អានតួអត្ថបទ
កម្ពុជា

អង្គការ​សេដាក​ភ្ជាប់​ការ​អភិវឌ្ឍ​ន៍​ស្ត្រី​ជនបទ​ទៅ​នឹង​សន្តិសុខ​ស្បៀង​អាហារ​

ថ្ងៃ​ទី​១៦​តុលា​នេះ គឺ​ជា​ទិវា​ស្បៀង​អាហារ​ពិភពលោក។ ថ្ងៃ​នេះ ប្រទេស​ជា​ច្រើន​នៅ​ពិភពលោក​កំពុង​តែ​ប្រារព្ធ​ពិធី​នេះ ដោយ​ផ្តោត​ទៅ​លើ​ប្រធាន​បទ​ផ្សេងៗ​គ្នា។ ដោយឡែក នៅ​កម្ពុជា អង្គការ​ជំនាញ​ខាង​កសិកម្ម​ឈ្មោះ​ថា សេដាក ក៏​បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​នេះ​ផង​ដែរ ដោយ​ផ្តោត​លើ​ការ​រួម​ចំណែក​របស់​ស្ត្រី​ជនបទ​ក្នុង​ការ​អភិវឌ្ឍ​ន៍​កសិកម្ម និង​សន្តិសុខ​ស្បៀងអាហារ។

សិក្ខាសាលារបស់​អង្គការ​សេដាក នៅ​ព្រឹក​ថ្ងៃទី១៦​តុលា ឆ្នាំ២០១៣
សិក្ខាសាលារបស់​អង្គការ​សេដាក នៅ​ព្រឹក​ថ្ងៃទី១៦​តុលា ឆ្នាំ២០១៣ RFI/សួង សុខភារី
ផ្សាយពាណិជ្ជកម្ម

ការចូលរួម​របស់​ស្ត្រី​ជនបទ​ក្នុងការ​អភិវឌ្ឍ​ន៍​កសិកម្ម​ មាន​សារៈសំខាន់​ក្នុងការ​ពង្រឹង​សន្តិសុខ​ស្បៀងអាហារ​នៅ​កម្ពុជា​ ប្រកបដោយ​និរន្តរភាព។ នេះ​គឺជា​ប្រធានបទ នៃ​សិក្ខាសាលា​មួយ​ដែល​រៀបចំឡើង​ដោយ​អង្គការ​សេ​ដាក ​នៅ​ថ្ងៃ​ពុធ​នេះ នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន ទីក្រុង​ភ្នំពេញ។

ការចាប់យក​ប្រធានបទ​នេះ មក​ពិភាក្សា​ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក ក៏​ព្រោះតែ​អង្គការ​សេ​ដាក​ គិតថា ស្ត្រី​គឺជា​ចលករ​យ៉ាងសំខាន់​ដើម្បី​អភិវឌ្ឍ​ដំណើរការ​កសិកម្ម​ក្នុង​គ្រួសារ។ លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដាក បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការពិតទៅ​ស្ត្រី​ជា​កម្លាំង​ផលិត​ដ៏​ខ្លាំងក្លា​មួយ។ ប៉ុន្តែ ក​ន្លង​ទៅនេះ​ស្ត្រី​ពុំ​ត្រូវបាន​ទទួលស្គាល់​ក្នុង​កិច្ចការ​នេះ​ទេ។ ហេតុដូច្នេះ​ហើយ​បានជា​នៅពេលនេះ អង្គការ​សេ​ដាក ចង់​ឲ្យ​ពិភពលោក​ផ្តល់​តំលៃ​ដល់​ការដាំដុះ​របស់​ស្ត្រី​ ជា​លក្ខណៈ​គ្រួសារ​ ដើម្បី​រក្សា​ស្ថិរភាព​ស្បៀងអាហារ​នៅ​កម្ពុជា។

ជាមួយគ្នា​នោះ លោក យ៉ង សាំង​កុមារ បាន​វាយ​តំលៃ​ពី​សន្តិសុខ​ស្បៀងអាហារ​នៅ​កម្ពុជា ចន្លោះ​ឆ្នាំ ២០១៣-២០១៤ នេះ​ថា មាន​ភាពល្អប្រសើរ ចំពោះ​ផលិតផល​ស្រូវ​អង្ករ​ថា្នក់​ជាតិ។ ប៉ុន្តែ លោក​បាន​សង្កត់ធ្ងន់ថា នៅតាម​តំបន់​ខ្លះ ទឹកជំនន់​ក៏​អាចធ្វើ​ឲ្យ​បាត់បង់​ស្បៀងអាហារ​ផងដែរ ដោយសារ​ស្រូវ​របស់​ពួកគេ​ត្រូវបាន​លិចលង់។ ទោះជា​យ៉ាងណា លោក​គិតថា ប្រសិនបើ​ស្រូវ​អង្ករ​មិន​ឡើងថ្លៃ​ទេ កសិករ​ក៏​មិន​ប្រឈមមុខ​នឹង​កង្វះ​អាហារ​ដែរ។

គួរ​បញ្ជាក់ថា នៅក្នុង​ថ្ងៃនេះ សហភាព​អឺ​រុ​ប ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ បង្ហាញ​ការ​ព្រួយបារម្ភ ពី​បញ្ហា​សន្តិសុខ​ស្បៀងអាហារ​លើ​ពិភពលោក។ សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា ក្នុងមួយឆ្នាំៗ មាន​កុមារ​ច្រើនជាង ៣លាន​នាក់​នៅលើ​ពិភពលោក ​បាន​ស្លាប់ ដោយសារតែ​មិន​ទទួលបាន​អាហារ​គ្រប់​គ្រាន់។ នេះ​ជា​បញ្ហា​ដែល​ពិភពលោក​មិនអាច​ទទួលយក​បានទេ។

សហភាព​អឺរ៉ុប​បន្តថា កង្វះ​ស្បៀង​បច្ចុប្បន្ន​មិនសូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ឡើយ ប៉ុន្តែ បញ្ហា​ទទួលទាន​អាហារ​មិនមាន​ជីវជាតិ​គ្រប់គ្រាន់ ទើប​ជា​បញ្ហា​ចោទ​ដ៏​ចម្បង​ដែល​ពិភពលោក​គួរផ្តោត​ការយកចិត្តទុកដាក់។

គួរ​បញ្ជាក់ថា ភ្ជាប់​ជាមួយ​សិក្ខាសាលា​របស់​អង្គការ​សេ​ដាក នៅ​ថ្ងៃទី១៧ ដល់១៨តុលា​ អង្គការ​​​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា និង​អង្គការ​ជាតិ និង​អន្តរជាតិសំខាន់ៗមួយចំនួន នឹង​រៀបចំ​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី៤ ចាប់ពី​ម៉ោង ៧:៣០ព្រឹក ដល់ ម៉ោង៥ រសៀល នៅ​សាលសន្និសីទ​ចតុមុខ​ភ្នំពេញ។ នេះ​បើ​យោងតាម​លិខិតអញ្ជើញ​របស់​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ