អានតួអត្ថបទ
ចិន-បេឡារុស

គម្រោង​រួម​ចិន-បេឡារុស​ទំហំ ១៦.០០០​លាន​ដុល្លារ​អាមេរិក

បេឡារុស និង​ចិន គ្រោង​សមិទ្ធិ​គម្រោង​រួម ក្នុងទឹកប្រាក់​ដល់​ទៅ ១៦.០០០លាន ដុល្លារ​អាមេរិក។ សេចក្តី​នេះ តាម​ដំណឹង​ផ្សាយ​ដោយ ទីភ្នាក់ងារ​ពត៌មាន​រដ្ឋរុស្ស៊ី ITAR-TASS ត្រូវបាន​ប្រកាស​ឲ្យដឹង ល្ងាចថ្ងៃ ១៥មីនា​ម្សិលមិញ ដោយ​លោក​នាយក​រដ្ឋមន្រ្តី​បេឡារុស Mikhail Myasnikovich ពេល​ទទួល​ជួប លោក Gun Zhianvey ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ នៅក្រុង Minsk។

នាយក​រដ្ឋមន្រ្តី​ចិន​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​បេឡារុស
នាយក​រដ្ឋមន្រ្តី​ចិន​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​បេឡារុស ©
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុងជំនួប​នេះ លោក​នាយករដ្ឋមន្ត្រី​បេឡារុស Mikhail Myasnikovich កត់​សម្គាល់​ថា រដ្ឋាភិបាលបេឡារុស​តែង​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ទស្សនៈ​វិស័យ នៃ​សហប្រតិបត្តិការ​ទ្វេភាគី និង​ដល់​សក្តានុពល​នៃ​គម្រោង​រួម របស់​បេឡារុស ជាមួយ​មហាប្រទេសចិន។

ឯកអគ្គរដ្ឋទូត​ចិន​ដែល​ប្រចាំ នៅបេឡារុស​លោក Gun Zhianveyពី​ចំណែកខ្លួន​វិញថ្លែង​ជាអាទិ៍៖  “គម្រោងមួយ​បែបនេះ មានឈ្មោះថា “សួន​ឧស្សាហកម្ម ចិន-បេឡារុស” ក្នុងន័យ​ជា​មជ្ឈមណ្ឌល រួមប្រជុំ​សហគ្រាស-រោងចក្រ​ដែល​នឹង​បង្កើត​ឡើង នៅមិនឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង Minsk រដ្ឋធានី​បេឡារុស ត្រង់​តំបន់​ឈ្មោះ Smolevich។ ឥឡូវ ក្រដាស​ស្នាម​ជា​ឯកសារ​សម្រាប់ ការសាងសង់វា ត្រៀម​បាន​ជិតចប់​សព្វគ្រប់​ទៅហើយ។ តាមខ្ញុំយល់ គឺក្នុង​ឆ្នាំនេះតែម្តង ដែល ស្ថាបនកម្ម​ផ្ទាល់ នឹង​ចាប់ផ្តើម​ប្រព្រឹត្តទៅ។ ហើយផ្លែផ្កា​គម្រោងនេះ នឹង​បម្រើ​ដល់​ប្រយោជន៍ ទាំង​ប្រជាជន​បេឡារុស ទាំង​ប្រជាជន​ចិន”។

តាមពត៌មាន​ផ្តល់​ដោយ ខុទ្ទកាល័យ​រដ្ឋាភិបាល​បេឡារុស ក្រោយពីវា​ចាប់ដំណើរការ​ទៅ “ សួន​ឧស្សាហកម្ម “ នោះ នឹង​ជំរុញ​ដល់ការអភិវឌ្ឍន៍ វិស័យ​បែបយ៉ាង ផលិត​គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន ឧស្សាហកម្ម​គីមី ជីវវេជ្ជសាស្ត្រ គ្រឿង​បច្ចេកទេស​សម្រាប់ប្រើ​ក្នុង​ផ្ទះ វិស័យ អេឡិចត្រូនិក ជាដើម។

“សួន​ឧស្សាហកម្ម “ នឹង​លាតសន្ធឹង​លើផ្ទៃដី ដែលមាន​ផ្ទៃក្រឡា រហូតដល់​ជាង ៨០ គ.ម. ហើយ​តម្រូវ​ឲ្យ​បញ្ចូល​វិនិយោគ ក្នុង​ទឹកប្រាក់ ១៦.០០០លាន​ដុល្លារ​អាមេរិក ឯណោះ។

កត្តា​ដ៏សំខាន់​មួយទៀត គឺ​សំណង់​ថ្មីនោះ នឹង​ផ្តល់ កន្លែងធ្វើការ​យ៉ាងច្រើន ដល់​ប្រជាពលករ ប្រទេស​ទាំងពីរ។ នៅលើ​ដែនដី​នោះ នឹង​មាន​បង្កើត​ជា​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ការរស់នៅ​នៃ​ពួក​ផលិតករ​ចិន ក៏​ដូចជា​ផលិតករ​បេឡារុស។

ចំណែក​ផលិតផល​ផ្តល់​ដោយ អនាគត​មជ្ឈមណ្ឌល​រោងចក្រ​ដែល​នឹង អនុវត្ត​បច្ចេកវិជ្ជា​ទំនើប គឺ​នឹង នាំចេញ​ទៅកាន់​បណ្តា​ប្រទេស នៃ​សហគមន៍​រដ្ឋឯករាជ្យ ហៅកាត់ថា CEI និង​ទៅកាន់​បណ្តា​ប្រទេស​នៃ​សហភាពអឺរ៉ុប។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ថា ដំណឹង​ស្តី​អំពី ការចាប់ផ្តើម​សមិទ្ធិ​គម្រោង​រួមនោះ ត្រូវ​គូភាគី ប្រកាស គឺ​នៅចំពេល ដែល​នាប៉ុន្មានថ្ងៃនេះ ទាំង​នៅក្រុង ប៉េកាំង ទាំងនៅក្រុង Minsk ប្រព្រឹត្ត​ទៅ ពិធី​រំលឹក​ដល់​ខួប​គម្រប់​២០ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត រវាង ចិន និង បេឡារុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ