អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី​Hillary Clinton​ និងលោក​Donald​ Trump​ ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ជា​ផ្លូវការ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី​៨ ខែ​វិច្ឆិការ​ខាង​មុខ​នេះ។​ក្រោយ​ពី​សមាជ​តែងតាំង​របស់​គណបក្ស​ទាំងពីរ​បាន​ត្រូវ​បិទ​បញ្ចប់​រៀងៗ​ខ្លួន​ បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី​ Hillary Clinton និង​គណបក្ស​សាធារណរដ្ឋ​​ គឺ​លោក​​Donald Trump ចាប់​ផ្តើម​ដឹកនាំ​យុទ្ធនាការ​ឃោសនា​ហើយ។​ កាលពី​ចុង​សប្តាហ៍​នេះ​ បេក្ខជន​ទាំងពីរ​នាក់​បាន​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​គំាំទ្រ​នៅ​តំបន់​ យុទ្ធសាស្រ្ត​មួយ​ស្ថិត​ក្នុង​រដ្ឋ​ Pennsylvanie និង​រដ្ឋ​ Ohio។ តំបន់​នោះ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​ «Rust Belt» ឬ​ប្រែ​មក​ថា​ «ខ្សែរ​ក្រវ៉ាត់​ច្រែះ» ដែល​ធ្លាប់​មាន​រោង​ចក្រ​ដែក​ថែប និង​រោងចក្រ​ផ្សេងៗ។​ បេក្ខជន​ទាំងពីរ​នាក់សង្ឃឹម​ទាក់​ទាញ​សម្លេង​គាំទ្រ​ពី​សំណាក់​ក្រុម​គ្រួសារ​កម្មករ​ក្រីក្រ​នៅ​ទីនោះ។ 

លោក ដូណាល់ ត្រាំ និង​លោកស្រី ហ៊ីលឡារី គ្លីនតុន
លោក ដូណាល់ ត្រាំ និង​លោកស្រី ហ៊ីលឡារី គ្លីនតុន RFI/ REUTERS/Mike Segar/Whitney Curtis
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ Hillary Clinton​ អាយុ​ ៦៨ ឆ្នាំ​ បាន​ចូល​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​អាមេរិក​ហើយ ដោយ​លោកស្រី​បាន​ក្លាយ​ជាស្រ្តី​តំបូង​គេ​បង្អស់​ ដែល​ត្រូវ​បាន​តែងតាំង​ជា​បេក្ខនារី​ប្រធានាធិបតី​​​តំណាង​ឲ្យ​គណបក្ស​ដ៏​ធំមួយ។ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ក្រោយ​ពី​បាន​ថ្លែង​សុន្ទរកថា​យល់​ព្រម​ទទួល​ការ​តែងតាំង​នា​សមាជ​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី​ Hillary Clinton​ បាន​​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​នា​ជំនួប​មួយ​នៅ​ទីក្រុង​ Philadelphie។​

បន្ទាប់​មក​ លោកស្រី​ Hillary Clinton បានឡើង​រថយន្ត​ក្រុង​ពណ៌​ខៀវ​របស់​ក្រុម​ការងារ​ឃោសនា​​​បោះឆ្នោត​។ ​បេក្ខជន​អនុប្រធានាធិបតី​ គឺ​លោក​ Tim Kaine ក៏​រួម​ដំណើរ​ឃោសនា​​ផងដែរ។​ រថយន្ត​ក្រុង​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ទិស​ខាង​លិច​នៃ​រដ្ឋ​ Pennsylvanie និង​រដ្ឋ​ Ohio រយៈ​ពេល​បី​ថ្ងៃក្នុង​ចំងាយ​ផ្លូវ​សរុប ១ ពាន់​គីឡូម៉ែត្រ។ ​ហេតុ​ផល​ដែល​លោកស្រី​ Clinton ផ្តោត​លើ​តំបន់​នេះ​ គឺ​លោកស្រី​ចង់​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​អាមេរិក​ស្បែក​-ស​ ដែល​ភាគ​ច្រើន​ជា​កម្មករ​មាន​ជីវភាព​លំបាក។

នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​នេះ​ រោង​ចក្រ​ដែកថែប​បាន​បិទទ្វារ​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក​ម្ល៉េះ។ ហើយ​រោងចក្រ​ផ្សេងៗ​ទៀត​ក៏​បាន​បិទទ្វារ​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០។​ វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨-២០០៩​ កាន់​តែ​ធ្វើ​ឲ្យ​ស្ថានភាព​យ៉ាប់​យ៉ឺន​ទៅ​ទៀត។​ ពលរដ្ឋ​អាមេរិក​ក្រីក្រ​នៅ​តំបន់​នោះ​​គ្មាន​ការងារ​ធ្វើ​ ហើយកាន់​តែ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។​ ចាប់​តាំង​ពី​សេដ្ឋកិច្ច​បាន​ងើប​រើបឡើង​បន្តិច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការងារ​ថ្មី​បន្តិច​ចបន្តួច​ប៉ុណ្ណោះ​ត្រូវ​បាន​បង្កើត​ឡើង។

ដើម្បី​ទាក់​ទាញ​សម្លេង​ឆ្នោត​ លោកស្រី​ Hillary Clinton បាន​ស្នើ​លើក​តំកើង​ផែនការ​វិនិយោគ​មួយ​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​តំបន់​នោះ​។​ បើ​តាម​ការ​និយាយ​បញ្ជាក់​ដោយ​ពុំ​បាន​ផ្តល់​ព័ត៌មាន​ ឬ​តួលេខ​លំអិត​ណាមួយ​ ​ ​លោកស្រី​ Clinton បាន​សន្យា​ថា​ ប្រសិន​បើ​ខ្លួន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​មែន​នោះ លោកស្រី​គ្រោង​អនុម័ត​ផែនការ​នេះ​យ៉ាងយូរ​ណាស់​ ១០០ថ្ងៃ ​​បន្ទាប់​ពី​លោកស្រី​ចូល​កាន់​កាប់​មុខ​តំណែង។​ លោកស្រី​ Clinton ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផងដែរ​ថា​ ផែនការ​នេះ​គឺ វិនិយោគ​លើ​ឧស្សាហកម្ម​កម្មន្តសាល​ ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​។ ហើយ​ផែនការ​នេះ​នឹង​ក្លាយ​ជា​គំរោង​លើក​ស្ទួយ​សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​បង្អស់​ពុំ​ដែល​ធ្លាប់​មាន​ពីមុន​មក​ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២។

ទន្ទឹម​គ្នា​នេះ​ផងដែរ​ លោក​ Donald Trump បេក្ខជន​ប្រធានធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​​បាន​ផ្តើម​ការ​ឃោសនា​នៅ​រដ្ឋ​ Colorado ដែល​ជា​រដ្ឋ​សំខាន់​មួយ​សំរាប់​ការ​ឈ្នះ​ឆ្នោត​ប្រធានាធិបតី។​ ហើយ​ក្រុម​ការងារ​ឃោសនា​របស់​លោក​ Trump ក៏​ចុះ​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​រដ្ឋ​ Pennsylvanie និង​រដ្ឋ​ Ohio ដូច​លោកស្រី​ Hillary Clinton ផងដែរ។​ នៅ​ទីនោះ​ លោក​ Donald Trump ទំនង​ជា​អាច​ទាក់​ទាញ​បាន​សម្លេង​គាំទ្រ​ច្រើន​ពី​សំណាក់​ពលរដ្ឋ​អាមេរិក​ស្បែក​-ស​ ដែល​ភាគច្រើន​ជា​កម្មករ និង​ជា​អ្នក​អភិរក្ស​និយម។​ ក្រុម​អ្នក​បោះឆ្នោត​ទាំង​នោះ​ទំនង​ដូចជា​ពុំ​សូវចូលចិត្ត​ស្តាប់​ពាក្យ​ពេចន៍​របស់គណបក្ស​ប្រជាធិបតេយ្យ​​ ដែល​លើក​តម្កើង​ភាព​ចម្រុះ​ជាតិ​សាសន៍​ និង​សមភាព​ភេទ​ក្នុង​សង្គម​អាមេរិក។

បើ​តាម​លោក​ John Russo អ្នក​ស្រាវជ្រាវប្រចាំ​សាកល្យ​វិទ្យាល័យ​ Georgetown​ និង​ជា​អ្នក​ជំនាញ​សិក្សា​លើ​ជីវភាព​កម្មករ​បាន​ពន្យល់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ឲ្យ​ដឹង​ថា​ គ្រួសារ​កម្មករ​នៅ​តំបន់​នោះ​ហាក់​ពុំ​ទុក​ចិត្ត​លោកស្រី​ Hillary Clinton​ ឡើយ។ មូលហេតុ​ចម្បង​ គឺ​ដោយសារ​តែ​លោក​អតីតៈ​ប្រធានាធិបតី​ Bill Clinton ស្វាមី​របស់​លោកស្រី។​ សូម​បញ្ជាក់​ថា​ កាលពី​ខែ​ធ្នូ​ ឆ្នាំ​១៩៩៣ លោក Bill Clinton បាន​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​ទីផ្សារ​សេរី​អាមេរិក​ខាងជើង​ (ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ NAFTA)​។​ កិច្ច​ព្រម​ព្រៀង​នេះ​ហើយ​ជា​បច្ច័យ​នាំឲ្យ​រោង​ចក្រ​នៅ​តំបន់​នោះ​ត្រូវ​បិទ​ទ្វារ។​

នៅ​រដ្ឋ​ Pennsylvanie លោក Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Monessen។ បច្ចុប្បន្ន​ ទីក្រុង​នេះ​មាន​ប្រជាជន​តែ​ ៧ ៥០០ នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​ កាលពីអតីតកាល​ ទីក្រុង​នេះ​សំបូរ​មនុស្ស​រស់​នៅ​ ដោយសារ​តែ​រោង​ចក្រ​ដែកថែប​ទាំងពីរ​ផ្តល់​ការងារ​ដល់​​កម្មករ​រហូត​ដល់​ ២២០០០ នាក់។ លោក​ Trump បាន​ថ្លែង​សន្យា​បង្កើត​ការងារ​ដល់​ពលរដ្ឋ​នៅ​ទីក្រុង​នេះ ហើយ​សន្យា​ថា​នឹង​ឲ្យ​រោងចក្រ​ដែកថែប​ដំណើរការ​ជាថ្មី​ ជាជាង​ដំណើរ​ការ​នៅ​បរទេស។
ឆ្លៀត​ឱកាស​រិះគន់​គូ​ប្រជែង​គណបក្ស​ប្រជាធិបតេយ្យ​ លោក Donald Trump​ ស្នើ​កម្មវិធី​នយោបាយ​ប្រឆាំង​សេដ្ឋកិច្ច​ទីផ្សារ​សេរី។​ ហើយ​លោក​ Trump​​ ចង់​បង្កើត​កម្មវិធី​នយោបាយ​ផេ្សង​មាន​លក្ខណៈ​ការពារតែ​ផល​ប្រយោធន៍​អាមេរិក​ប៉ុណ្ណោះ។ យុទ្ធសាស្រ្ត​ឃោសនា​បែប​នេះ​បាន​ទាក់​ទាញ​ប្រជាប្រិយ​ភាព​លោក​ Trump ក្នុង​កំឡុង​ពេល​បោះឆ្នោត​បឋម​នៅ​ក្នុង​បក្ស។ ឥឡូវ​នេះ​ លោក​ Trump ចង់​យក​យុទ្ធសាស្រ្ត​នេះ​ទៅ​ទាក់​ទាញ​សម្លេង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

លោក Louis Mavrakis ជា​អភិបាល​ក្រុង​ Monessen មកពី​គណបក្ស​ប្រជាធិបតេយ្យ។ បុរស​អាយុ​ អាយុ ៧៩ ឆ្នាំ​ រូប​នេះ​បាន​រៀបរាប់​ថា​ ប្រជាជន​នៅ​ទីក្រុង​នេះ​អស់​សង្ឃឹម​គ្មាន​ជំនឿ​លើ​គណបក្ស​ណាមួយ​ទេ​។​ សំរាប់​ពួក​គេ​ ​គណបក្ស​ប្រជាធិបតេយ្យ​ ឬ​គណបក្ស​សាធារណរដ្ឋ គឺ​គ្មាន​អ្វី​ខុស​គ្នា​ទេ។​ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​គ្រួសារ​កម្មករ​ទាំង​នោះ​ចូលចិត្ត​លោក​ Donald Trump​? នេះ​ក៏​ដោយសារ​តែ​លោក​ Trump​ និយាយ​អ្វី​ដែល​កម្មករ​ទាំង​នោះ​ចង់​ស្តាប់​ ចង់​លឺ​ បើ​ទោះបី​ជា​ពាក្យ​ពេចន៍​របស់​លោក​ Trump ត្រូវ​បាន​គេ​យល់​ឃើញ​ថា​រើស​អើង​ពូជសាសន៍ ឬ​ប្រជាភិថុត​ក៏​ដោយ។

សូម​បញ្ជាក់​ថា​ ក្នុង​កំឡុង​សមាជ​តែងតាំង​កាលពីពីរ​សប្តាហ៍​មុន​នៅ​ទីក្រុង​ Cleveland រដ្ឋ​ Ohio ​មហាសេដ្ឋី​ Donald Trump បាន​និយាយ​អះអាង​ថា​ ខ្លួន​ជា​បេក្ខជន​​ប្រធានាធិបតី​ ដែល​នឹង​នាំយក​សណ្តាប់​ធ្នាប់​សង្គម​ត្រលប់​មក​វិញ។​ លោក​ Trump ​ក៏បាន​សន្យា​រឹត​បណ្តឹង​អន្តោរប្រវេសន៍​ និង​ជាពិសេស​លុប​​បំបាត់​ឧក្រិដ្ឋ​កម្ម​ ដែល​កំពុង​តែ​កើនឡើង​មិន​ចេះ​ឈប់​ឈរ​​នៅ​តាម​បណ្តា​ទីក្រុងធំៗ​នៅ​សហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ