អានតួអត្ថបទ
អៀរ៉ង់

ចិនយល់ព្រម​ពិចារណា​រឿង​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់

ក្រោយ​ពី​បាន​ជំទាស់​អស់រយៈពេល​រាប់ខែមក ទីបំផុត ចិន​បាន​យល់ព្រម​​យក​រឿង​ទណ្ឌកម្ម​លើ​អៀរ៉ង់​មក​ពិចារណា។ នេះ​បើ​យោងតាម​ការប្រកាស​របស់​លោកស្រី​ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក កាល​ពី​ល្ងាច​ថ្ងៃពុធ ម្សិលមិញ។

បន្ទាប់​ពី​ជំទាស់​អស់មួយរយៈ ឥឡូវ​ចិន​ព្រម​​ពិចារណា​ពី​ការ​ដាក់ទណ្ឌកម្ម​លើ​អៀរ៉ង់
បន្ទាប់​ពី​ជំទាស់​អស់មួយរយៈ ឥឡូវ​ចិន​ព្រម​​ពិចារណា​ពី​ការ​ដាក់ទណ្ឌកម្ម​លើ​អៀរ៉ង់ ©AFP
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ទទួល​បាន​ចម្លើយ​វិជ្ជមាន​ពីចិន ក្រោយ​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ កាល​ពី​ល្ងាចថ្ងៃ​ពុធ ម្សិលមិញ រវាង​​ឯកអគ្គរដ្ឋទូត​ប្រទេស​ទាំង ៦ ប្រចាំ​នៅ​អ.ស.ប. គឺ​អាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និង​អាឡឺម៉ង់។

ចិន​បាន​ព្រមព្រៀង​ជជែក​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​ដទៃ​ទៀត អំពី​ការ​ដាក់ទណ្ឌកម្ម​លើ​អៀរ៉ង់ ក៏ប៉ុន្តែ មិនមានន័យថា ចិន​ព្រម​​ទទួល​យក​គម្រោង​ទណ្ឌកម្ម ដែល​ស្នើ​ឡើង​ដោយ​អាមេរិក​នោះទេ។

គួររំឭកថា អាមេរិក​ ដោយ​មាន​ការឯកភាព​ពី​សម្ព័ន្ធ​​មិត្តទាំង៣ នៅអឺរ៉ុប គឺ​អង់គ្លេស បារាំង និង​អាឡឺម៉ង់ បាន​រៀបចំ​​គម្រោង​ទណ្ឌកម្ម​មួយ ដើម្បី​ដាក់ជូន​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត។ ទណ្ឌកម្ម​នេះ ផ្តោត​ជា​សំខាន់ ទៅលើ​ការ​ហាមឃាត់​ការ​នាំ​ផលិតផល​ប្រេង​ចម្រាញ់​រួច ចូល​ទៅ​ក្នុង​ប្រទេស​អៀរ៉ង់។

សេចក្តី​ព្រាង​នេះ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ផ្ញើ​ទៅ​រុស្ស៊ី និង​ចិន តាំងពី​១ខែ​មុន​ម៉្លេះ។ គឺ​សេចក្តី​ព្រាង​នេះ​ហើយ ដែល​នឹង​ត្រូវ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​នៃ​ការចរចា ដែល​ចិន​ទើប​តែ​ប្រកាស​ចូលរួមនេះ។

យោងតាម​អ្នកការទូត​លោកខាងលិច ការណ៍​ដែល​ចិន​ផ្លាស់ប្តូរជំហរ​​ សុខចិត្ត​ទទួល​យក​គម្រោង​ទណ្ឌកម្ម​លើ​អៀរ៉ង់​មក​ពិចារណា​នេះ គឺ​ទំនង​មកពីចិន​អាក់អន់ចិត្ត​នឹង​អៀរ៉ង់ ដែល​មិន​បានផ្តល់​ចម្លើយ​ច្បាស់លាស់​ ទៅនឹង​ការទាមទារ​របស់​ចិន។ ចិន រួមជាមួយ​នឹង​រុស្ស៊ី បាន​នាំ​គ្នា​ជជែក​ដោយ​ស្ងាត់ៗ​ជាមួយ​​អៀរ៉ង់ ដើម្បី​បញ្ចុះបញ្ចូល​អៀរ៉ង់​ឲ្យ​ទទួល​យក​សំណើ​កិច្ចព្រមព្រៀង​​ ដែល​ស្នើឡើង​ដោយ​​​ប្រទេស​លោកខាងលិច តាមរយៈ​ទីភ្នាក់ងារ AIEA នាពេល​កន្លងមក ដើម្បី​ជៀស​ពី​ទណ្ឌកម្ម។ ក៏ប៉ុន្តែ ចិន និង​រុស្ស៊ី មិនបាន​ទទួល​ចម្លើយ​វិជ្ជមាន​ពី​អៀរ៉ង់​នោះទេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ១ថ្ងៃ ក្រោយ​ពី​​ចិន​សុខចិត្ត​ទទួល​យក​គម្រោង​ទណ្ឌកម្ម​មកពិចារណា ស្រាប់តែ​អៀរ៉ង់​បាន​បញ្ជូន​តំណាង​ជាន់ខ្ពស់​១រូប ដែល​ជា​អ្នក​ទទួល​បន្ទុក​សំណុំរឿង​នុយក្លេអ៊ែរ​ ​ឲ្យទៅ​ទីក្រុង​ប៉េកាំង ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្រ្តីចិន។ យោងតាម​មន្រ្តី​អ្នកនាំពាក្យ​ស្ថានទូត​អៀរ៉ង់​ ប្រចាំ​ក្រុង​ប៉េកាំង មន្រ្តី​​ទទួល​បន្ទុក​កិច្ចការ​នុយក្លេអ៊ែរ​អៀរ៉ង់​នេះ​នឹង​ជជែក​ជាមួយ​មន្រ្តី​ចិន ស្តីពី​ទំនាក់ទំនង​ទ្វេភាគី​អៀរ៉ង់-ចិន និង​អំពី​សំណុំរឿង​នុយក្លេអ៊ែរ​ផងដែរ។

ប្រតិកម្ម​ពី​ខាង​អ៊ីស្រាអែលវិញ ថ្វីដ្បិត​តែ​បាន​ទទួលស្វាគមន៍​ការផ្លាស់ប្តូរ​ជំហរ​របស់​ចិន ប៉ុន្តែ ​អ៊ីស្រាអែលបាន​បង្ហាញ​នូវ​ទុទ្ទិដ្ឋិនិយម​ថា បើ​មើល​ទៅ​លើ​ជំហរ​របស់​ចិន ដែល​មិនសូវ​គាំទ្រ​ទណ្ឌកម្ម​លើ​អៀរ៉ង់ ការចរចា​នៅ​ក្រុមប្រឹក្សា​សន្តិសុខ បើទោះជា​ទទួល​ជោគជ័យ​ ឈាន​ទៅ​អនុម័ត​ទណ្ឌកម្ម​លើ​អៀរ៉ង់​ក៏ដោយ ក៏​ទណ្ឌកម្ម​នេះ​ប្រហែល​ជា​នឹង​ត្រូវ​បន្ធូរបន្ថយ​​ច្រើន​ដែរ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ទណ្ឌកម្ម​នេះ​គ្មាន​ប្រសិទ្ធិភាព ដូច​ដែល​គេ​ធ្លាប់​ឃើញ កាល​ពី​ទណ្ឌកម្ម​៣​លើក​មុនៗ​ស្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ