អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធនធានទឹក​អំពាវនាវ​អោយ​ប្រជាជន​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​អំពាវនាវ​អោយ​ប្រជាជន​រស់នៅ​ក្បែរ​ស្ទឹង​ធ្វើការ​ប្រុងប្រយ័ត្ន​ បើទោះបី​ជា​ស្ថានភាព​ទឹក​ជំនន់​មិនទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ក៏ដោយ។ ការ​ប្រកាស​អោយ​ប្រជាជន​ប្រុង​ប្រយ័ត្ននេះ ​ពីព្រោះ​កម្ពុជា​អាច​នៅ​ទទួល​រង​ព្យុះ​មួយ​ចំនួន​ផ្សេង​ទៀត។

លោក​លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម
លោក​លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បើទោះ​បី​ជា​តំបន់​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ទឹក​ភ្លៀង​ ហើយ​ធាតុ​អាកាស​អាប់អួរ​នៅ​បន្ត​គ្រប​ដណ្តប់​មក​លើ​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ក៏​ដោយ​ក្តី ក៏រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​នៃ​ប្រទេស​កម្ពុជា​បាន​​អះ​អាង​ថា ស្ថានភាព​ទឹក​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ឡើង​ដល់​ចំណុច​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​មាន​ការ​ព្រួយបារម្ភ​ពី​ទឹក​ជំនន់​ទឹកភ្លៀង​បង្ក​មក​លើ​តំបន់​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ដែរ​ តែ​មិនទាន់​មាន​សភាព​ធ្ងន់ធ្ងរ​ទេ។ លោក​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ទឹក​ជំនន់​ទឹកភ្លៀង​បាន​ជន់លិច​រយៈ​ពេល​ខ្លី​ផ្នែក​ខ្លះ​នៃ​ខេត្ត​ព្រះវិហារ​ និង​ផ្លូវ​ខ្លះ​នៃ​ខេត្ត​កំពង់ធំ​មែន ប៉ុន្តែ​ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ទេ។

លោក ញឹម វណ្ណដា អនុ​ប្រធាន​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ថា ស្ថានភាព​ទឹក​នៅ​តាម​ដងទន្លេមេគង្គ​ និង​ទន្លេសាប​មិនទាន់​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​ត្រៀម​ជា​ប្រចាំ​ពីព្រោះ​គ្រោះ​ធម្មជាតិ​គ្មាន​នរណា​អាច​មើល​ឃើញ​ទាំង​ស្រុង​នោះ​ទេ។

បើទោះបី​ជា​ស្ថានភាព​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​អាសន្ន​ក៏​ដោយ​ក្តី ​ក៏​លោក​ លឹម គានហោ ​បាន​អំពាវនាវ​អោយ​ប្រជាពល​រដ្ឋ​រស់​នៅ​តាម​មាត់​ស្ទឹង​សំខាន់​ៗ​នៃ​ប្រទេស​កម្ពុជា​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​​ជា​ប្រចាំ។ ស្ទឹង​ទាំង​នោះ​រួមមាន៖ ស្ទឹង​ព្រែក​ត្នោត ​ក្នុងខេត្ត​កំពង់ស្ពឺ ស្ទឹង​ពោធិ៍សាត់ ​ខេត្តពោធិ៍សាត់ ស្ទឹងសែន​ខេត្ត​កំពង់ធំ​និង​ស្ទឹង​ដទៃ​មួយ​ចំនួន​ផ្សេង​ទៀត។

លោក​រដ្ឋ​មន្ត្រី​ប្រកាស​អោយ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ​ ពីព្រោះ​ថា ​ជា​រៀង​រាល់​ឆ្នាំ ព្យុះ​ចំនួន​ពី​២២ ​ទៅ​២៥ ​ត្រូវ​បោក​បក់​មក​លើ​ប្រទេស​កម្ពុជា​។ តែ​រហូត​មក​ដល់​ពេល​នេះ​ ប្រទេស​កម្ពុជា​ទើប​ទទួល​រង​សម្ពាធ​ព្យុះ​ចំនួន​១៦​ទេ។ ដូច្នេះ កម្ពុជា​អាច​នូវ​ទទួលរង​​សម្ពាធ​ព្យុះ​មួយ​ចំនួន​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ