្របី ជ្រូក ដំរី ជា​ដើម​បាន​ងាប់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រដូវ​ក្ដៅ​នេះ​ដែល​បណ្ដាល​មក​ពី​ ការ​ខ្វះ​ខាត​ទឹក។ ក្នុង​នោះ​គោ​និង​ក្របី​ជិត​៥០​ក្បាល​បាន​ស្លាប់នៅ​ខេត្ត​ស្ទឹង​ត្រែង។ ជ្រូក​និង ​គោ ក្របី មួយ​ចំនួន​ទៀត​ក៏​បាន​ស្លាប់​នៅ​ខេត្តត្បូង​ឃ្មុំ។ ប្រឈម​និង​បញ្ហា​នេះ​ មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យបរិភោគ​សាច់​សត្វ​ទាំង​នេះដើម្បី​បង្ការ​ជំងឺ​អាសន្ន​រោគ​នានា។

សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​។
សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

សត្វ​ពាហនៈ​ងាប់​នៅ​ខេត្ត​ស្ទឹង​ត្រែង​រួម​មាន​គោ ក្របី ជា​ដើម​នោះ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​បញ្ជូន​មន្រ្តី​ចុះ​ទៅ​ដោយ​ផ្ទាល់​ដើម្បី​ពិនិត្យ​រក​មូល​ហេតុ​ដែលនាំ​ឲ្យ​សត្វ​ទាំង​នោះ​ងាប់។ ក្នុង​នោះ​រក​ឃើញ​ថា គោ ក្របី ងាប់​ដោយ​សារ​អាកាស​ធាតុក្ដៅ ខ្វះ​ចំណី និង​ស៊ី​ចំណី​គ្មាន​សុវត្ថិភាព។

ចំណែក​នៅ​ខេត្ត​ត្បូង​ឃ្មុំ​វិញ​ក៏​មាន សត្វ​ជ្រូក គោ ក្របី មួយ​ចំនួន​បាន​ងាប់​ដោយ​សារមូល​ហេតុ​​ដូច​គ្នា​នេះ​គឺ​បណ្ដាល​មក​ពី​អាកាស​ធាតុ​ក្ដៅ។  លោក ឡោ រស្មី អ្នក​នាំ​ពាក្យក្រសួង​កសិកម្ម​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ក្នុង​រដូវ​ក្ដៅ​នេះ​សត្វពាហនៈ​ងាប់​គឺ​កើតមាន​ឡើង តែ​នៅ​ស្ទឹង​ត្រែង ត្បូងឃ្មុំ និង សៀមរាប ដែល​ដំរី​មួយ​ក្បាល​បាន​ងាប់​កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​នេះ។

វិធាន​ការ​សម្រាប់​ក្រសួង​កសិកម្ម​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នេះ​ លោក ឡោ រស្មី បាន​ផ្ដាំ​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​មន្ទីរ​កសិកម្ម​នៅ​តាម​បណ្ដាលខេត្ត​និង​ភ្នាក់​ងារ​ពេទ្យ​សត្វ​ភូមិ​ដើម្បី​សង្គ្រោះ​សត្វ​នៅ​រស់​ឲ្យ​ទាន់​ពេល​វេលា បើ​មាន​ការសង្ស័យ។ លោក ក៏​បាន​ជំរុ​ញ​ឲ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ប្រភព​ចំណី​បន្ថែម​ដូច​ជា ដើមចេក ពោត ស្លឹក​ដូង ដើម្បី​បញ្ចៀស​ការ​រើស​ចំណី​ស៊ី​ដោយ​គ្មាន​សុវត្ថិភាព ។ បន្ថែមពីលើ​នេះ​លោក​ក៏​បាន​ណែ​នាំ​ឲ្យ​ពលរដ្ឋ​ចង​គោ ក្របី នៅ​ក្រោម​ម្លប់​ដែល​ស្ថិត​នៅ​ក្នុងកម្រិត​មួយ​សម​ស្រប។​​

ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ជំងឺ​អាសន្ន​រោគ​ដែល​អាច​បណ្ដាល​មក​ពី​សាក​សពសត្វ​បើ​អាច ប៉ះ​ពាល់​ដល់​មនុស្ស លោក ឡោ រស្មី បាន​អំពាវ​នាវ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​កុំបរិភោគ​សត្វ​ស្លាប់​ទាំង​នោះ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព។ និង​បាន​ស្នើ​ឲ្យ​កប​សត្វដែល​ងាប់​នេះ​ឲ្យ​បាន​ជ្រៅ​បំផុត។

សូម​បញ្ជាក់​ថា ស្ថិត​នៅ​ក្នុង​រដូវ​ក្ដៅ​នេះ​ដែរ​ត្រី​ប្រមាណ​ជិត​៧០​តោន​នៅ​តំបន់​អភិរក្ស​ទន្លេ​ឆ្មា ​នៃ​បឹង​ទន្លេ​សាប ​ក្នុង​ខេត្ត​កំពង់ធំ​​ បានងាប់ ប៉ុន្តែមន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បាន​សង្គ្រោះ​ត្រី​នៅ​រស់​​ទាន់​ពេល​វេលា ​តាម​រយៈ​ការ​បង្កើត​ជម្រក​សិប្បនិមិត្ត​ដោយ​ប្រើ​កំប្លោក​ដែល​ជា​រុក្ខ​ជាតិ​មួយប្រភេទ​ជួយ​ដល់​ត្រី ៕

 

 

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ